ព័ត៌មានជាតិ

ប្រយត្ន័អ្នកជិះម៉ូតូពេលយប់! ឌុបគ្នាចេញពីក្លឹប ហ្គោល ឡាញ ត្រូវគេព្រួតវាយសង្ស័យបម្រុងប្លន់ ចុងក្រោយក្លាយជារឿងគំនុំទៅវិញ!

ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូម៉ាកនិចមួយគ្រឿង ឌុបគ្នាចេញពីរាំកម្សាន្តក្នុងក្លឹប ហ្គោល ឡាញ បំណងត្រឡប់ទៅផ្ទះពេល ដល់ពាក់កណ្ដាលផ្លូវ ត្រូវជនសង្ស័យមួយក្រុម មានគ្នា៧ទៅ៨នាក់ ធ្វើសកម្មភាពព្រួតវាយសង្ស័យបម្រុងប្លន់យកម៉ូតូ តែមិនសម្រេចក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន៣នាក់ ទី១មានឈ្មោះ ជុំ សុីផាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្សមករៀនភាសារជប៉ុន (ជាម្ចាស់ម៉ូតូ) ទី២ឈ្មោះ ភុន ភារុណ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សមករៀនភាសារជប៉ុន ទី៣ឈ្នោះ ឈៀង សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សមករៀនភាសារជប៉ុន ។ អ្នកទាំង៣ស្នាក់បន្ទប់ជួលជាមួយគ្នាជិតកន្លែងកើតហេតុ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យបម្រុងវាយប្លន់តែមិនសម្រេចនោះម៉ាក ស៊ុយសាគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-6804 ។

បើតាមការរៀបរាប់ របស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង នាំគ្នាទៅរាំកម្សាន្តនៅក្លឹប ហ្គោល ឡាញ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ពេលដែលរាំចប់រូបគេនិងមិត្តភក្តិ២នាក់ទៀត បានបាននាំគ្នាជិះម៉ូតូមកផ្ទះមុន លុះពេលដែលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៧ទៅ៨នាក់ ជិះម៉ូតូ៣គ្រឿង មកពីក្រោយគប់ដុំថ្ម និងធាក់ម៉ូតូឲ្យដួល រួចវាយមកលើពួកគេទៀតផង។

ក្រោយពីកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្រសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ តែពេលដែលកម្លាំងសមត្ថកិច្ចមកដល់កន្លែងកើតហេតុ បែជានិយាយថា ជារឿងគុំនុំទៅវិញ។ ក្រោយមកទើបសមត្ថកិច្ចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់