ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម Red Picture ប្រកាសកុងត្រាជាមួយ CTN

យោងតាមខ្លឹមសារសន្និសីទសារព័ត៍មាន ដែលបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី២៧ សីហា គឺផលិតកម្ម Red Picture និង CTN បានសម្រេចចាប់ដៃគ្នាក្នុងរយ:ពេលវែង ដើម្បីបើកយុទ្ធនាការ លើកកម្ពស់ការផលិតភាពយន្តភាគឲ្យមានគុណភាព។ ក្រោយការប្រកាសនេះ ផលិតកម្ម Red Picture ត្រូវទទួលភារ:ផលិតរឿងភាគឲ្យ CTN ឲ្យបាន៤រឿងក្នុងមួយឆ្នាំ ចាប់ពីដើមឆ្នាំ២០១៨តទៅ។

លោក ជា ឌីណាង តំណាងផលិតកម្ម Red Picture បានអះអាងថា ដោយសារមើលឃើញពីការប្រឹងប្រែង របស់ផលិតកម្មលោក ទើប CTN សម្រេចកុងត្រាចាប់ដៃ ដើម្បីឲ្យផលិតកម្ម Red Picture បើកការផលិតរឿងភាគឲ្យមានគុណភាព ដើម្បីផ្គត់ផ្គង់ដល់ CTN សម្រាប់ម៉ោងមាស។ លោកថានេះជាលើកទី១ ដែលផលិតកម្មរបស់លោកទទួលបានចំណងកុងត្រាក្នុងរយ:ពេលវែងដោយមិនកំណត់ ដែលមិនខុសពីជួយឲ្យផលិតកម្ម Red Picture កាន់តែមានលទ្ធផលធំឡើង ក្នុងការរួមចំណែកជួយដល់វិស័យផលិតកុននៅកម្ពុជា។ លោកថាក្រោយកិច្ចព្រមព្រៀងនេះ ផលិតកម្មនឹងត្រៀមយ៉ាងហោច៣រឿង សម្រាប់ជំហានដំបូង ដោយលោកប្រកាសថា ផលិតកម្មមានរឿង ក្នុងដៃរួចរាល់អស់ហើយ សម្រាប់រឿងភាគក្នុងឆ្នាំដំបូង។

លោកថាសម្រាប់រឿងភាគ ផលិតកម្ម Red Picture នឹងផលិតផ្គត់ផ្គង់ឲ្យតែ CTN ហើយសម្រាប់រឿងដុំ គឺផលិតកម្មបានចាប់ដៃសហការជាមួយផលិតកម្មកងចក្រភាពយន្ត ដែលមានស្នាដៃផលិតរឿង “Jailbreak ការពារឩក្រិដ្ឋជន” ដើម្បីធ្វើឲ្យគុណភាពរបស់ភាពយន្តដែលបញ្ចាំងតាមរោង មានគុណភាព១០០ភាគរយ។ លោកថាកន្លងមកផលិតកម្ម Red Picture ធ្លាប់មានស្នាដៃច្រើនមកហើយ ដូចជារឿង ទង់ព្រលឹង និងរឿងភូមិអត់មនុស្សជាដើម។ អុីចឹងហើយ ទើបលោកប្រកាសថា ក្រោយកិច្ចព្រមព្រៀងដ៍សំខាន់មួយនេះ គឺផលិតកម្មនឹងមានទាំងភាពយន្តភាគ និងរឿងដុំទន្ទឹមគ្នា ដើម្បីលើកកម្ពស់ឩស្សាហ៍កម្មភាពយន្តនៅកម្ពុជា។ លោកក៍បានប្រកាសថា នឹងកាត់ចំណូលដែលបានពីផលចំណេញក្នុងការផលិតរឿងចំនួន១០ភាគរយ ដើម្បីជួយដល់សង្គមផងដែរ បើទោះជាមិនទាន់កំណត់ថា នឹងជួយដល់ផ្នែកណាមួយនៅឡើយ។

លោក Graham Harvey តំណាងទូរទស្សន៍ CTN បានអះអាងថា តាមរយ:កិច្ចកុងត្រាដែលបានធ្វើឡើងនេះ លោកសង្ឃឹមថា Red Picture នឹងផលិតភាពយន្តភាគដែលមានគុណភាព និងមានប្រជាប្រិយភាព ដើម្បីឲ្យ CTN មានភាពយន្តល្អៗប្រកួតប្រជែងម៉ោងមាស។ ក្នុងនោះលោកក៍ទទូចឲ្យតារាសម្ដែងនៅកម្ពុជា បង្កើនសមត្ថភាព ដើម្បីរួមគ្នាលើកស្ទួយដល់វិស័យភាពយន្តនៅកម្ពុជាផងដែរ។ ក្នុងពិធីសន្និសីទនោះ គេឃើញមានវត្តមានតារាល្បីៗ ជាច្រើនរូបបង្ហាញខ្លួន រួមមាន អ្នកនាងសារ៉ាយ សក្ខណា លោក ម៉ារ៉ា ប៑ុណ្ណា លោកខាន់ ជេមស៍ លោកប៉ែន ចំរ៉ុង អ្នកនាងប៉ែន សុផានី លោកបញ្ញាសិទ្ធិ អ្នកនាង ទូច ស្រីលក្ខណ៍ និងតារាល្បីៗជាច្រើនរូបទៀត៖

មតិយោបល់