ព័ត៌មានជាតិ

ចូលរួមរំលែកទុក្ខផង! នគរបាលស្រុកអង្គស្នួលម្នាក់ ជិះម៉ូតូចេញពីអង្គភាពបុកជាមួយម៉ូតូផ្សេងទៀតស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ គួរឲ្យអាណិត នគរបាលស្រុកអង្គស្នួលម្នាក់បានស្លាប់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងបើកម៉ូតូ បុកជាមួយម៉ូតូ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧
នៅចំណុចមុខភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២៤-២៥ ។

បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ១នាក់ប្រុស នៅមន្ទីរពេទ្យ និងខូចខាតម៉ូតូ១ គ្រឿង តិចតួច ហើយនៅមុនពេលកើតហេតុ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ៥០ គុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ឋ ៣៧២១ ភព១ បើកបរដោយលោក ព្រិន្ទបាលឯក ចាន់ សុធា ភេទប្រុស អាយុ៤៧ ឆ្នាំ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខងារជានគរបាលស្រុកអង្គស្នួល ដែលបើកពីទិសខាងលិចទៅទិសខាងកើត (ចេញពីអង្គភាព) លុះដល់ចំណុចខាងលើបានបុក ជាមួយម៉ូតូ១គ្រឿង មិនដឹងម៉ាក (បើកគេចខ្លួនបាត់ ) ដែលបើកឆ្លងផ្លូវថ្នល់ពីត្បូងទៅជើង បណ្តាលអោយឈ្មោះ ចាន់ សុធា ដួលបោកក្បាលលើទ្រូងថ្នល់រងរបួសធ្ងន់ ហើយបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះ បន្ទាន់នៅភ្នំពេញ ដល់ពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុម៉ូតូម្ខាងបានបើកគេចខ្លួនបាត់។ សេក្តីសន្និដ្ឋាន ករណីនេះបណ្តាលមកអ្នកបើកបរម៉ូតូ បើកឆ្លងកាត់ទ្រូងថ្នល់ខ្វះការប្រុងប្រយត្ន័ ហើយចំពោះសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់