ភ្នំពេញៈ មកទល់នឹងពេលនេះ គេកត់ឃើញសម្គាល់ថា តារាសម្ដែងនាង វ៉ាង ស្រីណូ ស្ងាត់ឈឹងតែម្ដងពីការងារសិល្បៈ។ ប៉ុន្តែនៅលើបណ្ដាញហ្វេសប៊ុករបស់នាង គេនៅតែមើលឃើញថា តារារូបនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់ ជាមួយនឹងសកម្មភាពធ្វើជំនួញតាម Online និងការចែកទានដែលធ្វើឲ្យមានមនុស្សកាន់តែច្រើនកោតសរសើរ។
បើទោះជាចែកទានជាលក្ខណៈទ្រង់ទ្រាយធំនោះ បានកើតមានឡើងតាំងពីដើមខែឧសភា ប៉ុន្តែសកម្មភាព និងពាក្យពេចន៍ ដែលនាងបានបង្ហោះនៅតែបានដក់ជាប់ក្នុងអារម្មណ៍មហាជន ហើយរុញឲ្យនាងលេចធ្លោជាមួយនឹងការកោតសរសើរ។ រំឭកដល់សំណេរដែលនាងបានបង្ហោះ នាងបានសរសេរថា «នេះមិនមែនជាមូនិធិទេ តែជាសណ្តានចិត្តពិតរបស់ខ្ញុំ។ 💓💓💗😇😇😇លុយគ្រាន់តែជារបស់ក្រៅខ្លួន តែមានមនុស្សមួយចំនួនខំរកស្ទើរស្លាប់ខ្លួននៅតែមិនមាន! ហើយហេតុអីអ្នកដែលមានដោយមិនពិបាករក មិចក៏មិនអាណិតដល់អ្នកដែលគ្នាអត់ខ្លះផង????? វាអាចគ្រាន់តែជាចំណែកដ៏តិចតួចរបស់ដែលអ្នកមាន,,,,តែវាអាចនឹងច្រើនចំពោះអ្នកដែលគ្នាអត់,,, ដូច្នេះបើអា3202ចកាត់យកលុយមួយចំនួនតូចរបស់អ្នកដើម្បីជួយដល់អ្នកដែលអត់ ដែលខ្វះខាត នោះវាគឺរឿងមួយដែលល្អប្រសើរបំផុត! តែអ្វីដែលខ្ញុំនិយាយនេះគឺវាជាការគិតផ្ទាល់ខ្លួនរបស់ខ្ញុំ!!! មិនដឹងថាអ្នកផ្សេងគេគិតដូចខ្ញុំរឺអត់ទេ»។
អមដោយសកម្មភាពធ្វើអំណោយជាលក្ខណៈទ្រង់ទ្រាយធំដល់ចាស់ និងក្មេងៗ នៅក្នុងភូមិមួយ គឺនៅតែមានការលើកឡើង និងកោតសរសើរចំពោះនាង បើទោះជាការធ្វើទាននោះ ត្រូវបានបញ្ចប់យូរមកហើយ។ ការចាប់អារម្មណ៍បានកើតមានជាថ្មីបន្ទាប់ពីពាក្យសម្ដី និងរូបភាពធ្វើទានរបស់នាង ត្រូវបានគេចែកចាយ និងបញ្ចេញមតិគាំទ្រយ៉ាងច្រើនពេញមួយសប្ដាហ៍នៅដើមខែមិថុនានេះ។ ម្នាក់ៗ បានកោតសរសើរថា ក្រោយពេលមានបាន គឺនៅតែស្គាល់អ្នកខ្សត់ និងគួរឲ្យយកជាគំរូ ក្នុងចំណោមអ្នកមាន និងអ្នកល្បីឈ្មោះនៅក្នុងសង្គមនោះផង។
នេះជាការចាប់អារម្មណ៍មួយដែលជួយឲ្យ វ៉ាង ស្រីណូ លេចធ្លោម្ដងទៀត ជំនួសឲ្យការងារសិល្បៈដែលនាងមិនទាន់ទទួលយកក្នុងពេលដែលនាងប្រកាសដដែលជាដដែលថា មិនបោះបង់។ នាងត្រូវគេឃើញសកម្មភាពជាមួយនឹងការបង្ហោះលក់កាបូប ស្បែកជើង សំលៀកបំពាក់ និងគ្រឿងតុបតែងកាយនៅលើហ្វេសប៊ុក និងការចុះឡើងក្រៅប្រទេស ដើម្បីទៅយកទំនិញ។
វ៉ាង ស្រីណូ ធ្លាប់បានបញ្ជាក់ថា នាងនៅតែទទួលសម្ដែង ប៉ុន្តែមកពីនាងចង់ប្រឡូកការងារបើកជំនួញឲ្យបានខ្លាំងសិន ទើបមិនទាន់ខ្វល់រឿងទទួលសម្ដែង ដែលត្រឹមតែអាចឲ្យនាងទទួលបានប្រាក់កាក់ល្អិតមិនដូចធ្វើជំនួញនោះ។ នាងបញ្ជាក់ថា កេរ្តិ៍ឈ្មោះរបស់តារាសិល្បៈ មិនមែនទាល់តែទទួលសម្ដែងឲ្យខ្លាំងជាប់រហូតនោះទេ ប៉ុន្តែសំខាន់ គឺខំរក្សាឲ្យបាននូវអំពើល្អ និងចេះធ្វើអ្វីដែលជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះ។ អញ្ចឹងទើបនាងប្រឹងប្រែងធ្វើទាន និងប្រឹងបើកជំនួញយ៉ាងពេញទំហឹង ដើម្បីឲ្យនៅតែមានការចាប់អារម្មណ៍ក្នុងពេលការសម្ដែងត្រូវធីបចោល៕
មតិយោបល់