ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោង ភ័យរឿងដុំសាច់នាយវីតាមីនសេ ជាមហារីកកាច

អ្នកនាងប៉េងប៉ោង បានបង្ហាញអារម្មណ៍ស្លុតចិត្តយ៉ាងខ្លាំង ជាមួយនឹងលទ្ធផលរបស់នាយវីតាមីនសេជាឪពុក ដែលត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានដុំសាច់ធំមួយនៅក្នុងបរិវេណថ្លើម ដែលដុំសាច់នោះគឺមិនទាន់ត្រូវបានពិសោធន៍ឃើញថា ជាដុំសាច់ធម្មតា ឬជាដុំសាច់មហារីក ដែលជាសាច់កាចនោះទេ។ អ្នកនាងថាលោកវីតាមីនសេ ចាប់ផ្ដើមមានអាការៈចុកក្នុងបរិវេណដែលមានដុំសាច់ ហើយក្នុងរយៈពេលចុងក្រោយ លោកក៏មានសភាពហេវហត់ និងក្ដៅពិបាកម្ដងៗរាល់ពេលធ្វើទុក្ខណាស់ដែរ ទើបឈានដល់ការយកស្កេនមួយតួខ្លួន ហើយលទ្ធផលចុងក្រោយ គឺមានដុំសាច់ក្នុងថ្លើម។

អ្នកនាងនិយាយថាដុំសាច់ដែលកើតឡើងនោះគឺមានទំហំគួរអោយបារម្ភ ដោយវាបានរកឃើញថាមានសភាពរឹងឡើងចង់មួយចំហៀងថ្លើមទៅហើយ ក្នុងពេលដែលអ្នកនាងប្រាប់ថា មិនដែលដឹងថាមានដុំសាច់បែបនោះកើតឡើងទាល់តែសោះ។ អ្នកនាងថាដុំសាច់ដែលបានដុះ គឺជាទំហំប៉ុនពែងតែ ប៉ុន្តែនៅជុំវិញដុំសាច់មិនទាន់រកឃើញមេរោគប្រភេទមហារីកទៅបង្កការប៉ះពាល់ណាមួយនោះទេ ទើបអ្នកនាងរំពឹងថា នោះជាដុំសាច់ស្លូត ព្រោះតែមិនមានសភាពរាលដាល។ អ្នកនាងថាលោកវីតាមីនសេ សម្រេចចិត្តទៅសម្ដែងកាលពីយប់ថ្ងៃបុណ្យអុំទូកព្រោះតែនាយក្រឹមមកដឹកដល់ផ្ទះ និងចង់អោយសប្បាយចិត្តកុំអោយកើតទុក្ខច្រើនក្រោយពេលរកឃើញដុំសាច់ប៉ុណ្ណោះ ប៉ុន្តែការពិតលោកបង្ហាញអោយឃើញ នូវភាពរឹងមាំនៅក្នុងពេលនោះ គឺទៅទាំងឈឺនោះទេ។

អ្វីដែលអ្នកនាងពិបាកចិត្តគឺលោកទទួលយកមិនបាននូវលទ្ធផលដែលបានស្ដែងឡើង ដោយលោកមិនចង់ទទួលការវះកាត់ ដើម្បីអោយមានការយកដុំសាច់ ទៅពិនិត្យនោះទេ ព្រោះតែលោកបារម្ភខ្លាចនោះ ជាដុំសាច់មហារីកកាចដែលលោកពិតជាមិនអាចធ្វើចិត្ត។ មួយចំណុចទៀតគ្រូពេទ្យ ក៏មិនទាន់ប្រាកដថា នឹងអាចវះកាត់នាយវីតាមីនសេ ដើម្បីយកដុំសាច់បានទៅពិសោធន៍នោះដែរ ដោយសារតែលោកមានជំងឺទឹកនោមផ្អែមមិនស្រួលក្នុងការវះកាត់ ហើយវ័យរបស់លោកគឺ៧០ឆ្នាំក្នុងឆ្នាំនេះ ក៏ពិបាកលេបថ្នាំដើម្បីរំលាយដុំសាច់នោះដូចគ្នា។ អ្នកនាងថាលែងចង់មានកម្លាំងរស់នៅទៀតហើយ បន្ទាប់ពីឃើញលោកឪពុក មានជំងឺដុំសាច់ក្នុងថ្លើមកើតឡើង បើទោះជាលទ្ធផលនៅមិនទាន់ដឹងថាតើនោះជាដុំសាច់មហារីក ហើយជាសាច់ស្លូត ឬសាច់កាច។

អ្នកនាងនៅតែបានបួងសួងសុំអោយឪពុកមិនមានជំងឺធ្ងន់ធ្ងរកើតឡើង និងថាសុំអោយដុំសាច់នោះគ្រាន់តែជាដុំសាច់ធម្មតា ដែលមិនបង្កអោយមានការប៉ះពាល់ដល់អាយុជីវិតរបស់លោកដូចគ្នានឹងភរិយារបស់លោករិន សាវ៉េត ដែលរកឃើញដុំសាច់ដូចគ្នា ហើយចុងក្រោយក៏ជាមហារីកសាច់កាច។ យ៉ាងណាមិញ អ្នកនាងថាភរិយារបស់លោករិន សាវ៉េត គឺបានរកឃើញថា មានមេរោគរាលដាលពេញខ្លួន ដែលផ្ទុយពីនាយវីតាមីនសេ គឺលោកមានតែដុំសាច់ប៉ុណ្ណោះ តែអត់មានការរីករាលដាលដល់សរីរាង្គផ្សេងៗ នោះទេ៕

មតិយោបល់