ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន ណារ៉ុង ថាកម្មវិធី«ដូច្នឹងផង» នឹងប្ដូរទម្រង់ក្រោយផលិតបាន២ពាន់រឿង

ខណ:ដែលរឿងកំប្លែងខ្លីដែលមានឈ្មោះថា«ដូច្នឹងផង»របស់ទូរទស្សន៍ថោនកាន់តែមានការពេញនិយម លោកថន ណារ៉ុងដែលត្រូវគេស្គាល់ថាតារាចម្រៀង និងពីធីករ ដែលបានកាន់តំណែងជាជំនួយការរបស់កម្មវិធីនេះ បានអះអាងថាថោនមានគម្រោងផលិតរឿងខ្លីៗនេះត្រឹមតែ២ពាន់រឿងប៉ុណ្ណោះ នឹងធ្វើកំណែទម្រង់រឿងខ្លីរបស់ខ្លួន។

លោកអះអាងថាមកទល់ពេលនេះដំណើរការផលិត«ដូច្នឹងផង»បានប្រមាណជាជាង១៣០០រឿងហើយ ដោយលោកអះអាងថាបើទោះជាមានការពេញនិយមក្នុងស្រទាប់មហាជនច្រើនឡើងយ៉ាងណាក្ដី ក៏គម្រោងសម្រាប់កម្មវិធីនេះ កំណត់ត្រឹមតែ២ពាន់រឿងប៉ុណ្ណោះសម្រាប់ការផលិតក្នុងរដូវកាលទី១។

ការលើកឡើងរបស់លោកបានធ្វើឲ្យម្នាក់ដែលចូលចិត្តសើចសប្បាយជាមួយរឿងខ្លីក្នុងកម្មវិធី«ដូច្នឹងផង»ភ្ញាក់ផ្អើល ដោយសារតែរឿងខ្លីនេះម្នាក់ៗនឹងស្មានថានឹងមានការផលិតដោយគ្មានកំណត់ ដោយសារតែជាកម្មវិធីពេញនិយមទាំងលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធយូធូប។ លោក ថន ណារ៉ុង ថាទូរទស្សន៍ថោនមិនខ្វះកញ្ចប់ប្រាក់ក្នុងការផលិតកម្មវិធីរឿងខ្លីនេះទេ ប៉ុន្តែមកពីផែនការរបស់ផលិតករគឺកំណត់ឲ្យផលិតតែត្រឹមតែ២រឿងសិន និងមិនចង់ឲ្យកម្មវិធីមួយនេះក្លាយជាសាំទើបធ្វើការផ្លាស់ប្ដូរ ទើបកំណត់រដូវកាលទី១ត្រឹម២ពាន់រឿងសិន។ លោកថា”កាលពីមុនកម្មវិធី«ដូច្នឹងផង»មានគម្រោងផលិតត្រឹមតែ១ពាន់រឿងផង ប៉ុន្តែដោយសារតែមានការគាំទ្រទើបបន្ថែម១ពាន់រឿងទៀត បើតាមដឹងក្រោយគ្រប់២ពាន់រឿង យើងនឹងបង្កើតទម្រង់ផ្សេង”។ យ៉ាងណាមិញ លោកថាទម្រង់របស់កម្មវិធី«ដូច្នឹងផង»នឹងមិនខុសគ្នាច្រើននោះ គឺអាចមានដូច្នឹងផងKids ឬអ្វីផ្សេងជាដើម។ លោកថា ខ្លួនបានមកធ្វើជាជំនួយការក្នុងកម្មវិធីនេះជាងកន្លះឆ្នាំមកហើយ ដោយលោកថាកម្មវិធីដែលបានផលិតឡើងនៅក្នុងទូរទស្សន៍ថោន ក៍នឹងមានកម្មវិធីប្លែកៗជាច្រើនទៀត។

លោកនិយាយថា«ជាផែនការកម្មវិធី«ដូច្នឹងផង!»អត់ផលិតលើសពី២ពាន់រឿងទេព្រោះកាលមុនយើងគ្រោងផលិតតែ១ពាន់រឿងផង ឥឡូវថែមបាន១ពាន់(រឿង)ទៀតគឺគ្រប់គ្រាន់ហើយ សម្រាប់រដូវកាលហ្នឹង!»។

យ៉ាងណាក៏ដោយលោកអះអាងថារឿងខ្លី«ដូច្នឹងផង»មិនទាន់បញ្ចេញអស់ដល់ចំនួនជាង១ពាន់រឿងដែលបានផលិតនោះទេ បើទោះជាការផលិតបានបញ្ចប់ដល់ជាង១ពាន់ភាគទៅហើយ។

លោកថន ណារ៉ុង បន្តថាក្រោយពីបានដើរចេញពីអាជីពនិយាយវិទ្យុ លោកថាមិនមែនជារឿងស្រួលនោះទេ ដែលលោកបានក្លាយជាផ្នែកមួយក្នុងការផលិតកម្មវិធី«ដូច្នឹងផង» ដែលលោកយល់ថាដ្បិតថាជារឿងខ្លីៗប្រាកដមែនតែត្រូវការគិតច្រើនទាំងការជ្រើសតួ និងពិសេសសាច់រឿងតែម្ដង ដោយការងារខ្លះក៏មានការតម្រូវពីខាងស្ពុនស័រផងដែរ ដោយមិនមែនខាងលោក និងអ្នកដឹកនាំដោយផ្ទាល់ជាអ្នកសម្រេចលើការជ្រើសតួទាំងស្រុងនោះឡើយ។ លោកថាជំហាននៅក្នុងទូរទស្សន៍ថោន លោកនឹងមានការផលិតកម្មវិធីប្លែកជាច្រើនទៀតក្នុងនាមជាជំនួយការផលិតម្នាក់ ខណ:ដែលលោកក៏កំពុងស្រវាស្រទិញជំនាញដឹកនាំឲ្យស្ទាត់ និងគ្រោងចេញបទចម្រៀងOriginal Song ពង្រីកមុខមាត់ក្រោយបានតំណែងកាលីបក្នុងកម្មវិធី«ដូច្នឹងផង»នេះ៕

មតិយោបល់