ក្នុងប៉ុន្មានថ្ងៃនេះ ស្ថានភាពជំងឺរបស់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បានក្លាយជាប្រធានបទយ៉ាងខ្លាំង បន្ទាប់ពីមានការបំផុសពីក្រុមអ្នកសារព័ត៌មាន និងពីសំណាក់តារាៗក្នុងគ្រុប«គ្រួសារតារាកម្ពុជា»។ អ្វីដែលកាន់តែក្ដុកក្ដួលទៅទៀតនោះ គឺនាងត្រូវគេទម្លាយថាជាកូនកំព្រាតាំងពីវ័យ៧ឆ្នាំ ហើយមកអកុសលនឹងជំងឺដាច់សរសៃឈាមបេះដូង ក្នុងពេលស្ថានភាពជំងឺរបស់នាងក៏ស្ថិតក្នុងដំណាក់ធ្ងន់ធ្ងរ ហើយពុំមានលទ្ធភាពព្យាបាល។
យ៉ាងណាមិញការបំផុសយ៉ាងផុសផុលរបស់គ្រួសារ តារាកម្ពុជា និងពីសំណាក់ផលិតកម្មដែលនាងជ្រកកោណ ក៏នឹងមានការរំពឹងថានឹងមានការជួយសង្គ្រោះដល់នាងតាមការទទូចសុំផងដែរ។
គ្មានអ្នកមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលស្ថានភាពជំងឺរបស់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ត្រូវគេដឹងថាជាជំងឺធ្ងន់ធ្ងរ ក្នុងពេលដែលនាងក៏អះអាងថាលែងមានលទ្ធភាពសូម្បីត្រឹមការព្យាបាល ក្នុងពេលសរសៃឈាមបេះដូងច្រាលឈាមមកក្រៅម្ដងៗ។
យោងតាមស្ថានភាពជំងឺគឺនាងនៅមានសភាពរឹងថ្គាម និងមានឈាមហូរតាមមាត់ តាមច្រមុះ ដោយនាងឧស្សាហ៍សន្លប់ជាញឹកញាប់។
ក្រៅពីទទួលបានជំនួយសប្បុរសពីសំណាក់តារាៗក្នុងគ្រុបគ្រួសារតារាកម្ពុជា ដែលសស្រាក់សស្រាំគ្នាបរិច្ចាគថវិកាជួយនោះ នាងក៏ទទួលបានជំនួយពីសប្បុរសជនផ្សេងទៀតតាមរយៈការបំផុសនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលជាក្រុមការងាររបស់គ្រួសារតារាកម្ពុជា និងតាមរយៈការបំផុសរបស់តារាសិល្បៈនោះផងដែរ។ ក្នុងនោះសូម្បីតែអ្នកគ្រប់គ្រងការផលិតប្រចាំផលិតកម្មទេពនិករភាពយន្ត ផលិតកររឿង”អាគមស្បែកដាច”ដែល កញ្ញា ពេជ្រ ចរណៃ បានសម្ដែង ហើយត្រូវផ្អាកមិនអាចថតបានព្រោះតែនាងធ្លាក់ខ្លួនឈឺធ្ងន់នោះ ក៏ប្រកាសចេញមុខជួយរកជំនួយ ដើម្បីឲ្យនាងទទួលបានលទ្ធភាពក្នុងការវះកាត់សរសៃបេះដូង ដែលក្រុមគ្រូពេទ្យបញ្ជាក់ថាអស់មិនតិចជាង២ម៉ឺនដុល្លារនោះផងដែរ។
យោងតាមការបញ្ជាក់ កញ្ញា មានជំងឺដាច់សរសៃប្រើសបេះដូងច្រើនឆ្នាំមកហើយ តែស្ថានភាពជំងឺនេះធ្វើទុក្ខធ្ងន់ធ្ងរក្នុងមួយរយៈចុងក្រោយ ដោយបណ្ដាលឲ្យនាងឧស្សាហ៍សន្លប់បាត់ស្មារតី និងមានសភាពហូរឈាមតាមមាត់ និងបេះដូង ព្រោះតែឈាមបុកចេញពីបេះដូង ហើយធ្លាយតាមសរសៃប្រើសដែលដាច់រហែក។ នាងទើបបានចូលសង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃទី២៧ តុលា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ហើយដោយលទ្ធភាពតម្រូវឲ្យវះកាត់មិនអាចធ្វើទៅបាន ទើបសម្រេចដឹកចេញមកសម្រាកនៅផ្ទះ ក្នុងសភាពមិនទាន់ធូរស្រាលនៅឡើយ។
ក្រុមការងាររបស់ផលិតកម្មទេពនិករភាពយន្តបញ្ជាក់ថា កញ្ញា ជាតួសម្តែងដែលគោរពវិន័យគោរពពេលវេលា មានក្រមសីលធម៌ខ្ពស់ និងមានអត្តចរិតស្លូតបូតណាស់ ទើបស្ថានភាពជំងឺធ្វើទុក្ខរបស់នាងត្រូវបានម្ចាស់ផលិតកម្មមួយនេះប្រកាសចេញមុខជួយអំពាវរកសប្បុរសជន ហើយមិនខ្វល់រឿង«អាគមស្បែកដាច»ត្រូវថតមិនចប់ក្នុងពេលសម្រុកឲ្យឆាប់ចប់នោះ។
គួរបញ្ជាក់ថា កញ្ញា ពេជ្រ ចរណៃ គឺក្មេងកំព្រាឳពុក ដោយត្រូវឳពុកស្លាប់ចោលតាំងពីអាយុ៧ឆ្នាំ ទើបស្ថានភាពរស់នៅរបស់នាងមានភាពលំបាកវេទនាដោយបច្ចុប្បន្ននាងជួលផ្ទះគេបើកហាងតូចមួយ ហើយកំពុងប្រឈមនឹងខ្វះខាតជីវភាពទៅទៀតនៅពេលនាងដែលជាជំហរគ្រួសារលែងមានលទ្ធភាពរកចំណូល ហើយត្រូវប្រឈមនឹងប្រើលុយច្រើនក្នុងការព្យាបាល។ មកទល់ពេលនេះ កញ្ញាត្រូវគេដឹងថាមានជីវភាពលំបាកទ័លច្រកយ៉ាងខ្លាំង ជាមួយស្ថានភាពជំងឺដែលនឹងប្រឈមគ្រោះថ្នាក់ដល់ជិវិតបើនាងមិនរួសរាន់វះកាត់បេះដូងដែលឈានដល់ដំណាក់ធ្ងន់ធ្ងរ។
នាងកំពុងស្ថិតក្នុងការលេបថ្នាំពន្យាជីវិត ដោយរង់ចាំថវិកាវះកាត់ ដែលក្ដីសង្ឃឹមនោះគឺមានតែមួយគត់ គឺមានការជ្រោមជ្រែងពីសប្បុរសជន។ សូមធ្វើការជួយនាងដោយផ្ទាល់ តាមរយៈលេខ ០៩៦ ៩២៦ ៧៧៧៧ ៕
មតិយោបល់