ព័ត៌មានសិល្បៈ និងកម្សាន្ត

សុីកម្អែលខ្មោចនាងនាថ តារាសម្ដែង អៀម សុខា ឡើងកូដដល់ម្លឹង!

នៅក្នុងភាពយន្តរឿង «កំណត់ហេតុនាងនាថ» គ្មានអ្នកណាមិនស្គាល់តួអង្គខ្មោចក្នុងរឿងហ្នឹងនោះទេ ដោយសារតែតួខ្មោចនៅក្នុងរឿងហ្នឹងមានរូបរាងប្លែក គួរឲ្យខ្លាច ធ្វើឲ្យមានការចាប់អារម្មណ៍។

អ៉ីចឹងហើយទើបក្រោយពីមានការបង្ហាញមុខមាត់ពិតថាតួអង្គខ្មោចដ៏អាក្រក់នៅក្នុងរឿងនោះ គឺជាអ្នកណា បានធ្វើឲ្យ លោកអៀម សុខា ដែលត្រូវគេស្គាល់ថាជាអតីតអ្នកផាត់មុខដ៍ជំនាញម្នាក់ផង ឈានឡើងទីផ្សារតែម្ដង។ លោកត្រូវគេដឹងថា បានតំណែងធំក្នុងរឿង«សរសរកន្លោង» និងរឿង«ម៉ាដាមអាប២០១៨» របស់ផលិតកម្មក្លាស៊ិច ព្រោះតែកម្អែលបានសម្ដែងជាតួខ្មោចនាថនាថ ដែលគ្មានអ្នកណាបានឃើញមុខពិតនោះផង។

នេះជាការឈានឡើងគួរឲ្យកត់សម្គាល់ ក្នុងពេលដែលលោកត្រូវបានគេជ្រើសឲ្យតំណាងជាតួអង្គខ្មោចនាងនាថ ក្នុងពេលនាងនាថក្លាយជាខ្មោចមានរូបរាងអាក្រក់ ហើយត្រូវផលិតករតម្រូវឲ្យលោកតែងខ្លួនដូចក្នុងរឿងដើរបន្លាចតាមរោង ក្នុងពេលដាក់បញ្ចាំងរឿង «កំណត់ហេតុនាងនាថ»។ ក្រោយពីរឿងនោះក្លាយជារឿងល្បីល្បាញ បានជួយឲ្យលោកក្លាយជាតារាឡើងកូដតែម្ដង ដោយបានទាំងសម្ដែងក្នុងតំណែងជាតួចេញមុខចេញមាត់នាពេលចុងក្រោយ។ លោក អៀម សុខា ដែលត្រូវគេស្គាល់ភាគច្រើនថាឈ្មោះ សុខា អូប៉ា នៅលើហ្វេសប៑ុក បានអះអាងថាជំហានជាថ្មីក្នុងរឿង«កំណត់ហេតុនាងនាថ»ក្រោយពីលោកផ្អាកសម្ដែងមួយរយៈ បានធ្វើឲ្យលោកប្រែក្លាយជាតារាសិល្បៈមួយរូបដែលមានទីផ្សារមិនគួរឲ្យជឿ ជាពិសេសក្នុងពេលដែលខាងផលិតករច្រើនឡើងដឹងថាលោកមានជំនាញសម្ដែងកំប្លែងបានល្អ។

មកទល់ពេលនេះលោកសារភាពទីផ្សារឈានឡើងដល់កម្រិតច្រានចោលការសម្ដែងនៅក្នុងទូរទស្សន៍ហង្សមាស នាពេលថ្មីៗ ព្រោះតែគ្មានពេលគ្រប់គ្រាន់ ។ ក្នុងរឿង«សរសរកន្លោង»លោកគឺជាតួអង្គក្រមីចក្រម៉ើមលេចធ្លោជាមួយអ្នកនាងប៉េងប៉ោង និងតួសំខាន់ជាច្រើនទៀត ដោយលោករំពឹងយ៉ាងខ្លាំងថាក្រោយពេលភាពយន្តមួយនេះដាក់បញ្ចាំងនៅថ្ងៃទី៨ ខែ១១ ខាងមុខពិតជាធ្វើឲ្យលោកកាន់តែមានទីផ្សារ និងមានការចាប់អារម្មណ៍ទ្វេរដង។ គាប់ជួនជាលោកក៏ជាតារាហ្វេសប៊ុក ដែលសម្បូរការបង្ហោះប្លែកៗ និងមានឈុតសម្ដែងបែបកំប្លែងគួរឲ្យចាប់អារម្មណ៍ផងបង្ហោះជាហូរហែរផង ទើបរឹតតែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារារាងម៉ាប់រូបនេះ ឡើងកូដនៅក្នុងវិស័យភាពយន្ត។

លោក អៀម សុខា និយាយថាក្រៅពីរឿង«សរសរកន្លោង»ភាពយន្តរឿង«នរណាComeback»របស់ផលិតកម្មក្លាស៊ិក ដែលត្រៀមដាក់បញ្ចាំងនៅថ្ងៃទី១៦ វិច្ឆិកា ក៏ធ្វើឲ្យលោករំពឹងខ្ពស់ផងដែរ ដោយសារតែលោកក៏បានសម្ដែងជាតួលេចមុខលេចមាត់ដូចគ្នា។ លោកថាតាំងពីបានសម្ដែងជាតួខ្មោចនាងនាថក្នុងរឿង«កំណត់ហេតុនាងនាថ»គឺបណ្ដាផលិតករដែលហៅលោកថត មិនសូវឲ្យលោកសម្ដែងជាតួរាយរងដូចមុនទៀតទេ ដោយលោកបានចាត់ទុកថាការសម្ដែងមិនឃើញមុខជាតួខ្មោចនោះ គឺជាចលករជួយឲ្យលោកឈានឡើងនោះផង៕

មតិយោបល់