កូរ៉េៈ ថ្វីបើមានការដាក់ទណ្ឌកម្មពីអន្តរជាតិ ក្នុងគោលបំណងដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងយ៉ាងណាក៏ដោយ ក៏ប្រទេសមួយនេះ មិនបានបង្ហាញសញ្ញានៃការបោះបង់អាវុធនុយក្លេអ៊ែរនោះទេ ក្រោមរបបដឹកនាំរបស់លោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
ប្រភពពីកាសែតរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ការដាក់សម្ពាធពីអន្តរជាតិ ប្រឆាំងនឹងក្រុងព្យុងយ៉ាង នៅក្នុងទំរង់ជាទណ្ឌកម្ម ដើម្បីទប់ស្កាត់ ក៏ដូចជាការគំរាមប្រើកម្លាំងយោធា ក្រោមរូបភាពធ្វើសមយុទ្ធនៃកងកម្លាំងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន គឺមិនអាចរារាំងការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់របបមួយនេះទ្បើយ។
សូមជំរាបថា កាលពីថ្ងៃអង្គារកន្លងទៅ កងទ័ពអាកាសកូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីបង្ហាញពីការត្រៀមរបស់ពួកគេរួចជាស្រេច សម្រាប់ការសងសឹកដ៏ខ្លាំងក្លា ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល ពីសំណាក់កូរ៉េខាងជើងផងដែរ៕


មតិយោបល់