ក្រោយពីមានការបែកធ្លាយថាតារាចម្រៀងនាង ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យរួចហើយជាមួយប្អូនថៅកែហង្សមាសនោះ កាន់តែមានដំណឹងបែកខ្ញែកខ្លាំងឡើងជុំវិញព័ត៌មានដ៏រសើបនេះ។ ប្រភពអ្នកលេងហ្វេសប៊ុកមួយចំនួន បានទាំងអះអាងថានាង និងបុរសដែលមានងារជាឧកញ៉ានោះបានរស់នៅក្រោមដំបូលតែមួយ និងមិនហ៊ានរៀបការព្រោះតែខ្លាចតារាចម្រៀងរូបនេះធ្លាក់កូដនោះផង។
ប្រភពមួយផ្សេងទៀតនិយាយថា តារាចម្រៀងឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយប្អូនប្រុសថៅកែហង្សមាសប្រមាណជា២ឆ្នាំហើយ ហើយបើទោះជាអ្នកទាំងពីរបានអូសបន្លាយពេលរៀបការមកទល់ពេលនេះ ក៏ចំណងស្នេហ៍របស់អ្នកទាំងពីរនៅតែរឹងមាំនោះដែរ។ អ្នកលេងហ្វេសប៊ុកម្នាក់ដែលបានប្រើឈ្មោះថា «បុទមរាជនី» បានសរសេរឆ្លើយតបនឹងព័ត៌មាននោះថា តារាចម្រៀងឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាសរស់នៅជាមួយគ្នាយូរហើយ ដោយឃើញតារាចម្រៀងរូបនេះចេញចូលតែផ្ទះខាងប្រុសដូចផ្ទះរបស់ខ្លួនផង។ មិនខុសគ្នាដែរប្រភពពីតារាសិល្បៈជាច្រើនទៀត សុទ្ធតែបានបញ្ជាក់ថាឱក សុគន្ធកញ្ញា ពិតជាបានភ្ជាប់ពាក្យជាមួយប្អូនប្រុសរបស់លោកងួន ជាថៅកែនៅហង្សមាសនោះមែន ប៉ុន្តែមកពីមិនចង់អោយនាងមានការផ្គូរផ្គងថាមានអ្នកនេះចិញ្ចឹម និងអ្នកនោះចិញ្ចឹម ទើបគេប្រឌិតចំណងស្នេហ៍របស់នាង និង លោក ឆន សុវណ្ណរាជ ដើម្បីកុំអោយចាប់អារម្មណ៍ពីរឿងរ៉ាវឯកជនរបស់នាង។
អ្វីដែលគេកាន់តែមានការសង្ស័យទៅទៀតនោះ គឺឱក សុគន្ធកញ្ញា មិនចេញមុខស្រាយបំភ្លឺទាល់តែសោះ ក្នុងពេលដែលទូរស័ព្ទរបស់នាងក៏មានតែប្អូនស្រីឆ្លើយជំនួសគ្រប់ពេល ដែលមិនអាចទទួលបានចម្លើយមួយអោយច្បាស់ចេញពីមាត់របស់នាង។ អ្នកលើកទូរសព្ទដែលអះអាងថាជាប្អូនស្រីរបស់នាងបានឆ្លើយយ៉ាងខ្លីថា មិនមានពិធីភ្ជាប់ពាក្យរវាងបងស្រីរបស់ខ្លួន និងប្អូនប្រុសថៅកែហង្សមាសនោះទេ ប៉ុន្តែនាងហាក់មិនភ្ញាក់ផ្អើលទេនៅពេលមានការបញ្ជាក់ថាមានគេបានឃើញរូបថតរបស់ឱក សុគន្ធកញ្ញា ភ្ជាប់ពាក្យនឹងប្អូនប្រុសថៅកែហង្សមាស ដោយមានថៅកែហង្សមាសធ្វើជាមេធានៅក្បែរនោះ។
មិនខុសគ្នាដែរលោកអ៊ឹង សុខលី កូនប្រុសថៅកែហង្សមាសបានឆ្លើយយ៉ាងខ្លីថាលោកសុំមិននិយាយបំភ្លឺព័ត៌មានណាមួយជុំវិញរឿងរ៉ាវដែលបានបែកធ្លាយនោះទេ។ មកទល់ម៉ោងនេះអ្នកគាំទ្រឱក សុគន្ធកញ្ញានៅតែមានអារម្មណ៍សោកស្ដាយ ដែលឱក សុគន្ធកញ្ញា មិនមានការចេញមុខបញ្ជាក់អោយច្បាស់ពីរឿងរ៉ាវនេះ ក្នុងពេលដែលម្នាក់ៗរង់ចាំចម្លើយរបស់នាង៕
មតិយោបល់