ភ្នំពេញៈ នៅថ្ងៃទី៨ ខែមិថុនានេះ ខ្សែរឿង «នរណាជាខ្មោច» នឹងបើកសម្ពោធដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ ដើម្បីប្រជែងទីផ្សារ។ អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកនាង ខាត់ សុឃីម និងលោក ផាណូ ជាស្វាមី គឺជាតួអង្គធំទាំងពីរនាក់ នៅក្នុងរឿងនេះ ដោយត្រូវអ្នកនិពន្ធឲ្យសម្ដែងជាប្ដីប្រពន្ធនឹងគ្នា ហើយអ្នកនាង គឺជាតួប្រច័ណ្ឌប្ដី ដែលដូចគ្នារឿងក្រៅឆាកនៃជីវិតប្ដីប្រពន្ធរបស់អ្នកនាងតែម្ដង។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ប្រាប់ Post News មុននេះបន្តិចថា ក្នុងរឿង «នរណាជាខ្មោច?» នាង និងលោក ផាណូ បានសម្ដែងរួមគ្នាតែម្ដង ដោយសម្ដែងជាតួប្ដីប្រពន្ធនឹងគ្នា ហើយជាភរិយាប្រច័ណ្ឌ និងតាមហួងហែងប្ដីផុតលេខ។ អ្នកនាងនិយាយថា នេះជារឿងដំបូង ដែលអ្នកនាង និងស្វាមីឆ្លៀត បានសម្ដែងរួមគ្នា ដែលនឹងក្លាយជាអនុស្សាវរីយ៍ល្អមួយសម្រាប់ជីវិតស្នេហារបស់ពួកគេ និងទុកឲ្យកូនចៅបានឃើញនៅពេលលាឈប់សិល្បៈ។
អ្នកនាង ខាត់ សុឃីម និយាយថា «សំណាងណាស់ដែលខាងផលិតករគាត់ ហៅឲ្យខ្ញុំ និងប្ដីខ្ញុំសម្ដែងជាតួប្ដីប្រពន្ធនឹងគ្នាតែម្ដង ហើយម៉ារឿងហ្នឹងថា ខ្ញុំសម្ដែងខ្លួនឯងក៏ចង់សើចដែរ ព្រោះថា ប្ដីធ្វើអីអត់កើត គឺស្អីក៏ប្រច័ណ្ឌដែរ និយាយពីថា ដូចរឿងខ្ញុំនៅក្រៅឆាកអស់ទាស់!»។
យ៉ាងណាមិញ អ្នកនាងថា សភាពខាងក្រៅ អ្នកនាងមិនដល់ថ្នាក់ហួងហែង និងប្រច័ណ្ឌប្ដីដូចគ្នានឹងក្នុងរឿងទេ គឺគ្រាន់តែប្រច័ណ្ឌខ្លះៗ ដូចគ្នានឹងនារីការពារតម្លៃស្វាមីទូទៅប៉ុណ្ណោះ។ អ្នកនាងថា ខ្សែរឿងមួយនេះ នឹងធ្វើឲ្យមានការចាប់អារម្មណ៍សម្រាប់អ្នកនាង និងស្វាមីច្រើន ដោយសារតែអ្នកនាងកម្របានលេងជុំគ្នា ហើយបានទាំងសម្ដែងជាតួប្ដីប្រពន្ធគ្នានៅក្នុងភាពយន្ដរួមគ្នា។
យោងតាមការបង្ហោះឈុតខ្លីៗ នៅក្នុងរឿងនេះ គឺបានបង្ហាញពីដំណើរផ្សងព្រេងរបស់មនុស្សភេទទី៣ ចំនួន៤នាក់ ដោយអ្នកនាង ខាត់ សុឃីម និងស្វាមី គឺជាតួអង្គសំខាន់នៅក្នុងរឿង «នរណាជាខ្មោច?» នេះផងដែរ។ អ្នកនាងរំពឹងថា ការសម្ដែងរួមគ្នាជាមួយប្ដី បានធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏នឹងប្រកាសលើកទ័ពរួមមានកូនៗ និងបងប្អូនទៅមើលរឿងនេះ ដើម្បីឲ្យបានដឹងថា តើអ្នកនាង និងលោក ផាណូ ជាស្វាមី នៅពេលសម្ដែងរឿងរួមជុំគ្នាតើមានចំណុចល្អ និងចំណុចខ្វះខាតកម្រិតប៉ុណ្ណា។ នេះនឹងក្លាយជាចំណាប់អារម្មណ៍មួយថ្មី ហើយបើមានការគាំទ្រអ្នកនាង និងស្វាមី នឹងបន្តទទួលសម្ដែងជុំគ្នាជាថ្មីទៀត៕
https://youtu.be/k2QkO2v8WM4
មតិយោបល់