ព័ត៌មានសិល្បៈ និងកម្សាន្ត

មុននាំប្ដីទៅបារាំង ខាត់ សុឃីម ឆ្លៀតដាក់មួយប្រ៉ាវយកល្បីទៀត

មិនខុសពីការសន្យា អ្នកនាង ខាត់ សុឃីម បានបញ្ចេញបទថ្មីរបស់ខ្លួនអន្ទងចិត្តអ្នកស្ដាប់ទៀតហើយ តាមរយៈបទចម្រៀងដែលមានចំណងជើងថា«ទឹកចិត្តបងស្រី»ដែលអ្នកនាងអះអាងថាជាបទចម្រៀងដកស្រង់ពីខ្លឹមសារទាំងស្រុងរបស់អ្នកនាងដែលបានកើតមកជាបងស្រីនៅក្នុងគ្រួសារ ហើយត្រូវលះបង់គ្រប់យ៉ាងដើម្បីគ្រួសារដោយត្រូវចេញរកលុយតាំងពីក្មេង និងមិនបានសូម្បីតែការសិក្សាជ្រៅជ្រះ។ អ្នកនាងថានេះជាស្នាដៃដែលអ្នកនាងរៀបរាប់ពីជីវិតពិតរបស់ខ្លួន តែក៏មិនមែនត្រូវតែបរិបទរបស់អ្នកនាងម្នាក់ឯងនោះដែរ គឺមានជីវិតបងស្រីភាគច្រើនបានហែលឆ្លងដូចអ្នកនាង។

ចម្រៀងមួយបទនេះ អ្នកនាងបញ្ជាក់ថានឹងថតជា MV តាមលំនាំជីវប្រវត្តិរបស់ខ្លួន ហើយអ្នកនាងក៏យកបទនេះទៅអន្ទងចិត្តអ្នកស្ដាប់នៅក្នុងទឹកដីបារាំង ដែលអ្នកនាង និងស្វាមីត្រូវចេញសម្ដែងនៅអំឡុងចុងខែកញ្ញានេះផងដែរ។

អ្នកនាងថាមួយបទនេះគ្រាន់តែចេញបង្ហោះភ្លាម គឺមានអ្នកសរសើរអ្នកនាងតែម្ដង ជាពិសេសអ្នកមានជីវិតជាបងស្រីគេ ដែលត្រូវលះបង់អោយប្អូនៗយ៉ាងលំបាកទម្រាំអាចធ្វើអោយគ្រួសាររឹងមាំ។

អ្នកនាងថាជីវិតបងស្រី បើខ្វះការតស៊ូមិនអាចអោយប្អូនបានរៀនដល់ចប់នោះទេ ដោយសារតែភាពជាក់ស្ដែងគឺបន្ទាប់ពីឪពុកម្ដាយ គឺបងស្រីនេះហើយដែលជួយសម្រួលបន្ទុករបស់គ្រួសារបានច្រើនជាងគេ។ អ៉ីចឹងហើយបានជាបងស្រីខ្លះមិនមានវាសនាខ្ពស់មុខខ្ពស់មាត់នោះទេ ដោយសារតែត្រូវរ៉ាប់រងបន្ទុកក្នុងដៃ។ អ្នកនាងផលិតបទនេះគឺដើម្បីលើកទឹកចិត្តបងស្រីទូទៅ ហើយក៏ចង់ដាស់តឿនអោយប្អូនៗទាំងអស់អោយតម្លៃបងស្រី និងចេះគោរពនូវការលះបង់របស់បងស្រីក្រោយពេលប្អូនៗទាំងនោះរឹងដៃរឹងជើងផងដែរ។

អ្នកនាងសប្បាយចិត្តដែលចម្រៀងមួយបទនេះមានការគាំទ្រ ដែលការគាំទ្រនេះគឺស្របនឹងបរិបទដែលអ្នកនាងត្រូវដឹកដៃស្វាមីចេញទៅបារាំងតែម្ដង៕

មតិយោបល់