ព័ត៌មានសេដ្ឋកិច្ច

មណ្ឌលផ្តល់ព័ត៌មានពីការចុះឈ្មោះបោះឆ្នោត បង្កើតជាលើកដំបូង នៅផ្សារទំនើប AEON

មណ្ឌលផ្តល់ព័ត៌មានស្តីពី ការចុះឈ្មោះបោះឆ្នោត ត្រូវបានបង្កើតដោយ គណ:កម្មាធិការជាតិរៀបចម្ការបោះឆ្នោត ដោយដាក់ទីតាំងនៅផ្សារទំនើប AEON ដើម្បីជម្រុញប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុបោះឆ្នោត បានចុះឈ្មោះគ្រប់ៗគ្នា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

មជ្ឈមណ្ឌលផ្តល់ព័ត៌មាននេះ ស្ថិតនៅជាន់ទី ១ នៃផ្សារទំនើបអ៊ីអន នឹងចាប់ផ្តើមពីថ្ងៃនេះ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីឲ្យសាធារណជន​ដែលបានទៅកាន់ផ្សារទំនើបនេះ បានសាកសួរ និងទទួលព័ត៌មានស្តីពី ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត។

ការសម្រេចជ្រើសរើសទីតាំងនេះ គឺដោយសារជាទីកន្លែងប្រមូលផ្តុំដោយ សាធារណជន មកពីគ្រប់មជ្ឈដ្ឋាន ពិសេសយុវជនដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត។

គួរជម្រាបដែរថា យោងតាមការប៉ាន់ប្រមាណរបស់ គ.ជ.ប ចំនួនពលរដ្ឋកម្ពុជា ដែលត្រូវចុះឈ្មោះថ្មី នៅក្នុងបញ្ជីឈ្មោះឆ្នាំ ២០១៧នេះ គឺមានជាង ១.៤លាននាក់ ហើយ គ.ជ.ប ក៏គ្រោងនឹងលុបឈ្មោះអ្នកបោះឆ្នោតជាង ៨ម៉ឺននាក់ ចេញពីបញ្ជី ដោយសារអ្នកទាំងនោះ បានទទួលមរណភាព និងត្រូវដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្នដោយសារជាប់ពិរុទ្ធនៅតុលាការ៕

មតិយោបល់