កាលពីព្រឹកថ្ងៃ២ ខែកញ្ញា ឌួង ហ្សូរីដា និងប្អូន បានរៀបចំពិធីបញ្ចុះសពឲ្យឆ្កែចិញ្ចឹមរបស់ខ្លួនដែលបានស្លាប់ មិនខុសពីធ្វើបុណ្យឲ្យមនុស្សនោះទេ ដោយក្រៅពីមានការសោកសង្រេងស្ទើរតែពេញមួយផ្ទះ នាងក៏បានសុំដីលោកមួយកន្លែងនៅវត្តព្រះធាតុដើម្បីឲ្យបញ្ចុះសពឆ្កែ និងមានព្រះសង្ឃមកធ្វើពិធីតាមព្រះពុទ្ធសាសនានោះផង។ នាង និងប្អូនៗ បានហៅឆ្លែដែលធ្វើបុណ្យឲ្យថាកូនៗ ដោយម្នាក់ៗត្រូវគេឃើញទ្រហោយំឡើងចង់ហើមភ្នែក។
សូម្បីម្ដាយរបស់នាង ដែលមានភារៈទៅប្រទេសថៃមិនបានមកចូលរួមធ្វើបុណ្យសពឲ្យឆ្កែនោះ ក៏បានបង្ហាញអារម្មណ៍រញ្ជួលចិត្តស្ដាយស្រណោះ និងបានហៅឆ្កែដែលបាត់បង់ជីវិតនោះថាចៅៗឡើងពេញមាត់ បង្ហាញពីការស្រលាញ់យ៉ាងកម្រជាមួយនឹងសត្វចិញ្ចឹមផងដែរ។
កាលពេលមិនទាន់ស្លាប់ ឆ្កែរបស់នាង ក៏ត្រូវគេឃើញមានការធ្វើពិធីខួបឲ្យផងដែរ ទើបអ្នកណាក៏សម្ដែងការភ្ញាក់ផ្អើល ដែលឌួង ហ្សូរីដា និង ប្អូន ស្រឡាញ់កូនឆ្កែចិញ្ចឹមរបស់ខ្លួនដល់ម្លឹង។ ជាក់ស្ដែងគ្រាន់តែឃើញទិដ្ឋភាពដែលនាងបង្ហោះ ក៏ចាត់ទុកថានាងជាសិល្បការិនីមួយរូប ដែលមានការអាណិតស្រឡាញ់សត្វចិញ្ចឹម មិនខុសពីស្រឡាញ់មនុស្សនោះដែរ៕
មតិយោបល់