ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! សារ៉ាយ សក្ខណា សុខចិត្តក្បត់ពាក្យសន្យា

ក្នុងពេលចាកចេញពីប្រទេសកម្ពុជាលើកចុងក្រោយកាលពីដំណាច់ខែកុម្ភៈ ដើមឆ្នាំ២០១៧ សារ៉ាយ សក្ខណា បានអះអាងថានាងនឹងទៅជ្រកកោននៅលើទឹកដីអាមេរិករហូតដល់ច្រើនឆ្នាំ ដោយសារតែនាងចង់រៀនភាសាអង់គ្លេស និងរស់នៅយកផ្សាំខ្លួនអោយបានជាប់លាប់នៅទីនោះផង កុំអោយចេះតែបន្តឡើងចុះៗស្រុកខ្មែរញឹកពេក។ យ៉ាងណាមិញនាងទើបតែបានឡើងទៅបានមិនដល់កន្លះឆ្នាំស្រួលបួលផង ស្រាប់តែលេចមុខគ្រឡឺមកាលពីចុងខែសីហា មុននេះ ដោយនាងអះអាងថាសុខចិត្តក្បត់ពាក្យសន្យាចំពោះខ្លួនឯងព្រោះតែនឹករលឹកម្ដាយ និងចង់ចុះមកថតកុនរក្សាប្រជាប្រិយភាពទាន់មានឱកាសរកលុយ។

សារ៉ាយ សក្ខណា និយាយថាហេតុផលដែលនាងសុខចិត្តត្រលប់មកស្រុកកំណើតវិញលើកនេះក្នុងពេលដែលទើបតែបានឡើងទៅបានមួយរយៈខ្លី គឺដោយសារនាងចង់យកកូនស្រីមកលេងឪពុកម្ដាយបង្កើតផង និងចង់មកថតកុនដែលនៅមានទីផ្សារនៅឡើយ។ នាងថារស់នៅទីនោះនាងមានអារម្មណ៍អផ្សុក ហើយម្យ៉ាងមកពីស្វាមីច្រើនតែចុះមកកម្ពុជាមើលខុសត្រូវជំនួញ និងទទួលធ្វើការងារលើជំនាញមេធាវីនៅស្រុកខ្មែរផង ទើបនាងសម្រេចចិត្តចុះមកម្ដងទៀត ដោយបានក្បត់ពាក្យសន្យាដែលបានប្រកាសប្រាប់ទស្សនិកជនថានឹងទៅយូរឆ្នាំ តែបានតែមួយរយៈក៏ចំមកវិញ។

នាងថាដំណើរចុះមកម្ដងគឺមានការងារសិល្បៈរត់ចូលជាហូរហែរហើយដោយសារគិតថាខ្លួននាងនៅមានទីផ្សារក្នុងស្រុកសម្រាប់ការថតស្ពត ដើរម៉ូដ និងថតរឿងផង ទើបនឹងមិនអាចចោលលុយហើយត្រូវតែក្បត់ពាក្យសន្យាមួយពេលសិន ដើម្បីរក្សាមុខមាត់ និងរកលុយទាន់នៅមានគេចង់ហៅ។ យ៉ាងណាមិញនាងថា គង់តែដល់ពេលមួយដែលត្រូវរស់នៅលើទឹកដីអាមេរិកក្នុងរយៈពេលយូរឆ្នាំមិនសូវបានចុះមកលេងស្រុកខ្មែរដូចអ្វីដែលធ្លាប់បានប្រកាសនោះទេ ជាពិសេសនៅពេលដែលកូនស្រីរបស់នាងដល់វ័យសិក្សាដែលត្រូវការនាងអោយមើលខុសត្រូវ។ នាងថាសុខចិត្តខុសពាក្យរបស់ខ្លួនបន្តិចចុះ តែមិនអាចចោលលុយ និងចោលកេរ្តិ៍ឈ្មោះដែលខំប្រឹងប្រែងនោះទេ ម្យ៉ាងមកពីនាងនៅតែចង់ពង្រឹងមុខជំនួញដែលទើបដំណើរការគឺហាងថែរក្សាសម្ផស្សផង ទើបនាងសម្ងំស្ងៀមនៅអាមេរិកមិនបានយូរ ហើយត្រូវចុះមកជាថ្មី។

នាងគម្រោងឡើងទៅអាមេរិកវិញ រហូតដល់អំឡុងចុងខែ១១ឯណោះ ដោយសារតែជាប់ថតរឿងដល់ទៅ២រឿងធំជាប្រភេទរឿងភាគរបស់ទូរទស្សន៍ និងរឿងដុំផ្សេងទៀត។

ក្នុងនោះសារ៉ាយ សក្ខណា ក៏នៅតែប្រកាន់ជំហរប្រច័ណ្ឌស្វាមី រាល់ពេលដែលលោកមេត្រីចុះមកត្រួតមុខជំនួញនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយនាងប្រកាសថាអោយតែបានដឹងថាស្វាមីរបស់នាងក្បត់នាងដូចជាលួចមានស្រីជាដើម គឺនាងនឹងដាក់ពាក្យលែងលះភ្លាម ដោយមិនសុខចិត្តឈឺចាប់ព្រោះតែរឿងស្វាមីក្បត់ចិត្តនោះទេ បើទោះជាស្វាមីរបស់នាងត្រូវគេដឹងថាជាមេធាវីដែលគ្រាន់តែអង្គុយពិភាក្សាការងារក្នុងមួយម៉ោងៗក៏បានចំណូលខ្ពស់៕

មតិយោបល់