ព័ត៌មានសិល្បៈ និងកម្សាន្ត

ទាល់តែឪពុកទទួលអនិច្ចកម្ម ទើបដឹងថា មាស អាលីស ជាកូនមន្ត្រីផ្កាយ២

ប្រឡូកក្នុងអាជីពចម្រៀងប្រមាណជាជាង១ឆ្នាំ ចុងក្រោយ ស្ទើរតែគ្មានអ្នកដឹងតែម្ដង ថាតារាចម្រៀងអ្នកនាង មាស អាលីស គឺជាកូនមន្ត្រីផ្កាយ២ ដែលមានបុណ្យស័ក្តធំ នៅក្នុងក្រសួងការពារជាតិ។ អ្នកនាងមិនដែលផ្ដល់សម្ភាន៍ ជុំវិញជីវិតឯកជននោះទេ ខណៈដែលអ្នកនាងក៏ប្រឹងទទួលការងារជាពិធីការិនីវិទ្យុ និង ទទួលច្រៀងអាហ្វែតូចធំ ដោយមិនយកខ្នងឪពុក ដែលជាមន្ត្រីផ្កាយ២មកសម្ញ៉ែងនោះទេ។

ការភ្ញាក់ផ្អើលនេះ គឺទើបតែបានកើតឡើងក្រោយពេល លោក ស៊ិន សេដ្ឋា ជាឪពុកបង្កើតរបស់តារាចម្រៀង អ្នកនាងមាស អាលីស បានទទួលអានិច្ចកម្មដោយសារតែជំងឺទឹកនោមផ្អែម លើសឈាម និងមានបញ្ហាបេះដូង កាលពីថ្ងៃទី១៩ ខែធ្នូ មុននេះប៉ុណ្ណោះ ទើបម្នាក់ៗស្រឡាំងកាំងដោយសារតែឪពុករបស់នាងគឺជាមន្ត្រីផ្កាយ២។ យោងតាមការបង្ហោះឪពុករបស់នាងគឺជាមន្ត្រីជាន់ខ្ពស់ របស់ក្រសួងការពារជាតិ ដោយមានងារជា ឩត្តមសេនីយទោ និងជានាយការិយាល័យទស្សនាវដ្ដី នាយកដ្ឋានព័ត៍មានប្រចាំក្រសួងការពារជាតិ។ នៅក្នុងពិធីបុណ្យសព និងបុណ្យ៧ថ្ងៃរបស់ឪពុកនាង ឃើញមានវត្តមានមន្ត្រីជាន់ខ្ពស់ចូលរួមកុះករ ដោយមិនសូវមានវត្តមានតារាសិល្បៈនោះទេ ដោយសារតែនាងទើបតែបានប្រែខ្លួនពីធិធីការិនីវិទ្យុ មកជាតារាចម្រៀងអាជីពនាពេលថ្មីៗ។
នៅមិនដឹងថាអ្វីជាមូលហេតុដែលនាង មិនដែលទម្លាយពីតួនាទីរបស់ឪពុក ក្រោយបានក្លាយជាតារាសិល្បៈនោះទេ ប៉ុន្តែយោងតាមការប៉ាន់ស្មាន គឺអ្នកនាងអាចនឹងមិនចង់អោយមានការភ្ញាក់ផ្អើលថា អ្នកនាងជាកូនស្រីរបស់មន្ត្រីផ្កាយ២ ដ៏មានឥទ្ធិពលក្នុងក្រសួងការពារជាតិមួយរូបទេ បែរជាមកតស៊ូយ៉ាងសាមញ្ញនៅក្នុងសិល្បៈ ដែលមិនមែនជាការចង់បានរបស់គ្រួសារនាង។

មាស អាលីស ធ្លាប់បានប្រកាសថា នាងស្រលាញ់សិល្បៈ ទើបជម្នះចូលខ្លួននៅក្នុងវិថីនេះ។ យ៉ាងណាមិញ ឪពុករបស់នាង ដែលទើបត្រូវបានទម្លាយថា ជាមន្ត្រផ្កាយ២ បានទទួលអនិច្ចកម្មហើយ ទើបភាពសាមញ្ញរបស់តារាស្រីរូបនេះ លែងក្លាយជាការចោទសួររបស់អ្នកគាំទ្រ ក្រៅតែពីការសរសើរថា នាងគឺសិល្បការិនីមួយរូប ដែលមានអត្តចរឹតថ្លៃថ្នូរ មិនស៊ីវិល័យ និងមិនមែនជាតារាអួតអាងពាក់ស្បែកខ្លាមួយចំនួន បើទោះជានាងមានឪពុកជាមន្ត្រីផ្កាយ២ក៏ដោយ។
ប្រសិនបើគ្មានដំណឹងមរណភាពរបស់ឪពុក មាស អាលីស អាចនឹងមិនត្រូវវបានគេដឹងថា នាងមានឪពុកជាមន្ត្រីជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិទេ ដោយសារតែនាង មិនចូលចិត្តយកតួនាទីរបស់ឪពុកមកលាយលំនឹង ការងារសិល្បៈគួរអោយសរសើរ៕

មតិយោបល់