ទើបតែបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត Freshies កាលពីឆ្នាំ២០១៦ និងទើបឡើងកូដក្នុងសិល្បៈក្ដៅៗ ស្រាប់តែមានដំណឹងភ្ជាប់ពាក្យបាត់ ជាមួយនឹងបុរសអ្នកជំនួញម្នាក់ កាលពីថ្ងៃអាទិត្យទី ៩ កញ្ញា នេះ។ អ្វីដែលគួរឲ្យកត់សម្គាល់ កញ្ញាបានទាំងបើកចំហរស្នេហា និងបានប្រកាសថា គូដណ្ដឹងរបស់នាងមិនឲ្យបោះបង់សិល្បៈនោះផង ទោះជានាងត្រូវចូលរោងការ។
ពិធីភ្ជាប់ពាក្យ ដែលបានធ្វើឡើងយ៉ាងអឹកអធឹកក្រោមក្រសែភ្នែកទាំងសងខាងនេះ គ្មានអ្នកណាម្នាក់មិនចាប់អារម្មណ៍នោះទេ ដោយសារតែនាងទើបតែកាន់ពានជា Freshies លេខ១ និងចាប់ផ្ដើមសម្បូរការងារសម្ដែង ដែលគួរតែបិទបាំងស្នេហា ដើម្បីកុំឲ្យធ្លាក់កូដ បែរជានាងបើកចំហរ ពិធីភ្ជាប់ពាក្យ ដែលមិនខុសពីប្រកាសជាសាធារណៈថា នាងមិនមែនទំនេរ ដោយមិនខ្វល់ពីការថមថយទីផ្សារសិល្បៈ ឬយ៉ាងណា។ ពិធីបំពាក់ចិញ្ចៀនរបស់នាង មិនមានតារាសិល្បៈបង្ហាញខ្លួនច្រើនទេ ប៉ុន្តែសម្រាប់មិត្តភ័ក្ត្រ និងសាច់ញាតិបងប្អូន គឺចូលរួមច្រើន។
កញ្ញា បូរ័ត្ន ប៊ុនសុភាវី បានអះអាងថា គូដណ្ដឹងរបស់នាង បានស្រលាញ់ និងមើលចិត្តគ្នា តាំងពីឆ្នាំ២០១៥ មុននាងចូលប្រទ្បង Freshies មកម្លេះ ហើយដោយសារតែនាង និងបុរសជាគូស្នេហ៍ កាន់តែយល់ចិត្តគ្នា ទើបចាស់ទុំផ្សំផ្គុំ។ តារាវ័យ២១ឆ្នាំរូបនេះ បន្តឲ្យដឹងទៀតថា គូដណ្ដឹងរបស់នាង មានឈ្មោះថា សៅ ណារ៉ុង អាយុ២៦ឆ្នាំ និងជាអ្នកជំនួញម្នាក់ ដោយគ្រួសាររបស់លោក ក៍ជាអ្នករកសីុ ដែលមានជីវភាពល្អប្រសើរផងដែរ។ យ៉ាងណាមិញនាងថា ហេតុផលដែលនាងស្រលាញ់គ្នា មិនមែនព្រោះតែស្ថានភាពគ្រួសារនោះទេ គឺដោយសារតែគូដណ្ដឹង មិនមែនជាមនុស្សប្រច័ណ្ឌនឹងការងារសិល្បៈ និងតែងផ្ដល់តម្លៃជានិច្ចឲ្យនាង ចាប់តាំងពីនាងបានក្លាយជាហ្វ្រេសុី។
ក្នុងនោះកត្តាគ្រួសាររបស់លោក ស្រលាញ់ និងផ្ដល់តម្លៃឲ្យនាង ក្នុងនាមជាតារាម្នាក់ ក៍ជាអ្វីដែលធ្វើឲ្យនាងជឿជាក់ថា ការចាប់ដៃគ្នារបស់នាង និងគូស្នេហ៍ នឹងគ្មានឩបសគ្គកើតឡើងនោះដែរ។ ដោយកញ្ញាថា ខ្លួននឹងបើកចំហរស្នេហា មិនខ្វល់ពីរឿងធ្លាក់កូដនោះទេ ដោយមានការជឿជាក់យ៉ាងមុតមាំថា នឹងមានជំហានសិល្បៈល្អប្រសើរផង នៅក្រោយដំណឹងភ្ជាប់ពាក្យ។ ប៉ុន្តែនាង និងគូដណ្ដឹង នៅមិនទាន់កំណត់ថ្ងៃរៀបការនៅឡើងទេ ដោយរង់ចាំមើលពេលវេលា និងសន្សំលុយរៀងខ្លួនឲ្យបានច្រើនបន្តិចសិន៕
មតិយោបល់