តាំងពីល្ងាចថ្ងៃ៣១ តុលា តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលត្រូវគេស្គាល់ថាជាសិស្សគុនល្បុកតោផង បានចូលទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យថៃនៅក្នុងទីក្រុងបាងកកហើយ ខណៈដែលគ្រាន់តែថ្លៃថតពិនិត្យត្រូវបានម្ដាយរបស់នាងប្រាប់ថាមានតម្លៃស្មើនឹងថតនៅខ្មែររហូតដល់គុណនឹង១០ឯណោះ ដែលកំពុងតែធ្វើឲ្យនាង និងគ្រួសារស្មុគចិត្ត។
នៅមិនទាន់ឈានដល់ការពិភាក្សាពីតម្លៃវះកាត់នៅឡើយផង នាងស្ទើតែត្រូវចំណាយអស់លុយដែលទទួលបានពីការបរិច្ចាគមុនទៅពីស្រុកខ្មែរនោះបាត់ទៅហើយ។
អ្នកស្រី ដួង សុជាតា ម្ដាយរបស់នាងបានអះអាងថាខាងពេទ្យថៃនឹងឲ្យដឹងពីតម្លៃវះកាត់នៅក្រោយការពិនិត្យល្អិតល្អន់ ប៉ុន្តែមិនទាន់ដឹងថានឹងត្រូវចំណាយប៉ុន្មាននោះទេ ក្នុងពេលដែលអ្នកស្រីគឺបានបញ្ជូនកូនស្រីឲ្យទៅកាន់មន្ទីរពេទ្យជំនាញបេះដូងដោយភាពប្រថុយប្រថានសុទ្ធសាធ តែមានការរំពឹងខ្លាំងពីខាងសប្បុរសជនដែលប្រកាសស្វែងរកឲ្យខាងផលិតកម្មទេពនិករដែលបានជ្រោមជ្រែងពីក្រោយ។
អ្នកស្រីថាមិនទាន់ដឹងថាប្រភេទជំងឺរបស់កូនស្រីនឹងមានស្ថានភាពតម្រូវឲ្យសម្រាកនៅក្នុងប្រទេសថៃប៉ុន្មានថ្ងៃដូចគ្នា ក្នុងពេលដែលអ្នកស្រី ដែលបានចាកចេញទៅកាន់ប្រទេសថៃដើម្បីថែទាំងតារាសម្ដែងកញ្ញា ពេជ្រ ចរណៃនោះ គឺទៅទាំងស្រាលខ្លួនតែម្ដង ព្រោះតែខ្វះខាតលុយវះកាត់ និងលុយសម្រាប់ចាយវាយនៅពេលថែទាំជំងឺ។ យ៉ាងណាមិញ អ្នកស្រីរំពឹង និងជឿជាក់ថាជំងឺប្រហោងបេះដូង និងឈានដល់ដាច់សរសៃប្រើសបេះដូងរបស់កូនស្រីនឹងមានការសង្គ្រោះ ដោយសារតែក្នុងពេលនេះសភាពជំងឺរបស់នាងត្រូវបានបំផុសដោយបណ្ដាញសារព័ត៌មាន និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេសធ្វើឲ្យមានការអាណិតអាសូរពេញផ្ទៃប្រទេសកើតឡើង។
អ្នកស្រីបានសម្ដែងអំណរគុណចំពោះបណ្ដាសប្បុរសជនដែលបានបរិច្ចាគថវិកាជួយដល់កូនស្រី ហើយអ្នកស្រីប្រកាសថាប្រសិនបើពេជ្រ ចរណៃ រួចផុតពីការគំរាមដោយអាយុជីវិតក្រោយចាកចេញពីថៃពិតប្រាកដមែន គឺអ្នកស្រីមិនភ្លេចការសង្គ្រោះដ៏ផុសផុលនេះទេ។
មុនចាកចេញពីប្រទេសកម្ពុជា កញ្ញា ពេជ្រ ចរណៃ បានទទួលថវិកាសង្គ្រោះក្នុងជំហ៊ានដំបូងចំនួន១១៤០ ដុល្លារ និង១៥ម៉ឺនរៀល ដោយក្នុងនោះអណិកជនខ្មែរនៅអូស្រ្តាលីដែលជាម្ចាស់អង្គការខ្ញុំខ្មែរ បានផ្ដល់ជំនួយជួយនាងតាមរយៈគ្រួសារតារាកម្ពុជាចំនួន៦០០ ដុល្លារ ដើម្បីឲ្យនាងបានធ្វើលិខិតឆ្លងដែនបន្ទាន់មួយបានចេញពីព្យាបាលដើម្បីសង្គ្រោះ។
នៅក្នុងពេលនេះគ្រួសារតារាកម្ពុជាកំពុងបន្តស្វែងរកកម្លាំងជំនួយជួយដល់នាងបន្ថែមទៀត ដោយលទ្ធផលជាបណ្ដោះអាសន្នគឺនាងនឹងទទួលបានទឹកប្រាក់ជំនួយជាលើកទី២ប្រមាណជារាប់រយបន្ថែមទៀត ដើម្បីឲ្យនាង និងម្ដាយបានដោះស្រាយក្នុងពេលទៅព្យាបាលនៅក្នុងប្រទេសថៃ។ អ្នកស្រីសុជាតា បញ្ជាក់ថាជីវិតចុងក្រោយរបស់ពេជ្រ ចរណៃ នឹងស្ថិតក្នុងដៃរបស់សប្បុរសជនទាំងស្រុង ដោយសារតែអ្នកស្រីគឺជាស្រ្តីមេម៉ាយប្ដីស្លាប់ និងមានជីវភាពខ្វះខាត មិនមានលទ្ធភាពចំណាយលុយកាក់លើការព្យាបាលនោះទេ ប្រសិនបើគ្មានការជួយសង្គ្រោះឲ្យបានទាន់ពេល។
តំណាងផលិតកម្មទេពនិករ ដែលពេជ្រ ចរណៃ បានថតរឿង«អាគមស្បែកដាច»ហើយថតមិនទាន់ចប់នោះបានអះអាងថា ថ្នាក់ដឹកនាំផលិតកម្មកំពុងស្វះស្វែងលើកិច្ចការនោះហើយ ដោយខាងផលិតកម្មរំពឹងថាក្រុមសប្បុរសជនដែលមានទឹកចិត្តសប្បុរសនឹងជួយពេជ្រ ចរណៃ ទាន់ពេល នៅក្នុងប្រទេសថៃនាពេលនេះ៕
មតិយោបល់