ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រៀបចំធ្វើសមយុទ្ធ និងជម្លៀសប្រជាជនចេញពីទីក្រុង ខណៈអាមេរិកបង្កើនការគំរាមកំហែង

កូរ៉េៈ ប្រភពព័ត៌មានជាច្រើន បានឲ្យដឹងថា កូរ៉េខាងជើង កំពុងរៀបចំធ្វើសមយុទ្ធ និងជម្លៀសប្រជាជនចេញដ៏ធំធេង ដែលមិនធ្លាប់មានពីមុនមកនៅតាមទីក្រុង និងទីប្រជុំជនតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងកើតនៃប្រទេស ខណៈភាពតានតឹងរវាងអាមេរិក និងក្រុងព្យុងយ៉ាងនៅតែបន្តកើនឡើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

កាសែតកូរ៉េខាងត្បូង បានរាយការណ៍ថា ពលរដ្ឋកូរ៉េខាងជើង បានអនុវត្តការចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ជាមួយនឹងការបិទចរន្តអគ្គិសនីលែងឲ្យមានពន្លឺភ្លើងភ្លឺ នៅក្នុងផ្ទះរបស់ពួកគេតទៅទៀត ដើម្បីបង្ការក្នុងករណីបំផ្ទុះគ្រាប់បែកណាមួយកើតទ្បើង។

នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅទីក្រុងសេអ៊ូល ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍កន្លងទៅ លោក James Mattis បាននិយាយថា «កូរ៉េខាងជើង បានពន្លឿនការគំរាមកំហែង ដល់ប្រទេសជិតខាង និងពិភពលោក តាមរយៈកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់ ដែលមិនចាំបាច់របស់របបមួយនេះ ជាហេតុនាំឲ្យអាមេរិក និងកូរ៉េខាងត្បូង ត្រូវធ្វើកិច្ចសហប្រតិបត្តិការការទូត និងយោធារបស់ពួកគេ ក្នុងភាពបន្ទាន់ថ្មីមួយ។

ក្នុងនោះលោក Mattis ក៏បានព្រមានផងដែរថា អាមេរិកមិនអាចទទួលយកកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងបានទ្បើយ ហើយថាការគឃ្លើនសាកល្បងអាវុធនុយក្លេអ៊ែរណាមួយ ពីសំណាក់ក្រុងព្យុងយ៉ាង នឹងត្រូវបានឆ្លើយតបដោយផ្នែកយោធាដ៏ធំធេង និងប្រកបដោយប្រសិទ្ធភាពបំផុតរបស់ខ្លួន៕

មតិយោបល់