តាកែវៈ សម្តេចតេជោបានមានប្រសាសន៍នៅព្រឹកថ្ងៃនេះថា ខ្ញុំព្រះករុណាខ្ញុំបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តមឿងចារ្យលិខិតតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមផ្លូវពីភ្នំពេញមកកាន់ខេត្តតាកែវ ខ្ញុំបានសង្កេតឃើញប្រជាពលរដ្ឋយើងប្រកបរបរលក់ដូរអ៊ូអរតាមដងផ្លូវ ដែលបង្ហាញនូវសកម្មភាពរស់រវើកជាមួយទឹកមុខញញឹម។ គេហដ្ឋានតូចធំចម្រុះគ្រប់ពណ៌ និងសម្ភារៈប្រើប្រាស់ដូចជា ម៉ូតូ និងរថយន្តតូចធំកំពុងចរាចរណ៍តាមដងផ្លូវបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ប្រជាពលរដ្ឋយើងជាមួយជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនេះ ការរីកចម្រើនវិស័យពុទ្ធសាសនាសព្វថ្ងៃ គឺបានចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសប្បាយចិត្តណាស់នៅពេលដែលបានឃើញបងប្អូនជនរួមជាតិរស់នៅមានសេចក្តីសុខ និងមានជីវភាពល្អប្រសើរ។ អ្វីៗដែលយើងសម្រេចបាននៅពេលនេះ និងទៅអនាគត គឺដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ។ បន្ទាប់ពីកម្មវិធីបញ្ចុះខ័ណ្ឌសីមានៅទីនេះរួចហើយ ខ្ញុំនឹងបន្តដំណើរទៅកាន់ខេត្តព្រះសីហនុជាបន្តទៀត។
ខ្ញុំព្រះករុណាខ្ញុំ សូមជូនប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិទូទាំងប្រទេសជួបប្រទះតែសេចក្តីសុខគ្រប់ៗគ្នា៕
មតិយោបល់