ខុសពីតារាសម្ដែងភាគច្រើនដែលបានឡើងកូដ រមែងកាច់ចង្កេះ និងដំឡើងរឹកឲ្យសមនឹងទីផ្សារ សម្រាប់អ្នកនាងយីង ម៉ូលីកា បែរជាបានដាក់ខ្លួនមិនគួរឲ្យជឿ ដោយក្រៅពីទទួលសម្ដែងហើយ គឺបានសុំផលិតករធ្វើជាអ្នកផាត់មុខ និងធ្វើសក់ឲ្យតួដើម្បីបន្ថែមប្រាក់ចំណូលនោះផង។ នាងបានទាំងអះអាងថាមិនខ្មាស់ចំពោះអាជីពថ្មីរបស់ខ្លួននោះផង បើទោះជាមានតារាមួយចំនួនយល់ថាការទម្លាក់ខ្លួនគឺធ្វើឲ្យតម្លៃខ្លួនរបស់នាងអាចដើរថយក្រោយ។
អ្នកនាងយីវ ម៉ូលីកា និយាយថាខុសពីអ្នកផាត់មុខមួយចំនួនដែលក្រោយពីមានឱកាសបានដើរផាត់មុខឲ្យតារាហើយក៏ស្គាល់ផលិតករអាចសុំផលិតករបានថតរឿងខ្លះៗ សម្រាប់នាងបែរជាដើរបញ្ច្រាសទិសពីគេទៅវិញ ដោយសារតែនាងបានក្លាយជាតារាសម្ដែងដែលមានទីផ្សារសឹងនឹងរកពេលសម្រាកទៅហើយ តែបែរជាសុំផលិតករទទួលការងារខាងផ្នែកផាត់មុខឲ្យតួបន្ថែមមួយទៀត សម្រាប់ភាពយន្តដែលនាងត្រូវសម្ដែងហើយត្រូវបានផលិតករសុខចិត្តផ្ដល់កម្រៃផ្នែកផាត់មុខបន្ថែម។
នាងថាមនុស្សភាគច្រើនយល់ថាជំហររបស់នាងនឹងធ្វើឲ្យនាងធ្លាក់ចុះតម្លៃខ្លួនក្នុងពេលឡើងកូដ ប៉ុន្តែនាងមិនយល់បែបហ្នឹងនោះទេ ដោយបានអះអាងថាគឺជារឿងចំណេញដោយសារតែត្រូវទៅសម្ដែងក្នុងរឿងនោះផង ហើយអាចរកចំណូលពីជំនាញផាត់មុខនោះផង។
ក្នុងនោះនាងក៏មានតារាសម្ដែងច្រើនឡើងស្រឡាញ់ចូលចិត្តផងដែរ ដោយសារតែតារាទាំងនោះសុទ្ធតែចង់ឲ្យនាងជួយផាត់ឲ្យស្អាត និងតែងម៉ូដសក់ឲ្យស៊ីដើម្បីជួយលើកសម្រស់។ នាងថាខ្លួនចេះជំនាញផាត់មុខពីការហាត់រៀន និងការស្វែងយល់ពីការងារថតកន្លងមក ប៉ុន្តែបណ្ដាលមកពីមិនមានអ្នកដឹងទើបទាំងផលិតករ និងតារាសម្ដែងសុទ្ធតែចង់ស្រឡាំងកាំងក្នុងពេលដែលនាងស្រាប់តែឈោងចាប់អាជីពមួយនេះបន្ថែមមួយទៀត។
ហេតុផលដែលខាងផលិតករចាប់អារម្មណ៍ឲ្យនាងធ្វើការងារផាត់មុខក្នុងពេលថតរឿង គឺដោយសារតែពេលកន្លងមកនាងរមែងជួយផាត់មុខតួ និងធ្វើសក់ឲ្យតួតម្រូវតាមផលិតករចង់បាន ហើយដោយសារស្នាដៃរបស់នាងមានភាពលេចធ្លោរទើបកិច្ចការនេះត្រូវបានលេចឮពីមួយទៅមួយរហូតផលិតករសម្រេចយកនាងទៅផាត់មុខឲ្យតួមួយទៀត បន្ថែមពីលើការងារជាតារាសម្ដែងរបស់នាង។ យ៉ាងណាមិញ នាងទទួលស្គាល់ថាតារាមិនយល់ពីតម្លៃការងារមួយនេះខ្លះ ក៏មានអារម្មណ៍ពេបជ្រាយដែលនាងជាតួសម្ដែងដែលមានឱកាសបានសម្ដែងជាតួអង្គកាន់តែលេចធ្លោរក្នុងរឿងនីមួយៗចុងក្រោយ ស្រាប់តែមកយួរកាបូបតាមផាត់មុខឲ្យតួត្រុកៗនោះផងដែរ។
នាងថាការងារឲ្យតែមានឱកាសបានលុយ និងបង្កើនចំណេះជំនាញ នាងអត់ខ្វល់ថាការងារនោះមានក្រេឌីតបែបណានោះទេ ដោយនាងបានទាំងចាត់ទុកថាការមើលស្រាលថាការទទួលផាត់មុខឲ្យតួនឹងធ្វើឲ្យអាជីពសម្ដែងរបស់នាងធ្លាក់កូដ គឺជារឿងមិនត្រឹមត្រូវនោះផង បើទោះជាមានផលិតករខ្លះមិនហ៊ានលើកនាងឲ្យសម្ដែងជាតួធំក៏ព្រោះតែខ្លាចគេថាលើកអ្នកដើរយួរកន្ត្រកផាត់មុខឲ្យតួទៅធ្វើជាតួអង្គដូចខ្វះតារាសម្ដែង។ យ៉ាងណាមិញ នាងថាផលិតករមួយចំនួន ក៏កាន់តែផ្ដល់ឱកាសឲ្យនាងបានសម្ដែងជាតួអង្គធំផងដែរ ដោយសារតែយោគយល់ថានាងជាតារាមានការអត់ធ្មត់គោរពពេលវេលា និងមិនខ្មាស់ក្នុងការទទួលផាត់មុខឲ្យតួ ដោយទទួលផាត់មុខឲ្យតារាសូម្បីតែតួថ្មីមិនប្រកាន់ខ្លួន៕
មតិយោបល់