មុនសម្ពោធរឿង«សរសរកន្លោង» លោករ៉ូណាន់ ដែលត្រូវគេស្គាល់ថាជាផលិតករវ័យក្មេង និងមានស្នាដៃនៅក្នុងផលិតកម្ម«ឥន្ទ្រានិមិត្ត» ប្រកាសថាលោកនឹងឈប់ផលិតកុនបើសិនបើរដ្ឋាភិបាលកំណត់ពន្ធថ្មីលើការផលិតភាពយន្ត ដែលលោកបានហៅពន្ធដែលបានប្រកាសនោះថាជាបំផ្លាញទឹកចិត្តផលិតករ។ ប៉ុន្តែនៅក្នុងជំនួបកាលពីល្ងាចថ្ងៃទី៨ វិច្ឆិកា លោកអះអាងថាបើទោះជាមានការពន្យារពេលកំណត់ពន្ធរហូតដល់១០ឆ្នាំទៀតតាមការស្នើសុំរបស់ផលិតករនោះក៏ដោយ ក៏លោកនៅតែប្រកាន់ជំហរនឹងថានឹងដកខ្លួនមួយរយៈពីការផលិតកុនដដែល។
លោក រ៉ូណាន់ បានថ្លែងគួរឲ្យភ្ញាក់ផ្អើលក្នុងពិធីសម្ពោធរឿង«សរសរកន្លោង»នៅចំពោះមុខតារាសិល្បៈ និងមហាជនយ៉ាងកុះករថា ក្រោយបញ្ចប់ការដាក់បញ្ចាំងរឿង«សរសរកន្លោង»នេះទៅ លោកអត់មានគម្រោងផលិតរឿងជាលើកទី៣ទៀតទេ ដោយលោកបានហៅភាពយន្តដែលបានប្រកាសបញ្ចាំងកាលពីថ្ងៃទី៩ វិច្ឆិកានោះថា ជារឿងចុងក្រោយសម្រាប់ផលិតកម្មឥន្ទ្រានិមិត្តនោះផង។
លោកអះអាងថាហេតុផលដែលលោកសម្រេចចិត្តលាឈប់គឺដោយសារតែលោក នឿយណាស់ និងមានសម្ពាធផ្លូវចិត្តពិបាកទ្រាំ ជាពិសេសទម្រាំតែអាចផលិតបានមួយរឿងៗគឺបង្កឲ្យលោកស្មុគស្មាញយ៉ាងខ្លាំងក្នុងការរៀបចំ។
លោកថាការសម្រេចចិត្តលាឈប់មិនមែនដោយសារតែលោកមិនពេញចិត្តនឹងចំណាត់ការកំណត់ពន្ធថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ ប៉ុន្តែគឺដោយសារតែលោកមានបំណងចង់បង្កើតមុខរបរមួយថ្មី ពាក់ព័ន្ធនឹងការបើកហាងកាហ្វេ និងមុខរបរជួញដូរផ្សេងទៀតដែលលោកនិយាយដោយផ្ទាល់មាត់ថា បើទោះជាមុខរបរថ្មីនោះ មិនអាចទទួលបានប្រាក់ចំណូលបានខ្ពស់ដូចគ្នានឹងការផលិតរឿង ក៏មិនធ្វើឲ្យលោកមានអារម្មណ៍នឿយណាយនោះឡើយ។
លោកថាក្នុងមួយឆ្នាំផលិតបានតែមួយរឿងប៉ុណ្ណោះ ហើយបើទោះជាទទួលបានផលចំណេញក្នុងមួយរឿងប្រមាណជាង១០ម៉ឺនដុល្លារ ក៏ចំណូលទាំងនោះមិនច្រើនប៉ុន្មានទេ ដោយសារតែត្រូវចែកគ្នាជាហ៊ុន និងត្រូវខាតបង់ការងារផ្សេងៗច្រើនណាស់ ជាពិសេសគឺហត់ចិត្តក្នុងពេលផលិតរឿងម្ដងៗតែម្ដង ទើបលោកសម្រេចចិត្តដកខ្លួនដោយគ្មានពេលផលិត។
លោកមិនដឹងក្រោយការដកខ្លួនតើផលិតកម្មឥន្ទ្រានិមិត្តរបស់បងស្រីនឹងត្រូវបិទទ្វារ ឬត្រូវជ្រើសអ្នកដឹកនាំរឿងជំនួសនោះទេ ប៉ុន្តែបើតាមលោកដឹងគឺបងស្រីរបស់លោកអាចនឹងផ្អាកស្របគ្នា ដើម្បីកុំឲ្យការផលិតរឿងក្រោយធ្វើឲ្យមានការធ្លាក់ដៃ។
យ៉ាងណាមិញលោកថាខ្លួននឹងត្រឡប់មកវិញ ក្រោយពីលោកសម្រាកការនឿយចិត្តបានមួយរយៈក្រោយពេលផ្អាកផលិតកុន ដោយលោកបានហៅការត្រឡប់របស់ខ្លួនថាវាអាចយូរ ឬឆាប់អាស្រ័យលើការងារមុខជំនួញថ្មីរបស់លោកអាចដកខ្លួនបានឬអត់ និងពាក់ព័ន្ធនឹងអារម្មណ៍របស់លោកតែម្ដង។
មតិយោបល់