មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង និងជាម្ចាស់ផលិតកម្ម Galaxy បានប្រកាសបើកជំនួញរាប់លានដុល្លារក្នុងគម្រោងសង់បុរីវីឡាកូនកាន់រាប់រយល្វែងដាក់លក់ កាលពីថ្ងៃទី១៨ តុលា។
តែអ្វីដែលគេចាប់អារម្មណ៍គឺលោកប្រកាសថាមិនចោលការងារផលិតកុន និងផលិតបទចម្រៀងដែលលោកធ្លាប់បានដំណើរការនោះទេ បើទោះជាលោកបានក្លាយជាម្ចាស់បុរីររាប់រយល្វែង ដែលជាមុខជំនួញមិនធ្លាប់មានសម្រាប់អ្នកសិល្បៈខ្មែរ។
លោកឡេង ណាវ៉ាត់ត្រា បានថ្លែងបញ្ជាក់ក្នុងពិធីបើកសម្ពោធផ្ទះគំរូរបស់វីឡាកូនកាត់ឡេងណាវ៉ាត់ត្រា ស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធីផ្លូវវេងស្រេងថា បើទោះជាលោកមានសំណាងបានក្លាយជាម្ចាស់សំណង់បុរីដែលមានដើមទុនរហូតដល់រាប់លានដុល្លារ និងមានការរវល់ជាងមុនលើមុខជំនួញ ក៏លោកនៅតែប្រកាន់ជំហររឿង និងផលិតបទចម្រៀងជាពិសេសគឺ Original Song ធ្វើឲ្យផលិតកម្ម Galaxy របស់លោកបន្តសកម្មភាពនៅក្នុងសិល្បៈនោះដែរ ដោយសារតែនោះគឺជាមុខជំនួញដែលលោកចូលចិត្តតាំងពីពេលដែលលោកនៅធ្វើជាពលករនៅក្នុងប្រទេសកូរ៉េ។
លោកនិយាយថាលោកនឹងរកអ្នកមានសមត្ថភាពឲ្យដឹកនាំផលិតកម្មរបស់លោកក្នុងពេលដែលលោកមមាញឹកនឹងមុខជំនួញបើកលក់ដីឡូតិ៍ និងសង់វីឡាកូនកាត់ដាក់លក់នៅក្នុងពេលនេះ ដោយមិនឲ្យផលិតកម្មមិនមានសកម្មភាព ហើយស្ងាត់មិនមានស្នាដៃថ្មីៗនោះទេ។
មកទល់ពេលនេះលោកថាផលិតកម្ម Galaxy បានផលិតបទចម្រៀងជាច្រើនដោយមានទាំងបទប្រភេទចម្លងសាច់ភ្លេងពីជំនាន់ដើម និងបទ Original Song ផង ដោយក្នុងនោះក៏មានភាពយន្តមួយរឿងក្រោមចំណងជើងថា«កំពូលល្ងង់នៅអាស៊ី»វាយលុកទីផ្សារផងដែរ។
លោកមានគម្រោងផលិតរឿង និងបទចម្រៀងល្អបន្ថែមទៀត បើទោះជាការផលិតភាពយន្ត និងផលិតចម្រៀងកន្លងមក មិនអាចឲ្យលោកទទួលផលចំណេញណាមួយ។ លោកថាសិល្បៈគឺលោកស្រឡាញ់ ហើយលោកក៏មិនខ្វល់ពីការចំណាយនោះដែរ សំខាន់ឲ្យតែលោកអាចផលិតរឿង និងបទចម្រៀងដែលមានគុណភាពដូចដែលមហាជនធ្លាប់បានទទួលស្គាល់គឺលោកអស់ចិត្តហើយ។
នៅក្នុងពិធីសម្ពោធលក់វីឡាកូនកាត់ចំនួនជាង២០០ល្វែងស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធី ផ្លូវវ៉េងស្រេងនោះ លោកក៏បានប្រកាសបរិច្ចាគចំនួន១០០លានរៀលជូនដល់កាកបាទក្រហមកម្ពុជា និង៥០លានរៀលបន្ថែមទៀត ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដោយលោកនឹងពាំនាំទឹកប្រាក់ទាំងនេះយកទៅប្រគល់ជូនក្នុងពេលខាងមុខ។
ក្នុងនោះលោកក៏បានប្រកាសថាក្នុងចំណោមវីឡាកូនកាត់របស់លោកចំនួនជាង១០០ល្វែងដែលជាគម្រោងធំក៏នឹងប្រកាសបញ្ចុះតម្លៃចំនួន៥ពាន់ដុល្លារភ្លាមៗសម្រាប់អតិថិជនរយៈពេល១០ថ្ងៃក្រោយពីលោកប្រកាសលក់នោះផងដែរ។
លោកថាក្នុងចំណោមផ្ទះសរុបទាំងជាង២០០ល្វែងបុរីរបស់លោកលក់អស់ជាង១០០ល្វែងហើយ ដោយក្រុមហ៊ុនវីឡាកូនកាត់ឡេងណាវ៉ាត់ត្រារបស់លោក នឹងបន្តបើកគម្រោងថ្មីនោះនៅក្បែរបន្ទាប់ទៀតក្នុងពេលខាងមុខ។
លោកថាខ្លួនប្រកាសលក់វីឡាកូនកាត់កម្ពស់២ជាន់ត្រឹមតែតម្លៃ២៩០០ទៅជាង៣ម៉ឺនប៉ុណ្ណោះ ដើម្បីជួយសម្រួលដល់អ្នកខ្វះខាតឲ្យមានលទ្ធភាពមានផ្ទះរស់នៅ ខណៈដែលបុរីរបស់លោកក៏ពង្រឹងគុណភាពជាធំបើទោះជាបានដាក់លក់ក្នុងតម្លៃធូរថ្លៃជាងគេ៕
មតិយោបល់