ព័ត៌មានសិល្បៈ និងកម្សាន្ត

BTS​ ទទួលបានលិខិតឆ្លងដែនការទូត ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

ក្រុម​ចម្រៀង​កូរ៉េ K-pop BTS​ ដ៏ល្បីល្បាញ ទទួលបានលិខិតឆ្លងដែនការទូត មុននឹងមហាសន្និបាតអង្គការសហប្រជាជាតិចាប់ផ្តើមនាសប្តាហ៍ក្រោយ។
បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ការទទួលបានបុព្វសិទ្ធិពិសេសផ្នែកការទូតរបស់ក្រុមចម្រៀងនេះ កើតឡើងក្រោយលោកប្រធានាធិបតី មូន ចេអ៊ីន សម្រេចផ្តល់តួនាទីសមាជិកក្រុមនេះជាបេសកជនពិសេសសម្រាប់ «មនុស្សជំនាន់ក្រោយ និងវប្បធម៌នាពេលអនាគត»។ នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap។
តាមពិតទៅ ក្រុមចម្រៀង K-pop BTS​​ ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្ពស់ពាសពេញពិភពលោក ហើយក្រុមចម្រៀងនេះក៏មានចំណែកជួយដល់សេដ្ឋកិច្ច កូរ៉េតាមរយៈការស្វែងរកចំណូលបានរាប់ពាន់លានដុល្លាររៀងរាល់ឆ្នាំ។
ដូច្នេះហើយ ការសម្រេចតែងតាំងក្រុមនេះជាបេសកជនការទូតពិសេស បង្ហាញឲ្យឃើញពីគោលនយោបាយរបស់រដ្ឋាភិបាលក្រុងសេអ៊ូល ក្នុងការប្រើប្រាស់ឥទ្ធិពល និងប្រជាប្រិយភាពនៃវប្បធម៌របស់ខ្លួនក្នុងការពង្រីក«អំណាចទន់ »របស់ខ្លួនលើឆាកអន្តរជាតិ។

មតិយោបល់