អាមេរិកៈ យ៉ាងហោចណាស់មនុស្ស ៨ នាក់ ត្រូវបានសម្លាប់ និង ១៣ នាក់ទៀតបានរងរបួស បន្ទាប់ពីជនសង្ស័យម្នាក់ បានបើករថយន្តបំបុកចូលហ្វូងអ្នកថ្មើរជើង នៅទីក្រុងញូវយ៉ក មុនពេលត្រូវបានប៉ូលិសបាញ់សម្លាប់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៧។
អភិបាលក្រុងញូវយ៉កលោក Bill de Blasio បានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា ឧបទ្ទវហេតុកាលពីម្សិលមិញនេះ គឺជាអំពើភេរវកម្ម ដ៏សែនកំសាករបស់ពួកភេរវករ ដែលបានបើកការវាយប្រហារសំដៅទៅលើជនស៊ីវិលស្លូតត្រង់។
ពាក់ព័ន្ធនឹងបញ្ហានេះ ប៉ូលិសបាននិយាយថា បុរសជនសង្ស័យបង្កម្នាក់ អាយុ ២៩ ឆ្នាំ បានបើករថយន្តដឹកទំនិញមួយគ្រឿង ចូលទៅក្នុងផ្លូវជិះកង់ដ៏មមាញឹកមួយ ស្ថិតនៅតំបន់ West Side នៃទីប្រជុំជន Lower Manhattan រួចក៏ធ្វើការវាយប្រហារមនុស្សមួយចំនួន នៅតាមបណ្តោយផ្លូវនោះតែម្ដង៕
មតិយោបល់