ព័ត៌មានសិល្បៈ និងកម្សាន្ត

ព័ត៌មានលម្អិតរបស់ ណូយ វ៉ាន់ណេត ត្រូវបិទ ក្រោយគ្រោះថ្នាក់ចរាចរណ៍

មកទល់ពេលនេះនៅមិនមានដំណឹងច្បាស់លាស់នៅឡើយទេ ជុំវិញសភាពរបួសរបស់លោក ណូយ វ៉ាន់ណេត ក្រោយពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយម៉ូតូធំកាលពីយប់ថ្ងៃទី៩ កញ្ញា នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ម្ដុំស្រែអំបិលត្រង់គីឡូម៉ែត្រ១៥១ ដែលក្នុងហេតុការណ៍នោះ បានបណ្ដាលអោយអ្នកបើកម៉ូតូម្នាក់ ត្រូវស្លាប់ភ្លាមៗ។

ទិន្នន័យចុងក្រោយបានត្រឹមតែអះអាងថា លោកត្រូវបញ្ជូនចេញទៅព្យាបាលក្នុងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែវីដេអូពីសភាពជំងឺរបស់់លោក ឬរូបថតណាមួយដែលបញ្ជាក់ថា លោកមានសភាពយ៉ាងមិច ហើយពិតជាត្រូវបញ្ជូនចេញដូចការប្រកាសនោះជាដើម គឺគ្មានតែម្ដង ខណៈដែលទូរស័ព្ទរបស់លោក និងភរិយាគ្រប់ខ្សែ ត្រូវបានបិទតាំងពីមានគ្រោះថ្នាក់ភ្លាមៗ ដែលហាក់ដូចជាមានបំណង មិនព្រមស្វាគមន៍ ចំពោះការសាកសួរណាមួយ។ អ្វីដែលធ្វើអោយគេងឿងឆ្ងល់ទៅទៀត គឺដំណឹងសម្រាកក្នុងមន្ទីរពេទ្យណារបស់លោក ក្រោយពេលគ្រោះថ្នាក់ភ្លាមៗ មិនត្រូវបានទម្លាយ ក្នុងពេលដែលក្មួយប្រុសរបស់លោក ដែលត្រូវដឹងថា នៅក្បែរលោកជាងគេ ក្រោយពេលគ្រោះថ្នាក់ក្រៅពីភរិយា និងកូនៗក៏ឆ្លើយថា មិនដឹងក្នុងពេលសម្ភាសន៍ នោះទៅទៀត។ ម្នាក់ៗមានការងឿងឆ្ងល់ក្នុងពេល ដែលតារាល្បីលំដាប់ប្រទេសមួយទាំងមូល គឺមានតែរូបថតប៉ុន្មានសន្លឹក ដែលថតបានក្នុងពេលគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែក្រោយពីហេតុការណ៍នោះ គឺទិដ្ឋភាពវីដេអូបង្ហោះ ឬរូបថតពីលោកស្រាប់តែស្ងាត់ជិតឈឹង ដោយមានត្រឹមតែការបញ្ជាក់យ៉ាងខ្លីថា លោកឈឺក្បាលក្រោយហេតុការណ៍ ហើយត្រូវបញ្ជូនចេញទៅកាន់មន្ទីរពេទ្យសុរិន្ទរបស់ថៃ កាលពីព្រឹកថ្ងៃទី១០ កញ្ញា តែសមាជិកគ្រួសារមិនអាចទាក់ទងសួរនាំបានទាំងអស់បែបនេះ។ តាមរយៈកេរ្តិ៍ឈ្មោះរបស់លោក គួរតែមាន វីដេអូ ឬរូបថតខ្លះៗ ក្នុងពេលត្រូវបញ្ជូនទៅសម្រាកនៅក្នុងមន្ទីរពេទ្យណាមួយ ឬបញ្ជូនចេញជាដើម ដោយមិនគួរស្ងាត់ឈឺដូចគ្នា នឹងការសម្ងំសម្រាកក្នុងផ្ទះបែបហ្នឹងនោះទេ។

យ៉ាងណាក៏ដោយមានការប៉ាន់ស្មានថា គ្រួសាររបស់លោកអាចមិនទាន់ចង់បញ្ចេញព័ត៌មានច្បាស់ ពីសភាពរបួស របស់លោកណូយ វ៉ាន់ណេត និងដើម្បីអោយខាងសមត្ថកិច្ច ធ្វើការដោះស្រាយជុំវិញការស្លាប់របស់អ្នកបើកម៉ូតូ ដែលបានស្លាប់ក្នុងហេតុការណ៍នោះ អោយបានល្អសិន ទើបសភាពរបស់លោក ណូយ វ៉ាន់ណេត ស្ងាត់ដូចចោរលួចសេះមកទល់ម៉ោងនេះ។ ក្នុងនោះហេតុការណ៍គ្រោះថ្នាក់ ដែលបណ្ដាលអោយស្លាប់ម្នាក់ភ្លាមៗនោះ ក៍មិនទាន់ដឹងថា សមត្ថកិច្ចនឹងចេញលទ្ធផលថា លោកមិនខុស១០០ភាគរយឬ បែបណានោះដែរ ទើបអ្វីៗមិនត្រូវបានស្វាគមន៍ការសម្ភាសន៍បែបនេះ៕

មតិយោបល់