ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ឌីណា សម្រេចក្ដីប្រាថ្នាជាមួយទេព រិន្ទដារ៉ូ

ខណៈដែលខ្សែភាពយន្តរឿង”សូផាត និងម៉ានយ៉ាន” ត្រូវបានគេប្រកាសដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN នោះ តារាសម្ដែងចាប់ផ្ដើមឡើងកូដ នាង លី ឌីណា ហៅភីយ៉ា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនាងឡើងកាលីបបានសម្ដែងជាភរិយាតារាល្បីឈ្មោះ គឺលោក ទេព រិន្ទដារ៉ូ ដែលនាងបញ្ជាក់ថាជាក្ដីស្រម៉ៃដែលនាងចង់សម្ដែងជាមួយបែបនេះជាយូរមកហើយ។ នៅក្នុងរឿងនេះមានឈុតឆាកលំបាកៗជាច្រើន ដោយក្នុងដំណើររឿងបានតម្រូវអោយនាងសម្ដែងជាតួកម្សត់យំយែក រហូតស្លាប់បាត់បង់ជីវិតនោះផង។

ជាមួយនឹងការចាប់អារម្មណ៍នេះ តារាសម្ដែង នាង ភីយ៉ា និយាយថា វាពិតជាលំបាកប្រាកដមែនក្នុងពេលដែលនាងត្រូវសម្ដែងជាមួយតារារៀមច្បង ហើយបានសម្ដែងជាភរិយារបស់លោក ទេព រិន្ទដារ៉ូ ដែលនាងបញ្ជាក់ថា គឺជាក្ដីស្រម៉ៃដែលនាងចង់សម្ដែងជាមួយជាយូរមកហើយ។ ក្នុងពេលចូលប្រឡូកការងារសិល្បៈដំបូងៗ នាងរមែងនឹកស្រម៉ៃថាចង់សម្ដែងជាមួយលោក ទេព រិន្ទដារ៉ូ ហើយកាន់តែសប្បាយចិត្តបន្ថែមទៀត ដោយសារតែបានសម្ដែងជាភរិយារបស់លោក ដែលកាន់តែធ្វើអោយនាងទទួលបានការចាប់អារម្មណ៍ជាងមុន។

នាងថាគ្រប់ប្លង់ដែលត្រូវសម្ដែងជាមួយលោក ទេព រិន្ទដារ៉ូ មិនមានប្លង់ណាដែលស្រួលសម្ដែងនោះទេ ដោយសារតែនាងត្រូវដាក់អារម្មណ៍មនោសញ្ចេតនាអោយដល់អោយដូចជាប្ដីប្រពន្ធពិតៗ ហើយក្នុងប្លង់ឃ្លាតឆ្ងាយពីលោក ក៏សុទ្ធតែប្លង់កម្សត់ៗ ដែលធ្វើអោយនាងបង្ហូរទឹកភ្នែក ដែលនាងប្រកាសថាមួយរឿថនេះ គឺពិបាកសម្ដែងគ្មានពីរ។ នាងថាចរឹតពិតរបស់ខ្លួន គឺចូលចិត្តលែងសើច អ៊ីចឹងហើយទើបនាង សូផាត និង ម៉ានយ៉ាន” ដែលនាងបានសម្ដែងជាមួយលោក ទេព រិន្ទដារ៉ូ នេះ គឺជារសជាតិថ្មី និងជាអ្វីដែលនាងរំពឹងខ្លាំងថានឹងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងពេលដាក់បញ្ចាំង។

នាងថាមួយរឿងនេះ បានធ្វើអោយនាងសម្រេចក្ដីប្រាថ្នា ហើយនាងក៏នឹងប្រឹងដុះខាត់សមត្ថភាពរបស់ខ្លួនអោយកាន់តែល្អជាងនេះផងដែរ ដើម្បីកុំអោយពេលសម្ដែងជាមួយតារារៀមច្បងមានកំហុសឆ្គងកើតឡើងធ្វើអោយផលិតករ និង តារារៀមច្បងដែលនាងបានសម្ដែងជាមួយធុញទ្រាន់បើនាងសម្ដែងខុសច្រើនដង៕

មតិយោបល់