ព័ត៌មានជាតិ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពប្លន់មិនបានសម្រេច!

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយពីបានធ្វើសកម្មភាពយកដែកចុងស្រួចភ្ជង់ក និងវាយក្បាលជនរងគ្រោះ ដើម្បីប្លន់ម៉ូតូ តែមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣យប់ រំលងអាធ្រាត ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ អ៊ុយ បូរិន្ទ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០៦D ផ្លូវបរតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក និងម្នាក់ទៀតឈ្មោះ ស៊ឹម រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម១ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ចំណែកឯជនរងគ្រោះមានឈ្មោះ វង្ស សុភី ហៅហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ បានឲ្យជនរងគ្រោះឌុបពួកគេទៅយកម៉ូទ័រទៅលក់នៅម្ដុំប្រឡាយភ្លោះ ដែលស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្នុងតម្លៃឈ្នួល១ម៉ឺនរៀល នៅពេលដែលលក់ម៉ូទ័របានហើយ ពួកគេក៏បានឲ្យជនរងគ្រោះឌុបត្រឡប់ទៅផ្ទះវិញ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពដោយយកដែកចុងស្រួចមកភ្ជង់ក និងវាយក្បាលជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច។ ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ុយ បូរិន្ទ ហើយកម្លាំងសមត្ថកិច្ចយើង ក៏បាននាំជននោះមកកាន់អធិការខណ្ឌ ដើម្បីធ្វើការសួរនាំ។ បន្ទាប់ពីសួរនាំជនសង្ស័យរូបនេះរួចមក កម្លាំងសមត្ថកិច្ចយើងបានបើកប្រតិបត្តិការស្រាវជ្រាវជាបន្តទៀត រហូតដល់ម៉ោង៦ព្រឹក កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ស៊ឹម រ៉ាវី ព្រមទាំងបានដកហូតបានម៉ូតូជនរងគ្រោះមកវិញ គឺម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-7045 និងដែកចុងស្រួចដែលធ្វើសកម្មភាពនោះ មួយដើមផងដែរ។

ក្រោយមក កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់