ព័ត៌មានសិល្បៈ និងកម្សាន្ត

លន់ ស៊ីឡូ ចេញOriginal Song រាំវង់ លាយរ៉េប សាកចិត្តអ្នកគាំទ្រ

ក្រោយពីទទួលបានការគាំទ្រក្នុងបទចម្រៀងនិពន្ធថ្មីកាលពីពេលថ្មីៗ តារាចម្រៀងលោក លន់ ស៊ីឡូ បានចេញមួយបទទៀតហើយ ដោយបទនិពន្ធថ្មីនេះស្ដាប់ហើយប្លែកត្រចៀកតែម្ដង ដោយសារតែលោកបានច្រៀងពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំ ហើយជ្រើសយកចង្វាក់រាំវង់ តែលាយរ៉េបម៉ាអម។ យ៉ាងណាមិញ បទចម្រៀងមួយបទនេះ លោកគ្រាន់តែចង់ស្ទាបស្ទង់ទីផ្សារសម្រាប់ចម្រៀងដែលមានចង្វាក់ប្រពៃណី ហើយលាយចង្វាក់រ៉េបតែប៉ុណ្ណោះ ដើម្បីដឹងថាតើត្រូវបន្តផលិតចង្វាក់បែបនេះបន្តទៀត ឬយ៉ាងណា?

តារាចម្រៀងមកពីខេត្តត្បូងឃ្មុំរូបនេះ ត្រូវបានគេស្គាល់ច្រើនមកហើយតាមរយ:បទ«កម្ពុជា-សៀមរាបសូមស្វាគមន៍» ដោយមិនទាន់រាប់បញ្ចូលបទOriginal Song ដែលលោកចេញបើកឆាកក្នុងអាជីពសិល្ប:ដំបូង ហើយទទួលបានការពេញនិយមយ៉ាងច្រើននៅឡើយផង។ លោកអះអាងថាបទចម្រៀងដែលកែច្នៃចង្វាក់រាំវង់លាយឡំនឹងរ៉េប ហើយត្រូវនឹងបរិយាកាសក្នុងអំឡុងបុណ្យភ្ជុំនេះមានចំណងជើងថា«ជួបស្នេហ៍ខែភ្ជុំបិណ្ឌ» ដោយលោកបញ្ជាក់ថានេះជាបទទី១ដែលលោកចេញច្រៀងបែបរសជាតិថ្មី ដើម្បីរំលេចចង្វាក់របស់ខ្មែរផង និងដើម្បីចូលរួមលើកស្ទួយពិធីបុណ្យប្រពៃណីរបស់ខ្មែរផង គឺខែភ្ជុំតែម្ដង។ លោកថាមួយបទនេះមិនមែនផលិត និងច្រៀងដោយលោកម្នាក់ឯងនោះទេ គឺមានការផលិត និងកែច្នៃសាច់ភ្លេងដោយអ្នកជំនាញផ្នែកតន្ត្រីនៅពីក្រោយ ចំណែកលោកគឺគ្រាន់តែច្រៀង និងធ្វើឲ្យកាន់តែប្លែកជាមួយការបត់បែនទឹកដមសំឡេងឲ្យត្រូវនិងចង្វាក់រាំវង់ផង និងរ៉េបផងប៉ុណ្ណោះ។ លោកអះអាងថាមួយបទដ្បិតថាមិនដូចចម្រៀងOriginal មុនៗដែលលោកបកស្រាយ ប៉ុន្តែវាមិនមានឧបសគ្គសម្រាប់ការច្រៀងរបស់លោកនោះទេ ដោយសារតែចង្វាក់បែបប្រពៃណី និងចង្វាក់រ៉េប គឺសុទ្ធតែជាជំនាញ និងជាចំណូលចិត្តរបស់លោកទាំងអស់។

យ៉ាងណាមិញ លោកថាការផលិតមួយបទនេះ គឺគ្រាន់តែចង់ស្ទាបស្ទង់ទីផ្សារប៉ុណ្ណោះ ដ្បិតពេលកន្លងមកលោកហាក់កត់សម្គាល់ថាខ្លួនជោគជ័យជាមួយបទបែបរ៉េបសុទ្ធៗ និងបទបែបមនោសញ្ចេតនាច្រើនជាង។ ក្នុងនោះលោកក៏មិនទាន់ច្បាស់ថានឹងផលិតបទ«ជួបស្នេហ៍ខែភ្ជុំបិណ្ឌ»ជាMV នោះដែរ ក្នុងពេលដែលបទមួយនេះត្រូវត្រឹមតែបរិយាកាសខែភ្ជុំដែលក្នុងពេលនេះគឺជិតផុតរហូតទៅវត្តទៅហើយ។ លោកនិយាយថាមកពីលោកមិនមានគម្រោងពីចម្ងាយ ទើបចម្រៀងOriginal Song មួយនេះទើបតែចេញបង្ហោះនៅអំឡុងខែភ្ជុំ ដែលលោកបញ្ជាក់ថាបើចំណាយការផលិតជាMV អាចយឺត៕

//youtu.be/Rj8hUDgN_DA

មតិយោបល់