ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនទាន់កើតផង កូនប្រុស សឿ សុធារ៉ា បានកាដូម៉ាអេម!

បើទោះជាអ្នកនាង សឿ សុធារ៉ា ត្រូវគេកត់សម្គាល់ថាធ្លាក់ចុះប្រជាប្រិយភាពគួរអោយកត់សម្គាល់នាពេលចុងក្រោយយ៉ាងណាក៏ដោយ ក៏ដំណឹងពរពោះកូនប្រុសប្រមាណជា៥ខែរបស់អ្នកនាងនៅតែមានការចាប់អារម្មណ៍ពីសំណាក់មហាជនមិនខុសគ្នាដដែល។

អ្វីដែលគេកោតសរសើរនោះគឺកូនប្រុសរបស់អ្នកនាង ត្រូវបានមន្ទីរពេទ្យឯកជនធំមួយហ៑ានបោះទុនរាប់ពាន់ដុល្លារក្នុងការតាមដានសុខភាព និងផ្ដត់ផ្គង់លើការមើលថែ តាំងពីកូនរបស់អ្នកនាងទើបទុំពោះ រហូតដល់វះកាត់សម្រាល និងក្រោយពេលសម្រាលផង ដោយមិនអោយអ្នកនាងចំណាយមួយសេននោះទេ ដ្បិតថាអ្នកនាងស្រុតចុះប្រជាប្រិយភាពទៅហើយក៏ដោយ។

ប្រភពពីអ្នកជិតស្និទ្ធិអ្នកនាងសឿ សុធារ៉ា និយាយថា បើទោះជាអ្នកនាងមិនហក់ចូលវិស័យសិល្បៈដូចមុន ក៏មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ដែលធ្លាប់ផ្ដល់សេវាមើលថែអ្នកនាងកាលពីពរពោះកូនដំបូង នៅតែបានកុងត្រាផ្គត់ផ្គង់ និងបង្កើតកូនអោយអ្នកនាងក្នុងពេលដែលអ្នកនាងមានកូនប្រុសទី២នេះមិនខុសមុនដដែល។ ទាំងការតាមដានសុខភាព និងថ្លៃវះកាត់ជាដើម មានការអះអាងថាមិនក្រោមរាប់ពាន់ដុល្លារនោះទេ ដោយសារតែមន្ទីរពេទ្យឯកជនមួយនេះបានយល់ព្រមផ្ដល់អោយអ្នកនាង និងកូនប្រុសក្នុងផ្ទៃនូវការថែទាំងក្នុងលក្ខណៈVIPទាំងអស់ តែតម្រូវអោយអ្នកថតផ្សាយមួយចំនួនជាថ្នូរត្រឡប់មកវិញដើម្បីមន្ទីរពេទ្យមានសិទ្ធិប្រើរូបរបស់អ្នកនាងទាំងពេលពរពោះ និងវះកាត់សម្រាលកូនផ្សព្វផ្សាយពីសេវាកម្មមន្ទីរពេទ្យរបស់ខ្លួន។

ប្រភពនោះបន្តថា អ្នកនាង សឿ សុធារ៉ា ធ្លាក់កូដជាងមុនក៏ពិតមែន ប៉ុន្តែមន្ទីរពេទ្យធំមួយនោះនៅតែចង់បានអ្នកនាងអោយធ្វើជាតំណាង ដោយខាងមន្ទីរពេទ្យបានទាក់ទងស្នើផ្ដល់កញ្ចប់នូវការថែទាំទាំងនោះអោយអ្នកនាងតែម្ដងមិនខុសពីពេលអ្នកនាងនៅល្បីខ្លាំង។

អ៉ីចឹងហើយទើបតារាស្រីរូបនេះត្រូវគេឃើញចេញចូលមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈនៅម្ដុំទួលគោកយ៉ាងកាលីប ក្នុងពេលដែលមន្ទីរពេទ្យនេះគឺមានតែអ្នកមានធូរធារទើបមានលទ្ធភាពចេញចូល។

អ្នកនាងក៏ត្រូវគេអះអាងថាសប្បាយចិត្តណាស់ដែរ ដែលបានកូនទី២ជាកូនប្រុស ខណៈដែលកូនទី២នេះ ក៍ជួយបន្សាបចំណងស្នេហ៍បាក់បែករបស់អ្នកនាង និងជួយអោយមហាជនងាកមកចាប់អារម្មណ៍អ្នកនាងវិញ ក្រោយពេលស្ងាត់ឈឹងមួយសន្ទុះធំទៅហើយ។ រាល់ថ្ងៃអ្នកនាងសម្ងំតែនៅថែទាំសុខភាពប៉ុណ្ណោះ ប៉ុន្តែអ្នកនាងក៏ធ្វើអោយមានការងឿងឆ្ងល់ផងដែរ ដែលសកម្មភាពសិល្បៈគឺអ្នកនាងបោះចោលទាំងស្រុង ហើយចំពោះលោកសាពូន មីដាដា ក៏បោះបង់សិល្បៈមិនខុសគ្នា ប៉ុន្តែបើក្រឡេកទៅមើលជីវភាពរបស់អ្នកនាងវិញគឺហ៊ឺហារប្លែក រាប់តាំងពីការប្រើរថយន្តតម្លៃជាង១៨ម៉ឺនដុល្លារឡើងផ្អើលអ្នកធ្លាប់រាប់អាននោះផង។

យ៉ាងណាមិញ អ្នកនាង និងស្វាមី នៅតែឃើញបង្ហោះរូបផ្អែមល្ហែមជាមួយគ្នាជាប្រចាំ បើទោះជាមានអ្នកខ្លះយល់ឃើញដោយឡែកៗពីគ្នាពីទំនាក់ទំនងរបស់អ្នកនាង និង លោក សាពូន មីដាដា នៅឡើយ។

អ្នកនាង សឿ សុធារ៉ា ធ្លាប់បានបញ្ជាក់ថាអ្នកនាងចង់បានកូនប្រុសខ្លាំងណាស់ ហើយទំនងជាមានកំណើតកូនប្រុសនេះហើយ ដែលអ្នកនាងបាត់មុខឈឹងតែម្ដង ដោយមិនបង្ហាញមុខទាំងក្នុងកម្មវិធីសិល្បៈ ដោយអ្នកជិតស្និទ្ធបញ្ជាក់ថាអ្នកនាងមិនសូវហ៊ានដើរទេ ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ និងដោយសារតែអ្នកនាងមានអាការៈចាញ់កូនធ្វើទុក្ខផង។
អ្នកនាងត្រូវបានគេបញ្ជាក់ថាមិនបានរស់នៅក្នុងផ្ទះដែលស្ថិតនៅម្ដុំទួលទំពូងទៀតទេ ហើយអ្នកនាងក៏ប្រហែលជាចោលសិល្បៈទាំងស្រុងនោះដែរ ក្រោយពេលបានក្លាយជាម្ដាយរបស់កូនប្រុសម្នាក់ទៀតនៅក្នុងពេលនេះ៕

មតិយោបល់