ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្វាគមន៍ចំពោះការដាក់ទណ្ឌកម្មថ្មី របស់អន្តរជាតិលើកូរ៉េខាងជើង ជុំវិញតេស្តនុយក្លេអ៊ែរ

កូរ៉េៈ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានស្វាគមន៍ចំពោះការអនុម័តទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ របស់ប្រទេសឯកាមួយនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

អ្នកនាំពាក្យប្រធានាធិបតី លោក Park Soo-hyun បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការិយាល័យខ្លួន សូមគាំទ្រយ៉ាងពេញទំហឹង ទៅលើដំណោះស្រាយថ្មីលេខ ២៣៧៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងរយៈពេលដ៏ខ្លី ដើម្បីឆ្លើយតបទៅនឹងរឿងគឃ្លើនបាញ់អាវុធប្រល័យលោករបស់ក្រុងព្យុងយ៉ាង ។

ទណ្ឌកម្មថ្មីនេះ នឹងកាត់បន្ថយការនាំចូលប្រេងរបស់កូរ៉េខាងជើង ព្រមទាំងហាមឃាត់រាល់ការនាំចេញវាយនភ័ណ្ឌ និងមិនអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀងការងារថ្មី ឬបន្ថែម សម្រាប់កម្មករកូរ៉េខាងជើងនៅក្រៅប្រទេសទ្បើយ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅ កូរ៉ខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរមួយ ដ៏មានសក្ដានុពលបំផុតរបស់ខ្លួន ដោយរបបនេះ បានអះអាងថា វាជាគ្រាប់បែកបរមាណូអ៊ីដ្រូសែន ដែលអាចបំពាក់នៅលើមីស៊ីលផ្លោងអន្តរទ្វីប (ICBM)៕

មតិយោបល់