ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ប្រកាសជំហរជាថ្មី រឿងដើរចេញពីហង្សមាស

ខណៈដែលមនុស្សជាច្រើននៅតែសង្ស័យថាកំពូលតារាចម្រៀងល្បីឈ្មោះអ្នកនាងពេជ្រ សោភា នឹងវេចបង្វិចដើរចេញពីហង្សមាសទៅរកទ្រនំមួយផ្សេងទៀត ដើម្បីគ្រងតំណែងជាខ្លាញីតែម្នាក់ឯងនៅលើភ្នំមួយ ស្របគ្នាដែលហង្សមាសចេះបញ្ចូលតារាចម្រៀងខ្លាំងៗមកពីផលិតកម្មផ្សេងអោយមកជ្រកនៅហង្សមាសធ្វើអោយការប្រកួតប្រជែងមានកាន់តែច្រើននោះ មានការលើកឡើងទៀតហើយថា នាងពិតជាវេចបង្វិចចាកចេញពីហង្សមាសដូចអ្វីដែលធ្លាប់ប្រកាសឡើងកាលពីលើកមុនជាក់ជាមិនខាន ក្នុងពេលដែលនាងក៏មានផលិតកម្មជាគូប្រជែងរបស់ហង្សមាសចង់បានដៃ១០ និងត្រូវមហាជនគិតថាទោះជានាងទៅជ្រកនៅផលិតកម្មណាក៏នៅតែល្បីខ្លាំងដោយមិនពិបាក។

ឆ្លើយតបនឹងការយល់ឃើញនេះ នាងបានបញ្ជាក់ជាថ្មីទៅកាន់អ្នកគាំទ្ររបស់នាងដែលនៅមានចម្ងល់ជុំវិញរឿងនេះ។

នាងបានបង្ហោះសារមួយខ្លីពាក់ព័ន្ធបញ្ហានេះថា«មនុសខ្ញុំពេលនេះយល់ច្បាស់ពីកន្លែងចាស់ មិនដោយសារលុយរត់ចោលកន្លែងចាស់នោះទេ ជាពិសេសកន្លែងដែលបង្កើតខ្ញុំអោយគេស្គាល់ កន្លែងចាស់មិនមែនជាស្ពានទេ តែជាកន្លែងដែលខ្ញុំត្រូវនៅរហូត!»។ ជាមួយគ្នានោះនាងក៏តែងបង្ហោះសរសើរពីក្រុមការងារនៅក្នុងផលិតកម្មហង្សមាសថាបានសហការជាមួយនាង ធ្វើអោយនាងកាន់តែកក់ក្ដៅក្រោយពីមានរឿងអន់ចិត្តម្ដងកាលលើកមុន ដែលធ្វើអោយនាងចង់បោះបង់អាជីពសិល្បៈនោះផងដែរ។ មិនខុសគ្នាដែរ ក្នុងជំនួបដោយផ្ទាល់ ក៏កំពូលតារាចម្រៀងយុវវ័យរូបនេះ នៅតែអះអាងថា នាងមិនចោលកន្លែងចាស់គឺហង្សមាសនោះទេ បើទោះជាមានគេថ្គក់រូបនាងដោយលក្ខខណ្ឌល្អៗ និងប្រាក់ចំណូលដែលល្អជាងទីតាំងដែលនាងជ្រកកោណ។ នាងនៅតែសរសើរថាហង្សមាសជាកន្លែងផ្ដល់កំណើត និងថាមិនចង់ទៅណាទៅណាទាំងអស់ បើទោះជាការងារដែលធ្វើរាល់ថ្ងៃគឺជៀសមិនផុតនឹងបញ្ហាប្រកួតប្រជែងគ្នាខ្លះៗ។

ជាមួយនឹងការប្រកាសនេះគឺច្បាស់ហើយថាពេជ្រ សោភាមិនចោលហង្សមាសនោះទេ បើទោះជានាងធ្លាប់បានបញ្ជាក់ថាក្រោយចប់ The Voice Cambodia រដូវកាលទី២គឺនាងនឹងដើរចេញ។ អ្វីដែលនាងកក់ក្ដៅបំផុតនោះ គឺខាងហង្សមាសបានទាំងអោយតំណែងនាងជាតារាសម្ដែងក្នុងភាពយន្តភាគដែលគ្រោងនឹងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនោះផង ទើបគេយល់ថាប្រជាប្រិយភាពរបស់តារាស្រីរូបនេះមិនងាយបាក់ស្រុតដូចមួយរយៈមុនទេ ក្នុងពេលដែលនាងគឺជាតារាដែលមានសមត្ថភាពផលិតបទល្អៗខ្លួនឯង ដោយមិនរង់ចាំការទម្លាក់របស់ផលិតកម្ម៕

មតិយោបល់