ព័ត៌មានសិល្បៈ និងកម្សាន្ត

អេននី ហ្សាម ប្រែប្រួលលឿន ពីស្រីម៉ាប់ៗ មករាងស៊ិចស៊ីគួអោយទាក់ទាញ

កាលពីពេលកន្លងមក មហាជនប្រាកដជាធ្លាប់មានការភ្ញាក់ផ្អើលរួចមកហើយពីរូបរាងរបស់តារាចម្រៀងប្រចាំផលិតកម្មថោន គឺកញ្ញា អេននី ហ្សាម ដែលបានឡើងទម្ងន់រហូតដល់ទៅជិត ២០ គីឡូ ពោលគឺកាលពីចូលសិល្បៈដំបូងៗនាងមានទម្ងន់ប្រមាណ ៤៥ គីឡូ តែក្នុងអំឡុងឆ្នាំ ២០១៧ ដល់ ឆ្នាំ២០២០ នាងឡើងទម្ងន់ដល់ទៅ ៦៥ គីឡូឯនោះ។

ការឡើងគីឡូរបស់តារាចម្រៀងប្រចាំផលិតកម្មថោននេះដែរ បានធ្វើឱ្យមហាជនជាច្រើនបើកភ្នែកធំៗសម្លឹងមើលទៅនាង ព្រមទាំងខ្លះមានចម្ងល់ និង ចោទការសង្ស័យថានាងអាចនឹងមានផ្ទៃពោះទៀតផង។ យ៉ាងណាក៏ដោយ កាលនោះកញ្ញា អេននី ហ្សាម ក៏ធ្លាប់បានប្រាប់ថា នាងមិនមានផ្ទៃពោះដូចគេសង្ស័យនោះទេ ការពិតទៅនាងបានប្រហែសខ្លួន ក៏ព្រោះតែការចូលចិត្តញុំាអាហារ និង គ្រឿងស្រវឹង ទើបធ្វើឱ្យគីឡូខ្លួនឡើងក្រឺតៗមិនស្រកសោះ។

យ៉ាងណាមិញ ស្រាប់តែចាប់ពីអំឡុងខែសីហា ឆ្នាំ ២០២១ រហូតមកដល់ពេលនេះ តារាចម្រៀង អេននី ហ្សាម បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្លឹកភ្នែកសាជាថ្មីនឹងរូបរាងរបស់នាង ដោយបានផ្លាស់ប្តូរជិតវិលត្រលប់មកដូចដើមវិញ កាលពីនាងចូលសិល្បៈដំបូងៗ ក៏ព្រោះរយៈពេលខ្លីតារាស្រីរូបនេះបានស្រកគីឡូដល់ទៅជិត ១០ គីឡូវិញភ្លាមៗ ពី ៦២ គីឡូ មកត្រឹម ៥៤ គីឡូវិញ ដោយមិនបានហាត់ប្រាណ និង តមអាហារអ្វីច្រើននោះឡើយ។

ការស្រកគីឡូជាថ្មីនេះដែរ កញ្ញា អេននី ហ្សាម ហាក់មានការជឿជាក់ជាថ្មីម្តងទៀត ដោយនាងចាប់ផ្តើមបង្ហាញរូបរាងក្បាលពោះរាបស្មើ និង ស្លៀកពាក់សិចស៊ីជាថ្មីម្តងទៀត ក្រោយពីខ្លួនហាក់មានការអៀនខ្មាស ដោយរូបរាងធាត់អស់រយៈពេលប្រមាណ ៣ ឆ្នាំ មកនោះ៕

មតិយោបល់