ព័ត៌មានសិល្បៈ និងកម្សាន្ត

អង្គរសង្គ្រាន ឆ្នាំនេះប្រកាសធ្វើធំ និងប្លែកជាងមុន

បើទោះជាបានទទួលជោគជ័យចំនួន៥លើករួចហើយក៏ដោយ ក៏អ្នករៀបចំកម្មវិធីអង្គរសង្ក្រាននៅតែបានប្រកាសថានឹងធ្វើកម្មវិធីឆ្នាំនេះអោយធំជាងមុន និងកក្រើកជាងមុន ដោយទម្រង់នៃការបង្ហាញសិល្បៈក៏ប្រកាសថានឹងប្លែកជាងមុនផងដែរ។ ក្នុងនោះអ្នករៀបចំកម្មវិធីនៅតែប្រកាសថាតារាសិល្បៈ និងភ្ញៀវទេសចរណ៍នឹងនៅតែបង្ហាញវត្តមានច្រើនមិនចាញ់ពីឆ្នាំកន្លងទៅឡើង បើទោះជាក្នុងឆ្នាំនេះនៅតាមបណ្ដាខេត្តមួយចំនួនក៏មានព្រឹត្តិការណ៍សង្ក្រានរបស់ខ្លួនផងដែរ។

លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋានក្រុមការងារប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០១៨ បានថ្លែងក្នុងវេទិកាសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៦ មីនា ថា ព្រឹត្តិការណ៍សង្ក្រានឆ្នាំនេះនឹងត្រូវធ្វើឡើងក្រោមប្រធានបទ«សារទរមរតកដូនតា»ដោយនឹងរៀបចំក្រម៉ាប្រវែង១០០០ម៉ែត្រ បំបែកឯកត្តកម្មលើលោក និងមានទម្រង់សិល្បៈបុរាណៗជាច្រើនទៀតខុសពីឆ្នាំមុនយកទៅបង្ហាញ។ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍នឹងរំលេចរូបតុក្កតាតំណាងឆ្នាំច២រូប គឺតុកក្កតាប្រុសហៅថា«បងសំណាង» និងតុក្កតាស្រីហៅថា«អូនសំណព្វ»។

លោកថាព្រឹត្តិការណ៍នឹងធ្វើអោយធំជាងឆ្នាំមុន ដោយតារាសិល្បៈក៏អញ្ជើញចូលរួមច្រើនឡើងជាងមុនផងដែរ ដើម្បីអោយកាន់តែកក្រើក និងទាក់ទាញពេញរយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃ១៤មេសា។ លោកបង្ហាញពីការត្រៀមខ្លួនរហូត៨ខែទម្រាំតែគិតចេញនូវទម្រង់ថ្មីៗដែលនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍សង្ក្រានឆ្នាំនេះ ខណៈដែលទម្រង់សិល្បៈបុរាណខ្លះ លោកថាគឺកូនខ្មែរ យុវជនខ្មែរមិនសូវបានស្គាល់ តែបានគាស់កកាយមកវិញ។

លោកហ៊ុន ម៉ានី ប្រធានគណកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រានបញ្ជាក់ថា បើទោះជានៅតាមបណ្ដាខេត្តមួយចំនួនដូចជាបាត់ដំបង ពោធិ៍សាត់ និងស្វាយរៀងជាដើម ក៏នឹងមានព្រឹត្តិការណ៍សង្ក្រានប្រចាំខេត្តរៀងខ្លួន តែលោកនៅតែអះអាងថានឹងមានអ្នកចូលរួមច្រើនដដែល ដោយសារតែការរៀបអង្គរសង្ក្រានឆ្នាំនេះ គឺមាននិមិត្តរូបយក្សៗជាច្រើនត្រូវបានបង្ហាញ ជាពិសេសគឺតុក្កតាបងសំណាង និងអូនសំណព្វ ដែលត្រូវធ្វើឡើងអោយទាក់ទាញនៅក្នុងពិធី។

លោកប្រកាសថាព្រឹត្តិការណ៍នេះ មិនត្រឹមតែបើកឱកាសអោយតារាសិល្បៈ និងមហាជនបានជួបជុំគ្នា នៅក្នុងតំបន់អង្គរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយអោយមានរំហូរទេសចរណ៍ និងជួយបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលប្រកបអាជីពវកម្មនៅក្នុងខេត្តនោះផងដែរ ទើបលោក និងក្រុមការងារប្រឹងប្រែងរៀបចំអោយប្លែកសម្រាប់ឆ្នាំនេះ ដោយលោកបញ្ជាក់ថា នឹងធ្លាប់ទៅកម្សាន្តអង្គរសង្ក្រានកាលពីឆ្នាំកន្លងទៅ នឹងរឹតតែប្លែកភ្នែកសម្រាប់ឆ្នាំនេះ៕

មតិយោបល់