ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង មិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលជាដាច់ខាត ដោយអះអាងថា គឺដើម្បីការពារខ្លួនពីអាមេរិក

កូរ៉េៈ សមាជិកសភាកូរ៉េខាងជើងម្នាក់ បាននិយាយថា ការគំរាមកំហែងនៃការបំផ្លិចបំផ្លាញលើប្រទេសខ្លួន នឹងត្រូវប្រឈមពីសំណាក់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

លោក An Tong Chun អនុប្រធានទី១ នៃសភាកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងចង់ធ្វើសេចក្តីថ្លែងការណ៍មួយ អំពីប្រទេសរបស់យើង ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ និងការបំផ្លាញពីអាមេរិក។ ជាក់ស្ដែងប្រវត្តិសាស្ត្រ ធ្លាប់បានបង្ហាញពីភស្តុតាងរួចជាស្រេចថា យើងគួរតែការពារខ្លួន ដើម្បីឯករាជ្យភាពរបស់យើង ដែលការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនេះហើយ គឺជាការទប់ស្កាត់របស់យើង»។

សមាជិកសភារូបនេះ បានបន្ថែមថា កូរ៉េខាងជើងត្រូវតែការពារខ្លួន ជាមួយនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ព្រោះថាការបង្កឲ្យមានអស្ថិរភាពក្នុងប្រទេស គឺជាហានិភ័យដោយសារសកម្មភាពអមិត្តរបស់អាមេរិក។

ក្នុងនោះលោកក៏បានអះអាងទៀតថា វាមិនអាចទៅរួចនោះទេ ក្នុងការនិយាយអំពីកិច្ចចរចារ ចំពេលកាន់តែមានភាពតានតឹងខ្លាំងទ្បើង នៅលើឧបទ្វីបកូរ៉េ នាពេលថ្មីៗនេះ ដោយលោកបានអំពាវនាវទៅកាន់អាមេរិក ឲ្យបញ្ឈប់នយោបាយស្អប់ខ្ពើមរបស់ខ្លួន ចំពោះកូរ៉េខាងជើងបន្តទៀត៕

មតិយោបល់