ព័ត៌មានសុខភាព

ទោះប៉ូវកម្លាំងយ៉ាងណាក៏ដោយ បើជៀសបានគួរតែជៀសទៅ!

មនុស្សភាគច្រើនតែងតែចូលចិត្តហុតស៊ុតទាំងឆៅ ព្រោះវាអាចប៉ូវកំម្លាំង និងផ្តល់ថាមពលបានភ្លាមៗ ក៏ប៉ុន្តែអ្នកជំនាញហាមមិនឲ្យទទួលទានទាំងឆៅឡើយ។

តើបណ្តោលមកពីហេតុអ្វីទៅទើបអ្នកជំនាញហាមមិនឲ្យទទួលទានស៊ុតឆៅ?
បើយោងតាមការស្រាវជ្រាវបង្ហាញថា ស៊ុតឆៅពណ៌ស អាចបង្អាក់ដល់ដំណើរការរំលាយអាហារ បណ្តោលឲ្យកើតជំងឺខាន់ស្លាក់ ជាពិសេសកុមារ។ លើសពីនេះទៅទៀតការទទួលទានស៊ុតឆៅអាចមានបាក់តេរីជាច្រើនចូលទៅក្នុងខ្លួន ព្រោះយើងមិនអាចដឹងថា ស៊ុតណាដែលមានបាក់តេរី ឬគ្មានបាននោះទេ។

ខាងក្រោមនេះ គឺជាផលប៉ះពាល់អវិជ្ជមាននៃការទទួលទានស៊ុតឆៅ៖

កាត់បន្ថយការស្រូបយកប្រូតេអ៊ីន
ការស្រាវជ្រាវបានបង្ហាញថា ប្រូតេអ៊ីននៅក្នុងស៊ុតឆ្អិនអាចស្រូបបានលឿនជាងប្រូតេអ៊ីននៅក្នុងស៊ុតឆៅ។ ប្រហែលជា៩០ភាគរយ នៃប្រូតេអ៊ីននៅក្នុងស៊ុតឆ្អិន ត្រូវបានរាងកាយស្រូបយ៉ាងងាយ ខណៈដែលប្រូតេអ៊ីននៅក្នុងស៊ុតឆៅរាងកាយអាចស្រូបត្រឹមតែ៥០ភាគរយតែប៉ុណ្ណោះ។ ដូច្នេះហើយ ការទទួលទានស៊ុតឆៅអ្នកមិនអាចស្រូបយកប្រូតេអ៊ីនបានច្រើននោះឡើយ។

រាំងស្ទះដល់ការស្រូបយកវីតាមីន
ស៊ុតឆៅមានផ្ទុកប្រូតេអ៊ីន avidin ដែលអាចរារាំងដល់រាងកាយមិនឲ្យស្រូបយកវីតាមីនB7 ដែលរលាយនៅក្នុងទឹកបានឡើយ។ លើសពីនេះទៅទៀត ការទទួលទានស៊ុតឆៅ អាចបណ្តោលឲ្យមនុស្សមួយចំនួនមានអាការៈដូចជា ក្អួត រលាកអណ្តោត រលាកភ្នែក រលាកជុំវិញក្រចក…។

អាចចម្លងមេរោគបាក់តេរី
ស៊ុតឆៅ និងស៊ុតចម្អិនមិនបានឆ្អិនល្អ អាចមានផ្ទុកបាកតេរី ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ បាក់តេរីទាំងនេះ មិនត្រឹមតែគេរកឃើញនៅលើសំបកនោះទេ សូម្បីតែក្នុងស៊ុតក៏មានដែរ។

ការសិក្សាជាច្រើនបានបញ្ជាក់ថា នៅក្នុងស៊ុតឆៅមានផ្ទុកបាក់តេរីម្យ៉ាងដែលមានឈ្មោះថា salmonella អាចបង្កឲ្យអ្នកទទួលទានពុលបាន។ មនុស្សដែលងាយទទួលរងគ្រោះពីមេរោគ salmonella រួមមានទារក និងកុមារតូចៗដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។ ចំពោះស្ត្រីមានផ្ទៃពោះ ករណីដែលឆ្លងមេរោគ salmonella នៅក្នុងស្បូនអាចបណ្តោលឲ្យកូនកើតមិនគ្រប់ខែ។

លើសពីនេះទៅទៀត មនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ អាចបង្កើនហានិភ័យនៃការពុលកាន់តែខ្លាំង។ ជាពិសេសចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ការឆ្លងមេរោគអេសដ៍ និងជំងឺមហារីកស្បែក គួរតែជៀសវាងស៊ុតឆៅ៕

ប្រភពៈ soha

មតិយោបល់