ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ូ ដាណេ ត្រូវគេដកចេញពីមន្ទីរវប្បធម៌!

តារាចម្រៀង កញ្ញា ស៊ូ ដាណេ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងសម្បូរទីផ្សារនៅក្រៅប្រទេស បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីនាងត្រូវបាន មន្ទីរវប្បធម៌រាជធានីភ្នំពេញកាត់ឈ្មោះចេញ បន្ទាប់ពីនាងត្រូវបានដាក់បញ្ចូលជាមន្ត្រីជាប់កិច្ចសន្យាជាយូរមកហើយ និងគួរតែត្រូវបញ្ចូលជាមន្ត្រីពេញសិទ្ធិគឺមិនគួរត្រូវគេកាត់ចោល។ នាងបានបង្ហាញអារម្មណ៍សោកស្ដាយក្រោយពីត្រូវគេដកឈ្មោះចោល ក្នុងពេលដែលនាងបញ្ជាក់ថារមែងបំពេញការងាររបស់មន្ទីររាជធានីមិនដែលខកខាន។

នាងនិយាយថា នាងអត់សប្បាយចិត្តទេ ក្នុងពេលតារាមួយចំនួនដែលមានឈ្មោះជាមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរវប្បធម៌រាជធានីភ្នំពេញដូចនាង ហើយក៏មានការខកខានការងារ ដោយមិនទៅបង្ហាញខ្លួនគ្រប់លើកដូចគ្នាស្រាប់តែត្រូវបានបន្តការងារ ហើយរូបនាងបែរជាត្រូវគេកាត់ឈ្មោះចោល ក្នុងពេលដែលនាងមិនបានដឹងមុន និងមិនដឹងថាអ្វីជាកំហុសពិតប្រាកដ។ យ៉ាងណាមិញ មន្ត្រីខាងមន្ទីរវប្បធម៌រាជធានីភ្នំពេញ បានប្រាប់នាងថាបណ្ដាលមកពីនាងអវត្តមានមិនបានទៅបំពេញការងារជាប់លាប់ ប៉ុន្តែនាងមានការងឿងឆ្ងល់ក្នុងពេលដែលមានបុគ្គលមួយចំនួនមិនបានទៅបំពេញការងារដូចគ្នានឹងផងដែរ បែរជានៅមានឈ្មោះ។

នាងថាបើជ្រុលរឹតបន្តឹងចំពោះបុគ្គលិកទៅបំពេញការងារមិនគ្រប់ម៉ោងពេលដោយកាត់ឈ្មោះចោល ចឹងសូមឲ្យថ្នាក់លើជួយរឹតបន្តឹងចំពោះបុគ្គលដទៃទៀតដែលគេមានការខ្វះចន្លោះហើយបែរជានៅមានឈ្មោះនោះផង ដើម្បីកុំឲ្យមានការរិះគន់ជុំវិញថាមន្ត្រីរបស់មន្ទីរវប្បធម៌បំពេញចំណាត់ការមិនស្មើភាពគ្នា។

នាងថាអត់អន់ចិត្តចំពោះករណីនាងត្រូវគេដកឈ្មោះទេ ប៉ុន្តែនាងអត់សប្បាយចិត្តដែលមន្ត្រីមួយចំនួនគឺនាងដឹងថាអត់បានទៅបំពេញការងារមិនបានរាល់ថ្ងៃដូចនាងផងដែរ តែនៅមានឈ្មោះនិងបានបើកប្រាក់ខែជាប្រចាំ។

នាងថារាល់លើកដែលនាងទទួលការសម្ដែងនៅក្រៅប្រទេស គឺសុទ្ធតែមានការសុំច្បាប់ច្បាស់ ហើយនាងក៏មិនដែលខកខានការងារដែលមន្ទីរវប្បធម៌ដាក់ឲ្យនោះដែរ លើកលែងតែពេលចុងក្រោយប៉ុណ្ណោះ ដែលឈ្មោះនាងត្រូវគេកាត់ដោយមិនបានដឹងមុន ហើយប្រាក់ខែប្រមាណជាង៦០ម៉ឺនរៀលប្រចាំរបស់នាងក៏ត្រូវបាត់បង់៕

មតិយោបល់