ប្រភពព័ត៌មានបរទេសនានាបានផ្សាយថា តារាចម្រៀង និង ជាអ្នកនិពន្ធដ៏ល្បីល្បាញ Lady Gaga ថ្មីៗនេះបាន លុបចោលការប្រគុំតន្ត្រី នៅប្រទេស ឥណ្ឌូនេស៊ី ដោយសារបញ្ហាសុវត្ថិភាព បន្ទាប់ពីមាន ការគម្រាមថានឹងបង្កឲ្យមានអំពើហឹងសារពីសំណាក់ពួក មូស្លីម បើសិនជាតារាចម្រៀងនេះមកសម្តែងការប្រគុំតន្ត្រីដែលត្រូវបានដាក់ឈ្មោះថា ‹Born ThisWay Ball›។
ការប្រឆាំងនេះកើតមានដោយសារ ការមិនពេញចិត្ត របស់អ្នកកាន់សាសនាមូស្លីម ចំពោះការស្លៀកពាក់ និង ស្ទីលរាំបែបស៊ិចស៊ីជ្រុលហួសហេតុ របស់តារារូបនេះ ដោយពួកគេយល់ថា ភាពស៊ិចស៊ីរបស់នាង នឹងធ្វើឲ្យ ជះឥទ្ធិពល មិនល្អចំពោះយុវជនក្នុងប្រទេសដែលមានអត្រាអ្នកមូស្លីមច្រើនបំផុតនេះ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី មានប្រជាជន ៩០ភាគរយជាអ្នកកាន់សាសនា មូស្លីមនេះ។
ការប្រគុំតន្រីនេះរៀបចំដោយ Big Daddy ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មលើការលក់សំបុត្រ អ្នកផ្សព្វផ្សាយ និង ជាអ្នករៀបចំព្រឹត្តិការណ៍ផ្សេងៗ ទាក់ទងនឺងការកម្សាន្ត។ សំបុត្រត្រូវបានលក់បាន ៥២ ០០០សំបុត្រហើយគឺតែក្នុង ២ រឺ៣ថ្ងៃប៉ុណ្នោះ។ ប្រធានរបស់ Big Daddy បាននិយាយថា សំបុត្រទាំងអស់នឹងត្រូវសងប្រាក់វិញជូនចំពោះអតិថិជន។
មេដឹកនាំម្នាក់របស់ជនមូស្លីមដែលប្រឆាំងទាំងអស់នោះ គឺលោក Salim Alatas បាននិយាយថា “នេះជាជោគជ័យមួយ របស់អ្នកមូស្លីមឥណ្ឌូនេស៊ី” ហើយគាត់បានបន្តថា “សូមអរគុណដល់ព្រះជាម្ចាស់ ដែលការពារយើងពីបីសាចប្រភេទនេះ”៕
ដោយ៖បុរសដំណឹង
មតិយោបល់