ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើលផលិតថែរក្សាសម្រស់មួយប្រភេទរបស់ប្រទេសកូរ៉េ ដែលមានយីហោថា Dr. Tiara អាចប្រមូលតារាស្រី៣ដួង គឺកញ្ញា មាស សុខសោភា កញ្ញាពេជ្រ សោភា និងកញ្ញា សុគន្ធ និសា ឲ្យក្លាយតួអង្គក្នុងការឃោសនាផលិតផលរបស់ខ្លួនបាន ដែលស្ប៉តថ្មីនេះ ត្រូវបានប្រកាសថា នឹងចាក់ផ្សាយទូលំទូលាយនៅកញ្ចក់ទូរទស្សន៍បាយ័ន និង CTV8HD នៅចុងសប្ដាហ៍នេះ។ នេះជាការប៉ះគ្នាយ៉ាងកម្រ ខណៈដែលតារាស្រីទាំង៣មិនធ្លាប់ទទួលផ្សាយពាណិជ្ជកម្មបែបនេះរួមគ្នាកន្លងមក។
លោក ណារ៉ា ជាផលិតករកម្មវិធីទូរទស្សន៍ និងជាអ្នកតំណាងផលិតផល Dr.Tiara បានអះអាងថា តារាស្រីទាំង៣បានទទួលថតស្ពតឲ្យខ្លួនប្រមាណជាមួយរយៈមកហើយ ប៉ុន្តែមកពីស្ប៉តថ្មីនេះត្រូវការរៀបចំឲ្យបានឥតខ្ចោះ ទើបមិនទាន់បានដាក់ឃោសនា។ លោកថា ស្ប៉តនេះនឹងរំលេចពីរូបសម្រស់ និងសកម្មភាពសើចសប្បាយរបស់កំពូលតារាស្រី៣ដួង គឺពេជ្រ សោភា មាស សុខសោភា និងសុគន្ធ និសា ពាក់ព័ន្ធនឹងឃោសនាផលិតផលសម្រស់ល្បីឈ្មោះ គឺ Tiara ដែលលោក និងដៃគូធ្វើការនាំចូល។ លោកថា ស្ប៉តនេះនឹងធ្វើការចាក់ផ្សាយបើកឆាកនៅប៉ុស្ដិ៍បាយ័ននៅល្ងាចថ្ងៃទី៩ កញ្ញា និងបន្តចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTV8HD នៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ និងបន្តចាក់ផ្សាយគគ្រឹកគគ្រេងនៅក្នុងកម្មវិធីដែលលោកទិញម៉ោងទូរទស្សន៍ចាក់ផ្សាយ។ លោកបដិសេធទម្លាយឲ្យដឹងពីតម្លៃខ្លួនរបស់តារាស្រីទាំង៣ ដោយលោកគ្រាន់តែអះអាងថា ផលិតផល Tiara គឺជាផលិតផលផ្នែកសម្ផស្សធំមួយដែលមានឱកាសទទួលបានតារាស្រីទាំង៣ឲ្យចេញមុខឃោសនាផលិតរួមគ្នាជាលើកទី១ បន្ទាប់ពីពួកគេក្លាយជាកំពូលតារាចម្រៀង។
យោងតាមវិដេអូឃ្លីបដែលខាងក្រុមហ៊ុនទម្លាយចេញ គឺកញ្ញា ពេជ្រ សោភា មាស សុខសោភា និងសុគន្ធ និសា ត្រូវបានគេឲ្យលេងស្ទីលសប្បាយៗក្នុងស្ពត និងមានការតុបតែងកាយដូចតារាបរទេស ដើម្បីឲ្យពួកនាងរំលេចរូបសម្រស់ក្នុងការឃោសនា។ ស្ប៉តនេះក៏ត្រូវគេរំពឹងថានឹងទាក់ទាញអ្នកគាំទ្រឲ្យចាប់អារម្មណ៍ផងដែរ ដោយសារតែអ្នកទាំង៣មានឈ្មោះជាតារាចម្រៀងប្រចាំផលិតកម្មធំផ្សេងគ្នា តែអាចលេចមុខក្នុងស្ប៉តរួមគ្នាបាន៕
https://youtu.be/fEcgIf1uPmg
មតិយោបល់