ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Grand 2017 ប្រកួតផ្ដាច់ព្រ័ត្រ លើកោះត្រល់ !

ក្រោយពីបានប្រកួតសម្លៀកបំពាក់បែបប្រពៃណីប្រចាំប្រទេសកាលពីយប់ថ្ងៃទី១២ តុលា ការប្រកួតកញ្ញាឯក Miss Grand International 2017 នឹងបន្តការប្រកួតលើឈុតហែលទឹក និងប្រកួតផ្នែកចំណេះដឹងបន្តទៀត មុននឹងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ដែលវៀតណាមនឹងកំណត់ធ្វើឡើងនៅលើកោះ ត្រល់ដែលគេស្គាល់ថាជាអតីតដីកោះរបស់កម្ពុជា។ បេក្ខនារីស្រស់ស្អាត និងពោពេញដោយចំណេះដឹងមកពីប្រទេសនានានៅលើពិភពលោក ដោយក្នុងនោះរួមមានកញ្ញាឯករបស់កម្ពុជាផងដែរ នឹងដណ្ដើមម្កុដដែលមានតម្លៃរហូតដល់៣០ម៉ឺនដុល្លារច្នៃពីមាស និងត្បូងសុទ្ធ។

ផ្អែកតាមការបង្ហាញខ្លួនរបស់ស្រីស្អាតនៅក្នុងព្រឹត្តិការណ៍ Miss Grand International 2017 នៅវៀតណាមក្នុងវគ្គប្រកួតសម្លៀកបំពាក់បែបប្រពៃណីកាលពីយប់ថ្ងៃទី១២ តុលា គេនៅមិនទាន់ដឹងថាតំណាងកម្ពុជា កញ្ញា ខ្លឹម ស្រីគា មានសំណាងបានគ្រងម្កុដក៏មានកិត្តិយសនេះឬយ៉ាងណានោះទេ ខណៈដែលពានជាអ្នកគ្រងសម្លៀកបំពាក់ប្រពៃណីបានស្អាតជាងគេក៏មិនសូវសង្ឃឹមខ្ពស់ ដោយសារតែបេក្ខនារីម្ចាស់ផ្ទះ និងមកពីប្រទេសភាគច្រើនសុទ្ធតែបានកែច្នៃសម្លៀកបំពាក់ប្រចាំជាតិសាសន៍របស់ខ្លួនល្អឥតខ្ចោះ។

នាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីដែលមានឈ្មោះថា «ទេវីក្រុងកម្ពុជាធិបតី!» ដោយនាងក៏បានបង្ហាញភាពទន់ភ្លន់នៅលើវេទិកាគួរឲ្យកត់សម្គាល់ ដោយធ្វើឲ្យនាងទទួលបាននូវការលេចធ្លោរមិនធម្មតាផងដែរ នៅក្នុងវេទិកាដែលចម្រុះដោយស្រីស្អាតនាយប់នោះ។ ការប្រកួតនេះនៅមានដំណាក់កាលច្រើនទៀត ដោយការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី២៥ តុលា ទើបបញ្ចប់ការប្រកួត ដោយការប្រកួតនោះនឹងកាន់តែមានសភាពតានតឹងសម្រាប់ស្រីស្អាតកម្ពុជា និងបេក្ខនារីទាំងអស់។

ព្រឹត្តិការណ៍នេះធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែប្រទេសវៀតណាមជាម្ចាស់ផ្ទះបានជ្រើសយកទីតាំងកោះត្រល់ដែលគេស្គាល់ថាជាអតីតកោះរបស់កម្ពុជា ធ្វើជាទីតាំងប្រកួតផ្ដាច់ព្រ័ត្រ ដែលមិនខុសពីវៀតណាមចង់បង្អួតកោះនេះឲ្យអន្តរជាតិបានឃើញពីសម្រស់ដោយផ្ទាល់ភ្នែក។ កញ្ញា ខ្លឹម ស្រីគា គឺជាតំណាងកម្ពុជាដែលមានសំណាងបានទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនៅទីនោះ ក្នុងពេលដែលបណ្ដាញសារព័ត៌មានធំៗរបស់ប្រទេសវៀតណាមសុទ្ធតែបានប្រកាសថា គ្រាន់តែការប្រកួត Miss Grand International 2017 ក្នុងវគ្គផ្ដាច់ព្រ័ត្រមិនទាន់មកដល់ផង គឺទីតាំងកោះនេះមានកោះទុកនូវបន្ទប់ស្នាក់នៅ នៅលើកោះត្រល់ចង់ពេញទៅហើយ។

នៅលើទីតាំងកោះត្រល់ ក៏ត្រូវបានគេរៀបចំមិនខុសពីកោះឋានសួគ៌ សម្រាប់ទទួលអ្នកទេសចរណ៍នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីឲ្យទីតាំងបំពាក់ម្កុដដែលមានតម្លៃ៣០ម៉ឺនដុល្លារហុចផលចំណេញផ្នែកទេសចរណ៍ដល់កោះត្រល់ ដែលវៀតណាមបានប្រែឈ្មោះថាកោះហ្វូកុកនោះ។

កញ្ញា ខ្លឹម ស្រីគា ត្រូវគេឃើញរំលេចសម្រស់នៅក្នុងព្រឹត្តិការណ៍នោះមិនចាញ់ស្រីស្អាតមកពីតំណាងប្រទេសផ្សេងនោះទេ បើទោះជាក្ដីសង្ឃឹមរឿងបានម្កុក និងបានតំណែងដូចជា តំណែងអ្នកស្លៀកពាក់សម្លៀកបំពាក់ប្រចាំជាតិបានស្អាតជាងគេ អ្នកស្លៀកសម្លៀកបំពាក់ហែលទឹកបានល្អជាងគេ និងអ្នកមានប្រជាប្រិយភាពជាងគេប្រចាំកម្មវិធីនៅមិនទាន់ប្រាកដក្នុងដៃ។ យ៉ាងណាមិញ ក៏ជាមោទនភាពមិនធម្មតាផងដែរ ដែល កញ្ញា ខ្លឹម ស្រីគា បានតំណាងឲ្យកម្ពុជា បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ ហើយបានប្រកួតដណ្ដើមម្កុដជាទ្រង់ទ្រាយធំនៅលើអតីតទឹកដីកំណើតរបស់កម្ពុជានោះទៅទៀត។ នេះជាការប្រកួតម្កុដMiss Grand លើកទី៥របស់ពិភពលោកដែលបានជ្រើសរើសប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយត្រូវបានប្រទេសវៀតណាមជ្រើសយកកោះត្រល់ជាទីតាំងប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីបង្អួតភ្ញៀវអន្តរជាតិ៕

https://youtu.be/JJ6lcK-aRaA

មតិយោបល់