ខណៈដែលស្ពតពាណិជ្ជកម្មក្នុងរឿង«សរសរកន្លោង»ដែលបានចេញបង្ហោះត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍ សូម្បីតែមិនទាន់កំណត់ដាក់បញ្ចាំងលក់សំបុត្រផងនោះ ផលិតកររឿងដែលត្រូវគេស្គាល់ថាជាតារាចម្រៀងផង និងជាតួសម្ដែងផងលោករ៉ូណាន់ បែរជាអះអាងថាខ្លួនខកចិត្តសម្រាប់ការផលិតភាពយន្តមួយនេះទៅវិញ។
លោកថាក្រោយការផលិតចប់លោកមិនសូវអស់ចិត្តចំពោះអ្វីៗដែលបានសម្រេចឡើងនោះឡើយ បើទោះជាលទ្ធផលនោះគឺមានអ្នកសរសើរមិនខុសពីរឿង«កំណត់ហេតុនាងនាថ»តាំងពីរឿងមិនទាន់បានបញ្ចាំង។
លោក រ៉ូណាន់ និយាយថាក្នុងរឿង «សរសរកន្លោង» លោកមានក្ដីស្រម៉ៃធំណាស់ គឺតាំងពីផ្ទះ តាំងពីប្លង់ គឺលោកចង់បានទីតាំង និងស្ថានភាពដែលមានភាពល្អឥតខ្មោះទាំងអស់ ប៉ុន្តែចុងក្រោយគឺលោកមិនអាចសម្រេចផែនការ។ លោកថាក្នុងសាច់រឿងដែលបានតាក់តែង គឺផ្ទះដែលមានសរសរកន្លោង ហើយមានវិញ្ញាណខ្មោចរស់នោះ ជាប្រភេទផ្ទះធំនៅក្នុងសម័យបារាំង ដោយលោកបានទាំងចំណាយពេលទៅរកបានផ្ទះប្រភេទនោះស្របតាមអ្វីដែលលោកចង់បានឲ្យត្រូវនឹងសាច់រឿងនោះផង ប៉ុន្តែនៅពេលទៅជួលផ្ទះនោះថត គឺម្ចាស់ផ្ទះបែរជាមិនព្រមឲ្យថត ដោយសារតែរឿងរបស់លោកនិយាយពីឈុតឆាកខ្មោចហើយម្ចាស់ផ្ទះគេប្រកាន់។
លោកត្រូវបង្ខំចិត្តទៅជួលផ្ទះដែលតូចជាងការស្រម៉ៃ និងខុសពីសាច់រឿងដែលលោកចង់បាន ដោយសារតែផ្ទះដែលលោកចង់បានខាងម្ចាស់ផ្ទះមិនព្រមជួលឲ្យ ហើយផ្ទះដែលអាចជួលឲ្យលោកបានថត ក៏ត្រូវក្លាយជាផ្ទះដែលមិនខុសពីឆិនឆៃតែម្ដងព្រោះតែផ្ទះធំៗសុទ្ធតែមិនព្រមជួលឲ្យ។ ដោយឡែកនៅក្នុងផ្ទះដែលគេជួលឲ្យថតនោះវិញ ក៏ខាងម្ចាស់ផ្ទះមិនអនុញ្ញាតឲ្យលោករៀបចំតុបតែងឲ្យស៊ីនឹងផ្ទះរបស់ខ្មោចដែលលោកស្រម៉ៃចង់បាននោះដែរ ទើបលោកនៅតែសម្ដែងអារម្មណ៍ខកចិត្តដែលស្នាដៃរបស់លោក គឺមានគម្រោងអស់ហើយ ប៉ុន្តែចុងក្រោយបែរជាត្រូវឆិនឆៃ។
ក្នុងនោះសូម្បីតែទីតាំងដែលលោកស្រម៉ៃចង់បានក្នុងរឿងក៏ពិបាកស្វែងរកផងដែរ ដោយសារតែភាពជាក់ស្ដែងគឺទីតាំងសម្រាប់ការថតភាពយន្តមួយដែលមានទម្រង់សម័យ លាយបុរាណ គឺពិបាកក្នុងការរៀបចំដោយសារតែភាគជាក់ស្ដែងគឺសូម្បីតែរកទិញគ្រឿងផ្នែកដេគ័រមួយចំនួនក៏មិនងាយរកបាន។
លោកថាមួយរឿង«សរសរកន្លោង»បើឲ្យលោកផលិតឲ្យដូចនឹងក្ដៅស្រម៉ៃក្នុងការនិពន្ធ គឺនឹងមានភាពល្អឥតខ្ចោះឆ្ងាយណាស់ ដោយសារតែក្នុងភាពយន្តនោះ គឺលោកមានគំនិតដកស្រង់រឿងព្រេងទាក់ទិននឹងសរសរកណ្ដាលក្នុងផ្ទះ ហើយយកមកភ្ជាប់នឹងសម័យបច្ចុប្បន្ន ដើម្បីឲ្យមានភាពទាក់ទាញនៅក្នុងផ្ទៃរឿង។ យ៉ាងណាមិញ លោកថាបើទោះជាមានប្លង់មួយចំនួនគឺមិនដូចតាមក្ដីស្រម៉ៃ ក៏លោកបានសម្រួលឈុតឆាក និងរៀបចំប្លង់ឲ្យរឿងទាំងមូលអាចទទួលយកបាននោះដែរ។
លោកហាក់រំពឹងយ៉ាងខ្លាំងថារឿង «សរសរកន្លោង» នឹងកក្រើកស្រទាប់មហាជនមិនខុសពីរឿង«កំណត់ហេតុនាងនាថ»នោះទេ ដោយសារសម្អាងថានៅក្នុងភាពយន្តនេះគឺលោកបញ្ចូលឈុតឆាកភ័យរន្ធត់រហូតដល់ជាង៦០ភាគរឿងតាំងពីដើមដល់ចប់ ដោយលោកចង់បញ្ចេញស្នាដៃពញាក់អារម្មណ៍ឲ្យអ្នកទស្សនាភ័យឲ្យច្រើនក្នុងពេលទស្សនា បើធៀបនឹងរឿងមុនដែលសម្បូរឈុតកំប្លែងច្រើនជាង។
លោកបានអះអាងថា ក្នុងពេលដាក់បញ្ចាំងរឿង «សរសរកន្លោង»នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ នឹងមានតារាៗចូលរួមស្អេកស្កះធ្វើឲ្យរឿងមួយនេះកក្រើកលើសពីរឿងមុននោះផងដែរ៕
https://youtu.be/jNS-4a-BPz0
មតិយោបល់