ព័ត៌មានសិល្បៈ និងកម្សាន្ត

ចូលខែថ្មី ហ៊ឹម ស៊ីវន និងម៉ាដូណា ទក់សាច់មហាជន ដោយការរិះគន់

មកទល់ម៉ោងនេះគេកត់សម្គាល់ថាករណីអ្នកស្រី ហ៊ឹម ស៊ីវន ធ្វើត្រាប់តាមបេក្ខនារីប្រលងចម្រៀង និងបានស្ដីអោយបេក្ខនារីថាច្រៀងដូចកូនក្មេង និងករណីលោកម៉ាដូណា ធ្វើរឹកច្រងេងច្រងាង រហូតផ្ទុះជម្លោះជាមួយបុរសម្នាក់ បានក្លាយជាការជជែកវែកញែកកាន់តែខ្លាំង នៅលើបណ្ដាញហ្វេសប៊ុក។ មហាជន និងតារាសិល្បៈភាគច្រើន នៅតែអះអាងថា តារាទាំងពីរមិនគួរធ្វើរឿងទាំង២ កើតឡើងនោះទេ ដោយសារនឹងក្លាយទៅជាគំរូមិនល្អ ក្នុងនាមជាតារាសិល្បៈដែលមានមហាជនគាំទ្រមួយរូប។

អ្នកស្រីហ៊ឹម ស៊ីវន ត្រូវបានគេរិះគន់ថាការដែលអ្នកស្រីរិះគន់បេក្ខនារី នៅក្នុងវេទិកាប្រលងចម្រៀងនោះ ដោយបានទាំងធ្វើត្រាប់តាមនូវចំណុច អវិជ្ជមានរបស់បេក្ខនារីនោះផង គឺជារឿងមួយដែលគណកម្មការវាយតម្លៃសមត្ថភាពបេក្ខជន ក្នុងកម្មវិធីប្រលងចម្រៀងមិនគួរធ្វើ។ ម្នាក់ៗនិយាយថា អ្នកស្រីអាចកែតម្រូវនូវចំណុចខ្វះខាត និងប្រាប់អោយដឹងពីចំណុចល្អមួយចំនួន ដោយសារតែក្នុងដំណាក់ជាបេក្ខជនប្រលង គឺអ្នកប្រលងចម្រៀងម្នាក់ៗ មិនអាចធ្វើអោយល្អគ្រប់ដប់តាមអ្វីដែលគណកម្មការចង់បាននោះទេ។

អ្នកលេងហ្វេសប៊ុកសុទ្ធតែអះអាងថា អ្នកស្រីមើលងាយបេក្ខនារីដែលខ្លួនអោយពិន្ទុ និងថាការរិះគន់មួយនោះ មិនមែនជាការស្ថាបនា ឬកែលម្អបេក្ខជននោះទេ តែជាការមាក់ងាយដែលមិនគួរកើតឡើងទាល់តែសោះ សម្រាប់កម្មវិធីប្រលងចម្រៀង។ មកទល់ពេលនេះ ការរិះគន់ចំពោះអ្នកស្រីនៅតែបានផុសផុល ប៉ុន្តែមិនទាន់ឃើញមានការឆ្លើយតបពីអ្នកស្រីហ៊ឹម ស៊ីវន នៅឡើយទេ។

ក្រឡេកទៅមើលករណីរបស់លោកម៉ាដូណាវិញ ក៏មានការរិះគន់ខ្លាំងដែរ ដោយត្រូវអ្នកលេងហ្វេសប៊ុកប្រើពាក្យអសុរោះ វាយប្រហារពីអត្តចរឹករបស់លោកយ៉ាងចាស់ដៃនោះផង។ ម្នាក់ៗនៅតែថា លោកធ្វើមិនសមនៅក្នុងជម្លោះនោះ ប៉ុន្តែក៏មានអ្នកអះអាងថា នោះជាឃ្លីបដែលគេរៀបចំដើម្បីចង់ដឹងថា តើមានការរិះគន់កម្រិតណាប្រសិនបើមានតារាសិល្បៈ ផ្ទុះជម្លោះជាមួយអ្នកគាំទ្រ នៅទីសាធារណៈប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នករិះគន់នៅតែបន្តវាយប្រហារលោកម៉ាដូណា បន្ទាប់ពីវីដេអូននេះ ត្រូវបានបង្ហោះឡើងព្រោងព្រាតនៅលើហ្វេសប៊ុក៕

មតិយោបល់