ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្អៀងផ្សារអ៉ីអន គ្រាន់តែបើកសម្ពោធ រឿង«សរសរកន្លោង»

កាលពីល្ងាចថ្ងៃទី៨ វិច្ឆិកា ផលិតកររឿង«សរសរកន្លោង»បានរៀបចំពិធីប្រកាសដាក់បញ្ចាំងភាពយន្តរបស់ខ្លួនយ៉ាងអធឹកអធម ដោយគេឃើញវត្តមានតារាសិល្ប:បង្ហាញខ្លួនស្ទើរតែផ្អៀងផ្សារទំនើបអ៉ីអនតែម្ដង ក្នុងពេលដែលអ្នកគាំទ្រក៏ចោមរោមវត្តមានតារាទាំងនោះធ្វើឲ្យបរិយាសដែលរៀបចំពិធីទាំងមូលមានភាពគគ្រឹកគគ្រេង។

នេះជាភាពយន្តទី២របស់ផលិតកម្មឥន្ទ្រានិមិត្ត បន្ទាប់ពីរឿង«កំណត់ហេតុនាងនាថ»ទទួលបានជោគជ័យក្នុងពេលដាក់បញ្ចាំង និងមានតារាសិល្ប:កុះករចូលរួមសម្ពោធបែបនេះដូចគ្នា។

ក្រៅពីតារាសិល្ប:ដែលបានសម្ដែងក្នុងរឿង«សរសរកន្លោង»គេឃើញតារាសិល្ប:នៅក្នុងពិភពសិល្ប:ទាំងតារាសម្ដែង តារាបង្ហាញម៉ូត តារាកំប្លែង និងពិធីករពិធីការិនី យ៉ាងច្រើនកុះករចូលរួមអបអរនៅក្នុងពិធីនោះ ដែលធ្វើឲ្យពិធីសម្ពោធរឿង«សរសរកន្លោង»មានអ៊ូអរ។

យ៉ាងណាមិញគេមិនឃើញតារាសិល្ប:ជាភ្ញៀវកិត្តិយសតុបតែងខ្លួនក្នុងសម្លៀកបំពាក់ក្នុងសម័យបារាំងតាមការចង់បានរបស់ផលិតករនោះទេ ទើបគេឃើញតែតួសម្ដែងក្នុងរឿងតុបតែងខ្លួនជាទម្រង់បែបនោះ ហើយសម្រាប់តារាសិល្ប:ជាភ្ញៀវកិត្តិយសគឺស្លៀកពាក់បែបចម្រុះ ដែលធ្វើឲ្យពិធីទាំងមូលមានទម្រង់តែមួយដូចការស្នើសុំ។

តារាសិល្ប:ភាគច្រើនបានអះអាងថាដោយសារតែខ្លួនរវល់ហើយមិនអាចរៀបចំខ្លួនក្នុងសម័យបារាំងបានទាន់ពេលវេលា ទើបការចូលរួមមិនអាចស្លៀកពាក់តាមទម្រង់នោះបាន។ យ៉ាងណាមិញ ក៏ចាត់ទុកថាជាកិត្តិយសមិនធម្មតានោះដែរ ដែលតារាទាំងល្បីខ្លាំង និងកំពុងឡើងកូដច្រើនកុះករបង្ហាញខ្លួនបើទោះជាតារាទាំងនោះសុទ្ធតែមានពេលវេលារវល់ខ្លាំងរៀងខ្លួន។

លោករ៉ូណាន់ ផលិតកររឿង«សរសរកន្លោង»បានអះអាងថាខ្លួនសុខចិត្តបើករោង២ទម្រាំអាចទទួលតារាសិល្ប: និងភ្ញៀវកិត្តិយសក្នុងថ្ងៃសម្ពោធនោះបាន។ លោកក៏បានរំពឹងយ៉ាងខ្លាំងថាភាពយន្តនេះនឹងទទួលបានជោគជ័យ ក្នុងពេលដាក់បញ្ចាំងលក់សំបុត្រចាប់តាំងពីថ្ងៃទី៩ វិច្ឆិកា តទៅនោះផងដែរ ដោយសារតែលោកសម្អាងថាភាពយន្តមួយនេះ ទទួលបានចាប់អារម្មណ៍ពីសំណាក់អ្នកធ្លាប់ជឿជាក់លើស្នាដៃរឿង«កំណត់ហេតុនាថនាថ!»របស់លោកភាគច្រើន។

មួយរឿងដ្បិតថាបានចំណាយទុនខ្ពស់ តែលោកសង្ឃឹមថានឹងទទួលបានមិនក្រោម៣០ម៉ឺនដុល្លារ ក្រោយការទម្លាក់ផ្លាកចេញពីរោងមិនខុសគ្នាពីរឿងមុនឡើយ ដោយស្រួលមិនស្រួលអាចនឹងទទួលបានចំណូលខ្ពស់ជាងរឿង«កំណត់ហេតុនាងនាថ»ផង ដោយសារតែភាពយន្តរឿង«សរសរកន្លោង» លោកសម្រិតសម្រាំងទាំងប្លង់ និងរំលេចឈុតខ្មោចឲ្យមានភាពភ័យរន្ធត់ ច្រើនជាងកំប្លែងឥតប្រយោជន៍។

ក្រោយបើកសម្ពោធយ៉ាងកក្រើកផ្សារអ៉ីអននៅកណ្ដាលភ្នំពេញនេះ លោកក៏នឹងដឹកនាំតួសម្ដែងសំខាន់ៗទៅបើកសម្ពោធមួយតង់ទៀតនោះខេត្តសៀមរាបនៅថ្ងៃទី៩ វិច្ឆិកានេះផងដែរ ក្នុងពេលដែលលោកក៏នឹងតម្រូវឲ្យតួសម្ដែងតែងតួជាខ្មោចក្នុងរឿង ហើយដើរពញាក់អារម្មណ៍អ្នកទស្សនាតាមរោងក្នុងពេលបន្តបន្ទាប់៕

មតិយោបល់