ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អានីតា បុរសចិនឲ្យជាង១០ម៉ឺនដុល្លារ បើកហាង

ភ្នំពេញៈ បើទោះជាតារាសម្ដែងអ្នកនាង អានីតា នៅមិនទាន់សម្រេចចិត្តទទួលស្គាល់ថា រវាងនាង និងបុរសជនជាតិចិនម្នាក់ គឺជាសង្សារនឹងគ្នា ក៏តារាស្រីរូបនេះ បានអះអាងថា លោក គឺជាមនុស្សតែម្នាក់ ដែលផ្ដល់ឲ្យនាងប្រមាណជាង១០ម៉ឺនដុល្លារ ដើម្បីឲ្យនាងបើកហាងមួយ។ នាងបានបញ្ជាក់បែបនេះ ក្នុងពិធីបើកហាងសាឡនយីហោ «VIP ស៊ែឡន» កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ។

អ្នកនាង អានីតា បាននិយាយថា ហាងសាឡនដែលនាងប្រកាសដំណើរការនេះ គឺជាការចាត់ចែងរបស់បុរសជនជាតិចិន ដែលនាងសុំប្រើពាក្យថា ជាដៃគូជំនួញនៅឡើយ។ យ៉ាងណាមិញ នាងបានទទួលស្គាល់ថា រវាងលោក និងនាង ពិតជាកាន់តែយល់ចិត្តថ្លើមគ្នា ទើបបណ្ដាលឲ្យលោកបោះប្រាក់ឲ្យនាងបើកសាឡនដែលទម្រាំដល់ថ្ងៃដំណើរការ គឺអស់ប្រាក់ជាង១០ម៉ឺនដុល្លារទៅហើយ នៅមិនទាន់រួចរាល់។ នាងថា ហាងដែលបើកដំណើរការនេះ មាន២ទីតាំង តែស្ថិតនៅលើបណ្ដោយផ្លូវសុធារស ម្ដុំប៊ូឌីងដូចគ្នា ដោយគ្រាន់តែហាងមួយនាងផ្ដោតតែលើសេវាធ្វើក្រចក និងហាងមួយទៀត គឺផ្ដោតលើការធ្វើសក់ និងផាត់មុខជាដើមប៉ុណ្ណោះ។ ក្នុងនោះ ក៏មានសេវាម៉ាស្សា និងលក់ផលិតផលសម្រស់ផងដែរ ទើបបណ្ដាលឲ្យការបោះទុនចេះតែអស់ច្រើនទៅ។ នាងថា ក្រោយការបើកហាងនាងនៅតែទទួលសម្ដែងរឿងដដែលទេ បន្ទាប់ពីបានលេចធ្លោក្នុងរឿង «ណារ៉ូ និងសុម៉ាលី» និងរឿង «កូនក្រមុំ២៥០០» មុននេះ។ នាងនិយាយថា នេះមិនមែនជាមុខជំនួញលើកដំបូងរបស់ខ្លួននោះទេ ដោយសារតែពេលកន្លងមកអ្នកនាង ក៏ធ្លាប់បើកហាងលក់សំលៀកបំពាក់ និងហាងសាឡនខ្នាតតូចពីមុនផងដែរ។

គួរបញ្ជាក់ថា អានីតា គឺជាតារាសម្ដែងដែលធ្លាប់មានឈ្មោះបោះសំឡេងម្នាក់ ប៉ុន្តែនាងបានដកខ្លួនទៅបើកជំនួញ និងទើបតែបានលេចមុខជាថ្មី ក្នុងប្រមាណជាមួយឆ្នាំចុងក្រោយ។ អញ្ចឹងហើយ ទើបម្នាក់ៗ កោតសរសើរជោគជតារបស់តារាស្រីរូបនេះ ដែលត្រូវបុរសជនជាតិចិន ស្រឡាញ់ពេញចិត្តរហូតប្រគល់ប្រាក់ជាង១០ម៉ឺនដុល្លារ ឲ្យធ្វើថៅកែស្រីធំដុំក្នុងហាង «VIP ស៊ែឡន» នាពេលនេះ៕

មតិយោបល់