ភ្នំពេញៈ រថយន្តតូរីសហ៊ីយ៉ាន់ដាយមួយគ្រឿង អ្នកបើកសង្ស័យងងុយដេកបោះពួយជ្រុលល្បឿនរេចង្កូតទៅបុកបង្គោលភ្លើងកៀបជាប់រងការខូចខាត កាលពីវេលាម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៦ នៅលើបណ្តោយផ្លូវមៅសេទុង ទល់មុខតូបលក់គុយទាវ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុខពេលកើតហេតុគេបានឃើញរថយន្តតូរីសហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ង៩៩៦០ ភព២ បើកដោយបុរសម្នាក់ និងអ្នករួមដំណើរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមៅសេទុង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក្បែរនិងតូបលក់គុយទាវដែលនៅលើចញ្ចើមផ្លូវ ក៏ស្រាប់តែរេចង្កូតជ្រុលមកបុកបង្គោលយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តគៀបជាប់និងបង្គោលភ្លើងទៅមុខលែងរួច រងការខូចខាតខ្ទេចផ្នែកខាងមុខចង្ហៀងខាងស្តាំ។ ភ្លាមៗនោះ គេបានឃើញតៃកុងរថយន្តបានចុះពីលើរថយន្តនាំនារីម្នាក់ ដែលរួមដំណើរជាមួយរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ប្រភពពីអ្នកឃើញហេតុការណ៍ដែលជាអ្នកលក់គុយទាវបានប្រាប់ឲ្យដឹងថា គាត់កំពុងតែឈ្ងកមុខឆាបាយដាក់ឲ្យភ្ញៀវ គ្រាន់តែងើបមុខឡើងវិញស្រាប់តែរថយន្តមកបុកបង្គោលភ្លើងលាន់លឺដូចផ្ទុះគ្រាប់បែកចឹង ធ្វើឲ្យគាត់ព្រលឹងចុងសក់ហោះញុាំបាយឆា ហើយគាត់សង្ស័យថា តៃកុងបែបងងុយដេក ។
ក្រោយពេលកើតសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយ និងសម្បត្តិរដ្ឋ៕
មតិយោបល់