នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ តារាចម្រៀងល្បីឈ្មោះ៤រូប រួមមានអ្នកនាង ពេជ្រ សោភា កញ្ញា សុខ ពិសី លោកចឺម និងលោកStep នឹងប៉ះគ្នានៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីធំមួយរបស់បងប្អូនជាពលករខ្មែរបម្រើការនៅក្រៅប្រទេស នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះជាការប៉ះគ្នាយ៉ាងកម្ររបស់អ្នកទាំង៤ ខណៈដែលការច្រៀងរាំរបស់ពួកគេ នឹងក្លាយជាការស្ទាបស្ទង់ទីផ្សារធំមួយក្នុងចំណោមពលករខ្មែរច្រើនពាន់នាក់នៅប្រទេសកូរ៉េ ក្នុងពេលដែលអ្នកទាំង៤សុទ្ធតែត្រូវបានអ្នកក្រៅស្រុកចូលចិត្តដូចគ្នា។
យោងតាមការប្រកាសរបស់ផេកពលករកូរ៉េ និងការទទួលស្គាល់របស់តារាចម្រៀងដោយផ្ទាល់ គឺតារាចម្រៀងទាំង៤ នឹងធ្វើដំណើរចាកចេញទៅច្រៀងនៅប្រទេសកូរ៉េក្នុងថ្ងៃ៥ ខែតុលា ឆ្នាំ២០១៧នេះហើយ ដើម្បីច្រៀងរាំក្នុងយុទ្ធនាការលក់សំបុត្រ និងរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងយកលុយមួយចំណែកជួយដល់សហគមន៍កុមារក្រីក្រនៅកម្ពុជា ដែលព្រឹត្តិការណ៍ត្រូវបានផ្ដើមឡើងដោយក្រុមពលករខ្មែរនៅក្នុងប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថាមិនមែនជាលើកទី១នោះទេ ដោយតារាចម្រៀងអ្នកនាងពេជ្រ សោភា ក៏ធ្លាប់ត្រូវបានគេអញ្ជើញទៅច្រៀងបែបនេះឡើងកក្រើកនៅទីនោះរួចមកហើយផងដែរ។ ប៉ុន្តែសម្រាប់ជំនួបប៉ះគ្នាជាមួយនាយចឺម កញ្ញាសុខ ពិសី និងលោក Step គឺជាលើកទី១សម្រាប់វេទិកាដែលនឹងច្រៀងរាំទាំងថ្ងៃនៅថ្ងៃទី៦ ខែតុលាឆ្នាំ២០១៧នេះ។
កញ្ញា សុខ ពិសី បានអះអាងថា នាងចេញទៅច្រៀងនៅក្នុងប្រទេសកូរ៉េនោះគឺចេញទៅជួយសុទ្ធសាធ ដើម្បីឲ្យបងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េទទួលបានអារម្មណ៍រីករាយ និងដើម្បីឲ្យព្រឹត្តិការណ៍ទាំងមូលទទួលបានថវិកាមកជួយដល់គន្ធបុប្ផា និងជួយដល់សហគមន៍ក្រីក្រនៅកម្ពុជាបានច្រើន។ កញ្ញានឹងពាំនាំចម្រៀងច្រៀងបទ ដោយក្នុងនោះ ក៏មានគម្រោងបកស្រាយបទចម្រៀងជាមួយនាយចឺមដែលជាដៃគូចម្រៀងរបស់ខ្លួនផងដែរ។ មិនខុសពីការអះអាងថារបស់កញ្ញា តារាចមៀង៣រូបផ្សេងទៀតក៏បានត្រឹមតែថ្លៃសំបុត្រយន្តហោះ និងការស្នាក់នៅប៉ុណ្ណោះ ដោយមិនបានទទួលកម្រៃច្រៀងរាំសម្រាប់ថ្ងៃទី៦ នៅក្នុងប្រទេសកូរ៉េនោះទេ។ អ្នកទាំង៤ត្រូវបានប្រកាសថានឹងវិលមកកាន់កម្ពុជាភ្លាមៗនៅថ្ងៃទី៧ តុលា ដោយសារតែនៅក្នុងស្រុកសុទ្ធតែមានការងារដកខ្លួនមិនរួច ជាពិសេសនាយចឺម និងអ្នកនាង ពេជ្រ សោភា។
មានការវិភាគថារវាងគូចម្រៀងសុខ ពិសី និងអ្នកនាងពេជ្រ សោភា តើអ្នកណានឹងលេចធ្លោជាងនៅក្នុងព្រឹត្តិការណ៍នោះ ប៉ុន្តែបើផ្អែកតាមការចេញច្រៀងរបស់អ្នកនាងពេជ្រ សោភា កាលពីមុន គឺអ្នកនាងបានយកបទនិពន្ធថ្មីរបស់ខ្លួន ដែលមានសកម្មភាពរាំរែកយ៉ាងសប្បាយផង ធ្វើឲ្យអ្នកទស្សនានៅទីនោះលោតកញ្ឆេងសម្បើមណាស់។ យ៉ាងណាមិញ នាយចឺម ដែលមានបទផ្ទុះៗមិនធម្មតានាពេលចុងក្រោយ និងសុខ ពិសី ក៏ពិតជានឹងទាក់ទាញក្នុងវេទិកានោះបានច្រើននោះដែរ នេះបើតាមការព្យាករណ៍ទុកមុនរបស់អ្នកគាំទ្រភាគច្រើន។ អ៊ីចឹងហើយទើបអ្នកណាក៏និយាយថាជំនួបប៉ះគ្នារបស់តារាចម្រៀងទាំង៤គឺពិតជាកក្រើកនៅប្រទេសកូរ៉េក្នុងចំណោមបងប្អូនជាពលករខ្មែរនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នោះ៕
មតិយោបល់