នៅលើគណនីយផ្លូវការរបស់លោក រិទ្ធ អូមេហ្គា (Rith Omega) ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះមួយរូបប្រចាំផលិតកម្មថោន បានបង្ហោះនូវពាក្យពេចន៍ជាច្រើនពាក់ព័ន្ធនឹងករណីជម្លោះរបស់ លោក ជី ដេវីដ និងក្រុមខ្មែរតែមួយ ដែលបាននិពន្ធបទរ៉េបដៀលគ្នាទៅវិញមក រហូតក្លាយជាគំរូដ៏អាក្រក់មួយនៅក្នុងពិភពសិល្បៈ។


លោកបានហៅជម្លោះដោយយកបទចម្រៀងមកវាយប្រហារគ្នាទៅវិញទៅមកនោះថាមិនខុសពីជេរម៉ែគ្នា និងមិនខុសពីអួតអាងថាខ្លួនល្អជាងគ្នាទៅវិញទៅមក ក្នុងពេលដែលគ្មានអ្នកណាដាក់ពិន្ទុកំណត់ពីសមត្ថភាពនោះទាល់តែសោះ។
ជាមួយគ្នានោះលោកថាបើគ្មានការកែប្រែនូវឥរិយាបទក្រោយផ្ដល់គំរូមិនល្អជាសាធារណៈនេះទេ គឺភាគីទាំង២គួរតែរ៉េបភ្នាល់គ្នាតទល់ ដើម្បីកំណត់យកឈ្នះចាញ់ ដើម្បីបញ្ចប់សង្គ្រាមវិញ ដើម្បីកុំអោយនៅតែបន្តភាពក្អេងក្អាងហើយធ្វើអោយប៉ះពាល់ដល់តម្លៃរបស់តារាសិល្បៈនៅក្នុងវិស័យចម្រៀងរ៉េប។


លោក Rith Omega បន្ត លោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលអ្នករ៉េបល្បីឈ្មោះ២រូប គឺលោក ជី ដេវីត របស់ហង្សមាស និងតារាចម្រៀងមួយរូបក្នុងក្រុមខ្មែរមួយជីវិត បានបង្កើតជម្លោះដាក់គ្នា ធ្វើអោយមានការរិះគន់ពេញស្រទាប់មហាជន។


លោកមិនខ្វល់ថាភាគីខាងណាបង្កជម្លោះដាក់ខាងណាមុននោះទេ ប៉ុន្តែលោកថាជម្លោះដែលបានកើតឡើងបើភាគីម្ខាងៗមិនពង្រីកអោយរីកធំឡើង ក៏មិនក្លាយជារឿងកាន់តែធំដល់ម្លឹងដែរ។ លោកថាជារឿងអាក្រក់ខ្លាំងណាស់ ដែលអ្នកទាំំង២យកបទចម្រៀងទៅនិពន្ធប៉ារ៉ូលដៀលគ្នាទៅវិញទៅមក ដោយមានទាំងភាសាអសុរសមាក់ងាយគ្នាផង។ ក្នុងនោះលោកថាជាការពិបាកស្ដាប់ខ្លាំងណាស់ដែលម្នាក់អះអាងថាខ្លះខ្លាំងជាង ហើយថាម្ខាងទៀតអន់ជាងបែបនេះបែបនោះ ដែលហាក់ដូចជាម្ខាងៗមានអំណួតលើសពីអ្វីដែលមហាជនផ្ដល់អោយ។


លោកក៏មានការរិះគន់ប៉ារ៉ូលច្រៀងរបស់ក្រុមក្មេងខ្មែរដែលបានសំដៅថាខ្លួនជាអ្នករ៉េបបែបបញ្ញាវ័ន្ត ដែលលោកយល់ថាជាតម្លើងខ្លួនលើសពីការទទួលស្គាល់នោះផងដែរ។ លោកថាបើអ្នកទាំង២ក្រុមសុទ្ធតែខ្លាំងរៀងខ្លួន ដូច្នេះមានតែយកវេទិកាមហាជនហើយរ៉េបប្រដេញគ្នាទេ ដោយមហាជនអោយអ្នកឈ្នះគឺត្រូវតែទទួលស្គាល់ ហើយគោរពអ្នកឈ្នះដោយឈប់បន្តការតតាំង។ លោកថាជម្លោះដែលបានកើតឡើងគឺដោយសារតែភាគីម្ខាងច្រណែនគ្នា ហើយមិនទទួលស្គាល់ភាពខ្លាំងក្លារបស់គេ។ យ៉ាងណាមិញលោកស្នើអោយជម្លោះទាំង២បញ្ចប់ និងថាបើនៅតែបន្តយកបទចម្រៀងនិពន្ធដៀលគ្នាបែបនេះ គឺមានតែក្រសួង និងស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះ ដែលអាចបញ្ឈប់ពួកគេបាន៕





មតិយោបល់