ព័ត៌មានសិល្បៈ និងកម្សាន្ត

សឿ សុធារ៉ា កំណត់ថ្ងៃវះយកកូនប្រុស

ក្រោយការពរពោះកូនប្រុសដែលជាកូនទី២ អ្នកនាងសឿ សុធារ៉ា បានអះអាងថាអ្នកនឹងមិនកើតស្របតាមធម្មជាតិដូចស្រ្តីពរពោះភាគច្រើននោះទេ ដោយសារតែកូនទី១របស់អ្នកនាងក៏អ្នកនាងវះយកថ្ងៃដូចគ្នា។ អ្នកនាងបានសម្រេចថ្ងៃពិតប្រាកដក្នុងការវះយកកូនប្រុសជាផ្លូវការហើយ បន្ទាប់ពីមន្ទីរពេទ្យរ៉ូយ៉ាល់រតន: បានសម្រេចផ្ដល់ការតាមដានសុខភាព និងទទួលវះកាត់ឲ្យអ្នកនាងតាំងពីដើមដល់ចប់ដោយមិនគិតកម្រៃសូម្បីតែមួយសេនមិនខុសពីមុន។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន Post News អ្នកនិយាយថា ផ្អែកតាមការតាមដានកូនប្រុសរបស់អ្នកនាងនឹងកើតក្នុងអំឡុងខែមករា ដោយមុនថ្ងៃ៧មករាមួយសប្ដាហ៍ និងក្រោយថ្ងៃ៧ មករាមួយសប្ដាហ៍។ អ៊ីចឹងហើយទើបអ្នកនាងសម្រេចយកថ្ងៃទី៧ មករា ធ្វើជាថ្ងៃកំណើតកូន ដោយសារតែអ្នកនាងយល់ថានោះជាពេលចន្លោះកណ្ដាល និងជាថ្ងៃដែលមានន័យសម្រាប់ប្រជាជនខ្មែរ។ អ្នកនាងថា៧ មករា ជាថ្ងៃដែលអ្នកនាងស្រឡាញ់ជាងគេក្នុងខែមករា ហើយដោយសារតែពេលវេលានោះវាត្រូវនឹងថ្ងៃរំដោះ៧ មករា ដែលពលរដ្ឋភាគច្រើនសុទ្ធតែទទួលស្គាល់ថាជាថ្ងៃដែលជួយឲ្យពលរដ្ឋខ្មែរបានរស់ជាថ្មីផងនោះ ទើបអ្នកនាងឯកភាពជាមួយស្វាមី និងខាងមន្ទីរពេទ្យដោយកំណត់យកថ្ងៃ៧ មករា ជាថ្ងៃវះកាត់សម្រាលកូនប្រុសក្នុងពេលខាងមុខ។

អ្នកនាងថាកូនប្រុសរបស់ខ្លួនមានសុខភាពយ៉ាងខ្លាំង ហើយអ្នកនាងក៏ទទួលបានការថែទាំពីមន្ទីរពេទ្យដែលបានផ្ដល់ឲ្យអ្នកនាងតាមដានសុខភាពយ៉ាងផ្ចិតផ្ចង់ផងដែរ ទើបអ្នកនាងមិនមានអាការ:ពិបាកណាមួយក្រោយពេលពរពោះ។ អ្នកនាងថាអ្នកនាងចង់សាកល្បងសម្រាលកូនទី២តាមធម្មជាតិដែរ ប៉ុន្តែបណ្ដាលមកពីអ្នកនាងមិនចង់ឲ្យកូនកើតចំថ្ងៃមិនល្អ និងធ្លាប់វះម្ដងហើយ ទើបអ្នកនាងសម្រេចចិត្តកំណត់ថ្ងៃវះ ហើយសុខចិត្តយកថ្ងៃទី៧ មករា តែម្ដង ដើម្បីឲ្យស្រួលចំណាំទាំងអ្នកនាង និងគ្រួសារ។ អ្នកនាងនិយាយថាកូនប្រុសទី២ នឹងក្លាយជាកូនពូជប្រចាំត្រកូល ប៉ុន្តែមិនទាន់ច្បាស់ថាឈប់យកកូនទី៣ ឬបញ្ឈប់ត្រឹមហ្នឹងនោះទេ៕

មតិយោបល់