ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ុក សុភា ក្រោយទទួលបានសញ្ជាតិអូស្រ្តាលី គ្រោងចេញទៅអាមេរិក!

យោងតាមការបង្ហោះរបស់អ្នកនាងសារីណាជាភរិយារបស់អតីតតារាសម្ដែងលោកស៊ុក សុភា បានអះអាងថា លោកទទួលបានសញ្ជាតិអូស្រ្តាលីជាផ្លូវការហើយ ក្រោយពីបានប្រលង និងទៅរស់នៅទីនោះអស់ច្រើនឆ្នាំតាំងពីរៀបការរួច។ លោក និងភរិយា នឹងគ្រោងចេញទៅកាន់សហរដ្ឋអាមេរិកនៅអំឡុងឆ្នាំក្រោយ បន្ទាប់ពីលោក ស៊ុក សុភា ទទួលបានសញ្ជាតិផ្លូវការពីរដ្ឋាភិបាលអូស្រ្តាលី។

ពាក់ព័ន្ធនឹងដំណើរចាកចេញទៅកាន់សហរដ្ឋអាមេរិកនោះ គេមិនទាន់ដឹងថាតើលោក និងភរិយាចេញទៅក្នុងគម្រោងអ្វីនៅឡើយទេ ប៉ុន្តែយោងតាមការបញ្ជាក់មុនៗគឺមានបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក អញ្ជើញអោយអ្នកទាំងពីរចេញទៅសម្ដែងនៅទីនោះក្នុងនាមជាសិល្បករដោយសារតែលោកស៊ុក សុភាក៏ជាអតីតតារាសម្ដែងដែលធ្លាប់ចេញទៅច្រៀងនៅទីនោះ ហើយអ្នកនាងសារីនណាក៏ជាអតីតតារាសម្ដែង ដែលមានទឹកដមសំឡេងល្អផងដែរ។

អ្នកទាំងពីរអាចចេញទៅក្នុងគម្រោងដើរកម្សាន្ត និងសម្ដែងរួមគ្នា ដើម្បីបានលំហែកាយផង និងរកលុយផង ប្រសិនបើការចាកចេញរបស់ទៅកាន់អាមេរិកនៅឆ្នាំក្រោយ ដូចអ្វីដែលភរិយារបស់លោកធ្លាប់បានបង្ហើប។ យ៉ាងណាមិញ គេមិនទាន់ដឹងថាតើគម្រោងចេញទៅទីនោះនឹងអាចធ្វើឡើងនៅអំឡុងឆ្នាំក្រោយ ឬមួយយ៉ាងណានោះទេ ក្នុងពេលដែលភរិយារបស់លោកក៏បានបង្ហោះនូវសំណេរមិនទាន់ច្បាស់លាស់សម្រាប់ការចាកចេញ និង បញ្ជាក់អោយដឹងពីពេលវេលាជាក់លាក់នៅឡើយ។

យ៉ាងណាមិញ គេឃើញទាំងលោកស៊ុក សុភា និងភរិយា សុទ្ធតែបានបង្ហាញការសាទរ បន្ទាប់ពីការប្រលងរបស់លោកស៊ុក សុភា ទទួលបានសញ្ជាតិផ្លូវការពីអូស្រ្តាលីកាលពីថ្ងៃទី២២ កញ្ញា។ អ្នកនាងសារីណា និយាយថានេះជាអ្វីដែលអ្នកនាង និងគ្រួសារចង់បាន ហើយបន្ទាប់ពីមានសញ្ជាតិពេញលេញ អ្នកនាង និងស្វាមីក៏កាន់តែមានសិទ្ធិពេញលេញក្នុងការរស់នៅ និងងាយស្រួលចេញចូលក្រៅស្រុកផងដែរ បើធៀបនឹងពេលដែលស្វាមីមិនទាន់មានសញ្ជាតិអូស្រ្តាលី។ យ៉ាងណាមិញ អ្នកនាង និងស្វាមី នៅតែមិនមានគម្រោងចុះមករស់នៅស្រុកខ្មែរវិញទេ ដោយសារតែកិច្ចការនៅទីនោះរវល់ខ្លាំង ខណៈដែលកូនៗទាំង៥របស់អ្នកនាងក៏មិនអាចរស់នៅអូស្រ្តាលីដោយគ្មានអ្នកនាង និងស្វាមីមើលថែ និងមិនអាចយកមករស់នៅស្រុកខ្មែរបានព្រោះតែខុសគ្នាដាច់ឆ្ងាយនូវអាកាសធាតុ៕

មតិយោបល់