កាលពីល្ងាចថ្ងៃទី១២ កញ្ញា តារាម៉ូដែលថៃ៣រូប និងម៉ូដែលខ្មែរ៤រូបបានបង្អួតសម្លៀកបំពាក់ដែលកែច្នៃដោយជាងជំនាញមកពីប្រទេសថៃចំនួន៧ម៉ូត ដោយម៉ូតទាំងនោះត្រូវបានប្រកាសថាមានតម្លៃរហូតដល់ខ្ទង់រយដុល្លារឯណោះ។ ជំនួបរវាងតារាទាំង២ប្រទេសនេះ ត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ Thailand Fashion & Lifestyle 2017 នៅប្រទេសកម្ពុជា ដោយក្នុងពិធីនោះមានគោលបំណងតែមួយគត់គឺបង្ហាញស្នាដៃច្នៃប្រឌិតសម្លៀកបំពាក់ប្លែករបស់អ្នកជំនាញថៃដើម្បីចែករំលែកដល់អ្នកច្នៃម៉ូតនៅកម្ពុជា និងដើម្បីអបអរការដាក់តាំងបង្ហាញផលិតផលថែរក្សាសម្រស់ និងទំនិញម៉ាកល្បីប្រចាំប្រទេសថៃនៅផ្សារទំនើបអ៉ីអន។
អ្នករៀបចំកម្មវិធីបានអះអាងថា ដោយនៅផ្សារទំនើបអ៉ីអនរបស់កម្ពុជាមានការរៀបចំពិពណ៌ផលិតផលថៃដែលមានប្រភេទម៉ាកប្រេនៗពេញរយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ កញ្ញា ទើបអ្នកជំនាញច្នៃម៉ូតរបស់ថៃសម្រេចនាំយកតារាថៃ៣រូបដែលជាតារាម៉ូដែលនៅក្នុងពិភពបង្ហាញម៉ូតអោយមកបង្ហាញម៉ូតនៅកម្ពុជា ដោយបានទាំងនាំម៉ូតដែលមានតម្លៃថ្លៃៗក្រោមការច្នៃប្រឌិតរបស់អ្នកជំនាញថៃមកបង្ហាញនៅក្នុងវេទិកានោះផង។
ក្នុងចំណោមតារាថៃទាំង៣នោះក៏មានតារាម៉ូដែល២រូបគឺ កញ្ញា ធិសាណាត សនសឹក និងកញ្ញា សុផាផន ម៉ាលិសន់ ដែលជាតារាម៉ូដែលល្បីឈ្មោះនៅក្នុងប្រទេសថៃមកចូលរួមផងដែរ។ ដោយឡែកសម្រាប់តារាម៉ូដែលកម្ពុជាចំនួន៤រូបគឺជាសមាជិកមកពីក្រុមPop Model ដែលសុទ្ធតែជាតារាម៉ូដែលអាជីព និងក្រុមដែលបានទទួលជោគជ័យក្នុងការបង្ហាញម៉ូតនៅក្នុងប្រទេសវៀតណាមមុននេះ។
អ្នករៀបចំកម្មវិធីបញ្ជាក់ថាព្រឹត្តិការណ៍បង្ហាញម៉ូត និងការបង្អួតឈុតសម្លៀកបំពាក់នេះ គ្រាន់តែជាទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយក្នុងពេលខាងមុខគឺនឹងមានការបង្ហាញម៉ូតជាទ្រង់ទ្រាយធំជាងនេះ ដើម្បីអោយកាន់តែមានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលចិត្តម៉ូតប្លែកៗ។
ពិធីនោះក៏មានការដើរម៉ូតដោយកុមារាកុមារីតូចៗជាជនជាតិថៃ ដើម្បីបង្ហាញឈុតកុមារដែលច្នៃដោយអ្នកជំនាញផងដែរ អមដោយស្ដង់ដាក់លក់ផលិតម៉ាកល្បីៗរួមមានសម្លៀកបំពាក់ គ្រឿងសម្អាង សម្ភារៈប្លាស្ទិកផ្ទះបាយ គ្រឿងសង្ហារឹម និងទំនិញដែលមានយីហោល្បីៗជាច្រើនមុខទៀតដែលត្រូវបានដាក់លក់បញ្ចុះតម្លៃយ៉ាងពិសេសនៅជាន់ក្រោមរបស់ផ្សារអ៉ីអនរហូតដល់ល្ងាចថ្ងៃទី១៣ កញ្ញា នេះទៀតនោះ។ វេទិកាបង្ហាញម៉ូតនោះត្រូវគេឃើញមានការទស្សនាយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវមកពីប្រទេសថៃ និងអ្នកចូលផ្សារអ៉ីអន ជាពិសេសនៅពេលមានការប្រកាសថាសម្លៀកបំពាក់ដែលបានស្លៀកបង្ហាញគឺសុទ្ធតែជាសម្លៀកបំពាក់ដែលមានតម្លៃរាប់រយដុល្លារឡើងទៅ និងជាស្នាដៃរបស់អ្នកច្នៃម៉ូតល្បីៗប្រចាំប្រទេសថៃ៕
មតិយោបល់